ប្រជាពលរដ្ឋខ្មែរ ៨នាក់ ដែលត្រូវមេខ្យល់បោកយកទៅលក់ពលកម្មនៅលើកោះសាង៉ាន់ ក្នុងខេត្តសុរ៉ាត់ថានី ប្រទេសថៃ កាលពីខែសីហា កន្លងទៅ ត្រូវបានស្ថានទូតខ្មែររកឃើញ និងកំពុងជួយសង្គ្រោះ។
បុរសឈ្មោះ ស្ងួន ញឿន ជាប្រជាពលរដ្ឋនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ពីកោះសាង៉ាន់ ក្នុងខេត្តសុរ៉ាត់ថានី ប្រទេសថៃ មកថា ប្រជាពលរដ្ឋខ្មែរ ៨នាក់ ដែលក្នុងនោះមានកុមារ ២នាក់ផង ត្រូវបានតម្រួតថៃ នៅលើកោះសាង៉ាន់ កំពុងសាកសួរ និងធ្វើកំណត់ហេតុមុននឹងប្រគល់ពួកគាត់មកឲ្យស្ថានទូតខ្មែរប្រចាំប្រទេសថៃ។
លោក ស្ងួន ញឿន ក៏បានឲ្យដឹងដែរថា កាលពីចុងសប្ដាហ៍មុន ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានទាក់ទងមកក្រុមលោក រួចបន្ទាប់មកក៏ឃើញតម្រួតថៃ ហៅមកធ្វើកំណត់ហេតុ៖ «តម្រួតថៃ គេបានយកពួកខ្ញុំមកកាន់ទីស្នាក់ការគេ ដើម្បីសាកសួរបួនប្រាំថ្ងៃហើយ។ គេថា ថ្ងៃនេះគេនឹងបញ្ជូនពួកខ្ញុំទៅឲ្យខាងខ្មែរ។ ប៉ុន្មានថ្ងៃមុនខ្ញុំបានទទួលលិខិតមួយពីស្ថានទូតជាភាសាថៃ និងអង់គ្លេស តែខ្ញុំមិនចេះអាន មិនដឹងគេថា ម៉េចទេ។ បន្ទាប់មកខាងតម្រួតថៃ ក៏ដឹកពួកខ្ញុំមកទីនេះធ្វើកំណត់ហេតុ។ គេប្រាប់ថា គេនឹងបញ្ជូនពួកខ្ញុំទៅស្រុកខ្មែរវិញ»។
កាលពីខែសីហា កន្លងទៅ ប្រជាពលរដ្ឋខ្មែរ ៨នាក់ ដែលក្នុងនោះមានកុមារ ២នាក់ផង ត្រូវបានមេខ្យល់បោកប្រាស់ដោយលក់ពួកគាត់ឲ្យមកធ្វើការងារពលកម្មធ្ងន់ធ្ងរ និងពុំឲ្យប្រាក់កម្រៃពលកម្មធ្វើឲ្យពួកគាត់រងទុក្ខលំបាក ខ្វះស្បៀងអាហារបរិភោគ និងរងការគំរាមកំហែងដល់អាយុជីវិតពីក្រុមក្មេងពាលប្រើគ្រឿងញៀនជាជនជាតិថៃ ដែលរស់នៅលើកោះនេះអស់រយៈពេល ៣ខែមកហើយ។
លោក កុយ គួង ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស។ លោកមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ថា បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្រសួងការបរទេសក៏បានទាក់ទងឲ្យស្ថានទូតខ្មែរប្រចាំប្រទេសថៃ ធ្វើការស្វែងរកដើម្បីសង្គ្រោះប្រជាពលរដ្ឋខ្មែរទាំងនោះឲ្យវិលត្រឡប់មកមាតុប្រទេសវិញ។ ទីបំផុតក៏បានជួប និងកំពុងជួយសង្គ្រោះ។
លោក កុង គួង បន្ថែមដូច្នេះ៖ «រឿងនេះគឺគេមានដំណាក់ៗរបស់គេ ហើយគេក៏អនុវត្តតាមច្បាប់ផ្ទៃក្នុងរបស់គេដែរ។ តែខាងយើង គឺកំពុងព្យាយាមទំនាក់ទំនងជាប់ជាប្រចាំជាមួយខាងថៃ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងឆាប់បានវិលត្រឡប់មកវិញ។ យើងមិនទុកឲ្យប្រជាពលរដ្ឋយើងរងទុក្ខវេទនានៅស្រុកគេទេ នៅពេលយើងបានដឹងថា ពួកគាត់នៅទីណានោះ»។
ប្រជាពលរដ្ឋខ្មែរទាំង ៨នាក់ ដែលកំពុងជាប់នៅលើកោះសាង៉ាន់ នៃប្រទេសថៃ នេះ រួមមានឈ្មោះ ឡៃ វិឆាត និងឈ្មោះ សម ស៊ីថា។ បុរសទាំង ២រូបនេះ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។រីឯ ៦នាក់ទៀត មានស្រុកកំណើតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានឈ្មោះ ស្ងួន ញឿន ឈ្មោះ ផន សេង ភេទប្រុស។ ឈ្មោះ អ៊ុំ សុភី និងឈ្មោះ ខេង ជាស្ត្រី។ ឯ២នាក់ទៀត ជាកុមារម្នាក់អាយុ ៦ឆ្នាំ និងម្នាក់ទៀតអាយុ ៣ឆ្នាំ។
របាយការណ៍របស់អង្គការខារ៉ាម កម្ពុជា បានបង្ហាញថា ពលករចំណាកស្រុកទៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់មានប្រមាណជាង ២សែននាក់៕
កម្មកររោងចក្រអេស.អិលប្រមាណ៣ពាន់នាក់បន្តធ្វើកូដកម្ម
ដើមបណ្ដឹងក្នុងរឿងលោក ឈូក បណ្ឌិត ចូលបំភ្លឺនៅតុលាការ
កម្មករប្រមាណ៣ពាន់នាក់នៅខេត្តកណ្ដាលធ្វើកូដកម្ម
មន្ត្រីក្រសួងការងារអាស៊ានបូក៣ រកវិធានការជួយពលករចំណាកស្រុក
ពលការិនីខ្មែរម្នាក់នៅប្រទេសម៉ាឡេស៊ីកំពុងរងគ្រោះ
មនុស្សជិត៧ពាន់នាក់ចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ
ពលរដ្ឋខ្មែរស្វែងរកការងារធ្វើនៅប្រទេសថៃកាន់តែច្រើន
អាជ្ញាធរខេត្តព្រះសីហនុ មិនឲ្យកម្មករជួបជុំគ្នាអបអរទិវាពលកម្មអន្តរជាតិ
សហជីពប្រតិកម្មទៅនឹងគម្រោងស្នើសុំឲ្យបញ្ឈប់កម្មករធ្វើបាតុកម្ម
មតិ
Click here to add your own comment