មនុស្ស​ជាង​៩០០​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈ​ពេល​៥​ខែ

អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ៥​ខែ ដើម​ឆ្នាំ​២០១២ មាន​ជាង ២.០០០​ករណី និង​សម្លាប់​មនុស្ស​ជាង ៩០០​នាក់។ មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ចំនួន​​​គ្រោះថ្នាក់​នេះ បណ្ដាល​មក​ពី​កត្តា​មនុស្ស​បើក​បរ​​លើស​ល្បឿន​ច្បាប់​បាន​​កំណត់។

0:00 / 0:00

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ព្រាប ច័ន្ទវិបុល បាន​ឲ្យ​ដឹង​នៅថ្ងៃទី១១ ខែមិថុនាថា ៥ខែដើមឆ្នាំ​២០១២​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​នេះ​បាន​ថយ​ចុះ​តិចតួច បើ​ប្រៀបធៀប ៥​ខែ ឆ្នាំ​២០១១។

លោក​បន្ត​ថា ទោះ​បី​ករណី​គ្រោះថ្នាក់ និង​អត្រា​អ្នក​ស្លាប់​បាន​ថយ​ចុះ ក៏​ប៉ុន្តែ​នៅ​តែ​មាន​ការ​​ទាមទារ​​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​គោរព​ច្បាប់​ឲ្យ​បាន​ទាំង​អស់​គ្នា។ លោក​បញ្ជាក់​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង ៥០​ភាគរយ បណ្ដាល​មក​ពី​អ្នក​បើកបរ​មាន​ល្បឿន​លឿន និង​មិន​គោរព​សិទ្ធិ​អាទិភាព​ជាដើម។

​​ទាក់ទង​បញ្ហា​នេះ លោក វន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​អត្រា​​​គ្រោះថ្នាក់​​ចរាចរណ៍​មិន​ទាន់​ថយ​ចុះ​ទេ ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រក​ឲ្យ​ឃើញ​មូលហេតុ​ពិត ​នាំ​ឲ្យ​កើត​មាន​​គ្រោះថ្នាក់​ចរាចរណ៍​ និង​មាន​វិធានការ​ទប់​ស្កាត់។

លោក​ស្នើ​ឲ្យ​​​ស្ថាប័ន​ជំនាញ មាន​ដូច​ជា​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ជា​ដើម ត្រូវ​​​​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​មាន​ប្រសិទ្ធភាព។

មន្ត្រី​អង្គការ​ជន​ពិការ​អន្តរជាតិ បែលហ្ស៊ិក លោក សែម បញ្ញាវុឌ្ឍ បាន​រក​ឃើញ​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​​​​ចំនួន​អ្នក​ស្លាប់​មិន​ទាន់​មាន​សញ្ញា​ថយ​ចុះ​ទេ ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ពី​ទិន្នន័យ​ច្បាស់លាស់​ទេ។

ទោះ​យ៉ាង​ណា លោក បញ្ញាវុឌ្ឍ ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អាយុ​ជីវិត​បង្ក​ដោយ​រថយន្ត​ បាន​កើន​ជាង ១០០​នាក់ គិត​ចាប់​ពី​ឆ្នាំ​២០០៩ មក​ដល់​ឆ្នាំ​២០១១។ លោក​ឲ្យ​ដឹង​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​មាន​នៅ​កម្ពុជា បណ្ដាល​មក​ពី​កត្តា​មនុស្ស​មិន​មែន​កត្តា​ធម្មជាតិ​នោះ​ទេ។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​​បង្កើត​ផែនការ​សកម្មភាព​ជាតិ សុវត្ថិភាព​ចរាចរណ៍​រយៈ​ពេល ១០​ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ​២០១១-​២០២០ ដើម្បី​​កាត់​បន្ថយ​អត្រា​ស្លាប់ និង​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​​ធ្លាក់​មក​ត្រឹម ៥០​ភាគរយ នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​អត្រា​ស្លាប់​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។