អ្នក​ភូមិ​៨៨​គ្រួសារ​តវ៉ា​ប្រឆាំង​នឹង​ផែនការ​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន

ប្រជាកសិករ​៨៨​គ្រួសារ​នៅ​ក្នុង​ភូមិ​ចំនួន​៥ នៅ​ក្នុង​ខេត្ត​កណ្តាល​និង​ខេត្ត​កំពង់ស្ពឺ នៅ​ថៃ្ង​១២ មីនា​នេះ បាន​ងើប​តវ៉ា​និង​ការពារ​ដីធ្លី​កសិកម្ម​របស់​ខ្លួន មិន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចិន​មួយ ដែល​មាន​ផែនការ​ចុះ​ឈូស​ឆាយ​ដីធ្លី​និង​រុះរើ​ផ្ទះ​សម្បែង​របស់​​ពួកគាត់​នៅ​ថៃ្ង​ទី​១៨ ខែ​មីនា សប្តាហ៍​ក្រោយ​នេះ។

0:00 / 0:00

ក្រុមហ៊ុន​របស់​ចិន​នោះ​មាន​ឈ្មោះ ម៉េង កេត មាន​ផែនការ​ដាំ​ដើម​ប្រេង​ខ្យល់​នៅ​លើ​ផៃ្ទ​ដី​កសិកម្ម​ចំនួន​២២៣​ហិកតា ដែល​ពលរដ្ឋ​អះអាង​ថា នឹង​ប៉ះពាល់​ដីធ្លី​កសិកម្ម​ចំនួន​៦៥​ហិកតា​របស់​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ចំនួន​៨៨​គ្រួសារ។

ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ​ដែល​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹប​យក​ដីធ្លី​សប្តាហ៍​ក្រោយ​នេះ មាន​ភូមិ​អង្គតាសិត ភូមិ​ទួលសេរី ភូមិ​គោល នៅ​ក្នុង​ខេត្ត​កណ្តាល និង​ភូមិ​ពោធិ៍ ភូមិ​ភ្នំតូច នៅ​ក្នុង​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។

ប្រជាពលរដ្ឋ​តំណាង​ឲ្យ​៨៨​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​អង្គតាសិត ឃុំ​ទួលព្រេច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កំពុង​តែ​តវ៉ា​នៅ​លើ​ដីធ្លី​កសិកម្ម បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​មក​ថា ៖ «សុំ​តវ៉ា​រឿង​សាលដីកា​របស់​តុលាការ​កំពូល​ដែល​កាត់​ឲ្យ​គាត់​ចាញ់ក្ដី​ដោយ​អយុត្តិធម៌ ដែល​ជន​ជាតិ​ចិន​ធ្វើ​ប្លង់​រំលោភ​យក​ដែល​គាត់​មិន​បាន​លក់​នេះ ហើយ​ដែល​គេ​កាត់​ឲ្យ​ប្រជាពលរដ្ឋ​ចាញ់​ទៅ​វិញ។ គេ​កាត់​ក្ដី​ឲ្យ​ចាញ់​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៩»

សុខ សេរី ៖ តើ​ភាគី​ខាង​ណា​ដែល​ជា​អ្នក​រឹប​យក​ដី? តំណាង​ពលរដ្ឋ ៖ ក្រុមហ៊ុន​ជនជាតិ​ចិន​តៃវ៉ាន់។ សុខ សេរី ៖ តើ​លោក​តវ៉ា​យ៉ាង​ម៉េច? តំណាង​ពលរដ្ឋ ៖ ខ្ញុំ​តវ៉ា​មិន​យល់ព្រម​នឹង​សាលដីកា​ដែល​មិន​យុត្តិធម៌។ ខ្ញុំ​ចង់​បាន​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ទាំង​អស់​ហ្នឹង​មក​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត​ទៅ​អនាគត​វិញ។

ប្រជាពលរដ្ឋ​ឈ្មោះ សាន មាន អាយុ​៣៦​ឆ្នាំ នៅ​ក្នុង​ភូមិ​ពោធិ៍ ឃុំ​ដំណាក់រាំង ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ បាន​ថែ្លង​ថា ៖ «តវ៉ា​រឿង​ដី​ស្រែ​របស់​ខ្ញុំ ដី​ស្រែ​ប្រជាជន​ចំនួន​៨៨​គ្រួសារ។ សម្រាប់​ដីខ្ញុំ​ផ្ទាល់​តែម្ដង​ប្រហែល​ជា​១​ហិកតា​ជាង»

មេ​ប៉ុស្តិ៍​នគរបាល​នៅ​ក្នុង​ឃុំ​ភ្នំតូច ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​តែ​រក្សា​សន្តិសុខ​នៅ​កន្លែង​តវ៉ា​នោះ​បាន​មាន​ប្រសាសន៍​ថា ៖ «ថ្ងៃ​ហ្នឹង​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ គ្រាន់​តែ​តវ៉ា​ប្រតិកម្ម​នៅ​កន្លែង​ដី​របស់គាត់​ហ្នឹង»

មេ​ឃុំ​ភ្នំតូច ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ លោក យិន គឿង បាន​មាន​ប្រសាសន៍​ថា រឿង​នេះ​ហួស​ពី​សមត្ថកិច្ច​របស់​លោក​ក្នុង​ការ​ដោះស្រាយ ៖ «ឥឡូវ​ហ្នឹង​កំពុង​តែ​ទប់​ស្កាត់​ដែរ ប៉ុន្តែ​មិន​ដឹង​យ៉ាង​ម៉េច​យើង​មិន​ទាន់​ដឹង​ទេ។ រឿង​ហ្នឹង​គេ​ប្ដឹង​ទៅ​តុលាការ​ប៉ុន្មាន​ឆ្នាំ​ហើយ ទៅ​មកៗ​អត់​ឈប់​សោះ»

ក្រុម​អ្នក​តវ៉ា​បាន​សន្យា​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​ទៀត​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចុះ​មក​ឈូស​ឆាយ​ដី​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា សប្តាហ៍​ក្រោយ​នេះ។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ម៉េង កេត ដើម្បី​សុំ​ការ​ពន្យល់​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា​នេះ៕