សកម្មជនការពារព្រៃឈើចំនួន៨នាក់នៃអង្គការឃ្លាំមើលនិងការពារសម្បតិ្តធនធានធម្មជាតិនៅកម្ពុជា ត្រូវបានតុលាការខេត្តកំពង់ស្ពឺ បានកោះហៅឲ្យទៅឆ្លើយបំភ្លឺជាបន្តបន្ទាប់គ្នានៅថៃ្ង២៧ និងថៃ្ង២៨ មករាឆាប់ៗនេះ ក្រោមបទចោទប្រកាន់ថា បានកាប់រានព្រៃឈើខុសច្បាប់ ជំរិតទារប្រាក់ពីឈ្មួញរកស៊ីជួញដូរឈើខុសច្បាប់និងបទរំលោភដែនការពារព្រៃឈើរបស់ក្រសួងបរិស្ថាន។
សកម្មជនចំនួន៨នាក់នោះមានឈ្មោះ គុយ សំអាង, ទ្បោះ វិត, ហឹម រិទ្ធ, រស់ ឆែម, សម សារិទ្ធ, ឈន សាម៉ាឌី, ភី ចាន់ឌី និងឈ្មោះ សុខ រដ្ឋា។ ដើមបណ្ដឹងនៃសំណុំរឿងនេះ គឺលោក ឈុន ជាហេង ដែលជាប្រធាននៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល ខេត្តកំពង់ស្ពឺ។
លោក ជា ហ៊ាន ជាប្រធាននៃអង្គការឃ្លាំមើលនិងការពារសម្បតិ្តធនធានធម្មជាតិ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ករណីចោទប្រកាន់របស់មន្រ្តីឧទ្យានុរក្សហ្នឹង គឺជាការប្រឌិតរឿង»។
សកម្មជនការពារព្រៃឈើម្នាក់នៅក្នុងចំណោម៨នាក់ ដែលកំពុងរងការកោះហៅឲ្យទៅឆ្លើយបំភ្លឺនៅតុលាការខេត្តកំពង់ស្ពឺ នៅថៃ្ងពុធ ទី២៧ ខែមករានេះ បានថែ្លងថា លោកមានការព្រួយបារម្ភអំពីចាប់ឃុំខ្លួនក្រោយពីការសាកសួរនោះ ៖ «ព្រួយបារម្ភពីរឿងដែលខ្ញុំមិនបានធ្វើហើយមានដីកាកោះអ៊ីចឹង។ ខ្ញុំព្រួយបារម្ភខ្លាចគេធ្វើអ្វីមិនគប្បីមកលើរូបខ្ញុំ។ ...គេចោទពីបទទន្រ្ទានកាប់ព្រៃយកដីចូលដែនសមត្ថកិច្ចនិងបទជំរិតទារប្រាក់។ ខ្ញុំអត់ដែលបានប្រព្រឹត្តដូចការចោទនោះទេ ធ្លាប់ចូលជាមួយព្រះរាជអាជ្ញាម្ដង ហើយចូលលើកក្រោយនេះ គ្រាន់តែចូលដល់ភូមិគេ គេដកហូតម៉ូតូ៤គ្រឿង»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងព្រះរាជអាជ្ញារងនៃតុលាការខេត្តកំពង់ស្ពឺ លោក មុត ដារ៉ា បានទេនៅថៃ្ងអង្គារ ២៦ មករានេះ ដើម្បីបញ្ជាក់ថា តើនឹងមានការចាប់ឃុំខ្លួនឬយ៉ាងណានៅជុំវិញសំណុំរឿងនោះ ដោយលោកកំពុងតែជាប់រវល់នៅក្នុងសវនាការ ប៉ុន្តែក្រទ្បាបញ្ជីរបស់លោកបានមានប្រសាសន៍ថា លោកមិនច្បាស់ទេអំពីការចាប់ឃាត់ខ្លួនឬក៏អត់ទេក្រោយពីការសាកសួររួចហើយនោះ ៖ «អត់ទាន់ដឹងថាម៉េចទេ គ្រាន់តែហៅមកសួរចម្លើយឲ្យដឹងថាម៉េចៗសិន»។
លោក ជា ហ៊ាន ប្រធានអង្គការឃ្លាំមើលនិងការពារសម្បតិ្តធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា និងសកម្មជនចំនួន៨នាក់នោះបានរងការប្តឹងដូចគ្នា ដោយលោក ឈុន ជាហេង ប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្តឹងពួកគាត់ទៅតុលាការក្រុងភ្នំពេញ ប៉ុន្តែតុលាការនេះបានបង្វិលសំណុំរឿងនោះឲ្យទៅតុលាការខេត្តកំពង់ស្ពឺជាអ្នកចាត់ការវិញ។
ការប្តឹងនោះបានធ្វើទ្បើងកាលពីថៃ្ងទី១២ ខែមករា ឆ្នាំ២០០៩ ក្រោយពីលោក ជា ហ៊ាន និងសកម្មជនរបស់លោកបានចូលទៅស៊ើបអង្កេតនិងតាមដានអំពើកាប់រានព្រៃឈើខុសច្បាប់និងដឹកឈើខុសច្បាប់នៅតំបន់នោះ កាលពីថៃ្ងទី១៥ ខែកញ្ញា ឆ្នាំ២០០៨កន្លងទៅ ដែលលោក ជា ហ៊ាន បានអះអាងថា ព្រៃឈើចំនួន៣.០០០ហិកតាបានរងការកាប់រានដើម្បីចាប់យកដីធ្លីនៅទីនោះ៕
