កម្មករខ្មែរទាំង៨នាក់នោះ ទៅពីខេត្តបាត់ដំបង ត្រូវបានគេដឹងថា បាត់ខ្លួននៅបន្ទាប់ពីពេលដែលតម្រួតថៃចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា កន្លងមកនេះ។
លោក រៀម កុសល ដែលជាកម្មករម្នាក់ក្នុងចំណោមកម្មករជាច្រើន ដែលកំពុងបម្រើការងារសំណង់នៅក្នុងប្រទេសថៃ បានអះអាងថា ការចាប់ខ្លួននោះកើតមានឡើងដោយសារកម្មករទាំង៨នាក់ បដិសេធមិនព្រមចុះធ្វើការដោយរងការបង្ខំពីសំណាក់ក្រុមហ៊ុនថៃមួយ ឈ្មោះ ATM Construction នៅខេត្តនន្ទថាក់ប៊ូរី ហើយកម្មករខ្មែរទាំងនោះនាំគ្នាដើរចេញពីក្រុមហ៊ុនសំណង់ថៃ ដើម្បីនឹងវិលទៅស្រុកខ្លួនវិញ។
លោក រៀម កុសល ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា មេខ្យល់ពីស្រុកខ្មែរជាអ្នកដែលនាំកម្មករឲ្យទៅធ្វើការនោះបានព្រមានបង្ខំឲ្យកម្មករទាំងនោះ ត្រូវតែធ្វើការឲ្យក្រុមហ៊ុនសំណង់ថៃ ៖ «ពួកគេទារទៅផ្ទះវិញ ក៏ទូរស័ព្ទទៅបង លី ដល់ទូរស័ព្ទទៅបង លី គាត់ថា ចង់ទៅក៏ទៅៗ ប៉ុន្តែមុននឹងគាត់និយាយអ៊ីចឹង គាត់បានគំរាមអ្នកទាំង៨នាក់នោះថា អ្ហែងចង់ជាប់គុកឬ?...»។
ប្រភពដដែលបានបញ្ជាក់ថា កម្មករទាំង៨នាក់នោះមាននាមខ្លួនគឺឈ្មោះ ចាន់, ពេទ្យ, សម្បត្តិ, លីន, ង៉ោល, តាន់, ឃីម និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ទៅពីស្រុកមោងឫស្សី ខេត្តបាត់ដំបង។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចសុំការបញ្ជាក់ពីតម្រួតថៃនៅមជ្ឈមណ្ឌលឃុំឃាំងសួនភ្លួ និងអ្នកគ្រប់គ្រងក្រុមហ៊ុនថៃនោះអំពីវត្តមានរបស់កម្មករខ្មែរទាំង៨នាក់នោះបាននៅឡើយទេ នៅថ្ងៃពុធនេះ។
ប៉ុន្តែបុរសឈ្មោះ លី ដែលរងការចោទថា ជាមេខ្យល់អ្នកនាំកម្មករទាំងនោះឲ្យទៅធ្វើការឲ្យក្រុមហ៊ុនសំណង់ថៃនោះ បានបដិសេធថា លោកពុំបាននាំកម្មករទាំងនោះទៅទេ ប៉ុន្តែលោកថា ពួកគេបានវិលត្រឡប់ទៅដល់ផ្ទះវិញទាំងអស់គ្នាហើយពេលនេះ ៖ «ខ្ញុំសួរពួកហ្នឹង ថា ពួកគេបានទៅដល់ផ្ទះអស់ហើយ។ ព្រឹកមិញហ្នឹង មានគ្នាពួកវានៅស្រុកជាមួយវាប៉ុន្មាននាក់ទៀតទៅស្រុកវិញដែរ។ ស្របច្បាប់ ប៉ុន្តែភាគច្រើនវារត់ទៅ ព្រោះលិខិតឆ្លងដែន ថៅកែជាអ្នកទុក ព្រោះកន្លែងហ្នឹងវារត់ច្រើនណាស់ ដូចថា វាមកអ៊ីចឹងបាន៤-៥ថ្ងៃវារត់ទៅវិញ»។
ពុំទាន់មានប្រភពឯករាជ្យណា អះអាងនៅថ្ងៃនេះថា កម្មករខ្មែរទាំង៨នាក់នោះពិតជាមានសុវត្ថិភាពដូច្នោះមែន ឬក៏យ៉ាងណានៅឡើយទេ៕
