លោក ទៀ បាញ់៖ ការ​បាញ់​សាក​ល្បង​កាំភ្លើង​ធំ​១០៥​ម.ម ​ទទួល​បាន​ជោគជ័យ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២៥ ខែ​មករា បាន​ប្រកាស​ថា ការ​បាញ់​សាក​ល្បង​កាំភ្លើង​ធំ ១០៥​មម ចំនួន ១០១​គ្រាប់ ទទួល​បាន​ជោគជ័យ​នៅ​ទីលាន​យោធា​កង​ពល​តូច​ពិសេស​ឆ័ត្រ​យោង​៩១១ នៅ​ជាយ​រាជធានី​ភ្នំពេញ។

0:00 / 0:00

ពិធី​បាញ់​សាក​ល្បង​នេះ បាន​ចូល​រួម​ជា​អធិបតី​ដោយ​មន្ត្រី​យោធា​ជាន់​ខ្ពស់ ព្រម​ទាំង​កងទ័ព​សរុប​ជាង ១០០​នាក់ ក្នុង​នោះ​មាន​មន្ត្រី​យោធា​ជាន់​ខ្ពស់​វៀតណាម មក​ចូល​រួម​ដែរ។

ស្នូរ​គ្រាប់​កាំភ្លើង​ធំ​ប្រភេទ ១០៥​មម ចំនួន ១០១​ណាត់ ឬ ១០១​គ្រាប់​នេះ ត្រូវ​បាន​បាញ់​សាក​ល្បង​ចេញ​ពី ១៤​កាណុង​បន្ត​បន្ទាប់​គ្នា​នៅ​មុន​ពេល​ការ​បាញ់​ជា​ផ្លូវការ ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ និង​បាញ់​ក្នុង​ឱកាស​នៃ​ព្រះ​រាជ​ពិធី​តម្កល់​ព្រះបរមសព និង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ខាង​មុខ​នេះ។

ប្រភេទ​គ្រាប់​កាំភ្លើង​ធំ ១០៥​មម ដែល​យក​មក​បាញ់​នេះ ត្រូវ​បាន​ផ្តល់​ជូន​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដោយ​ភាគី​វៀតណាម ជាច្រើន​រយ​គ្រាប់ តាម​សំណើ​របស់​ភាគី​កម្ពុជា កន្លង​មក។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឱកាស​នៃ​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះបរមសព និង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​នេះ នឹង​ប្រព្រឹត្ត​ដោយ​អធិកអធម​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា៖ «នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ នេះ វា​មាន​ក្នុង​មួយ​ថ្ងៃ​បាញ់​ដល់ ២​លើក។ លើក​ទី១ នៅ​លើក​ដំបូង​នៅ​ពេល​ចាប់​ផ្ដើម​ចេញ​ដង្ហែ និង​លើក​ទី២ នៅ​ពេល​ដែល​ព្រះបរមសព គឺ​ត្រូវ​បាន​យើង​យក​ទៅ​តម្កល់​នៅ​ព្រះ​វាល​មេរុ នោះ​ឯង គឺ​រំលឹក​ទុក​ជា​មុន​ទេ គឺ​ធ្វើ​ម៉េច​ការ​សហការ​ក្នុង​ការ​រៀបចំ​ឲ្យ​ច្បាស់​នៅ​ត្រង់​ពេល​វេលា​ប៉ុណ្ណឹង។ ពេល​វេលា​ដែល​យើង​ត្រូវ​បាញ់ ដូច្នេះ​រៀបចំ​ហ្នឹង គឺ​សហការ​ឲ្យ​បាន​ច្បាស់​លាស់»

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិសាស្ត្រ​កម្ពុជា លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា លោក​កត់ត្រា​នូវ​ព្រឹត្តិការណ៍​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​នេះ ពីព្រោះ​លោក​ធ្លាប់​បាន​កត់ត្រា​ប្រវត្តិសាស្ត្រ​អំពី​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ កន្លង​មក៖ «រឿង​ព្រះករុណា ព្រះអង្គ​បាន​ចេញ​ពី​ព្រះរាជបល័្លង្ក​ហើយ ព្រះអង្គ​បាន​ចេញ​ហើយ ព្រះអង្គ​អត់​បាន​គ្រង​រាជ​ទេ។ ប៉ុន្តែ​ដោយ​សារ​តែ​វីរភាព​របស់​ព្រះអង្គ​ហ្នឹង ដែល​រាជ​រដ្ឋាភិបាល​លោក​ដក់​ជាប់ ឬ​ប្រជាជន​កម្ពុជា លោក​ដក់​ជាប់​ហ្នឹង​ទុក​លោក​នៅ​ជា​ប្រមុខ​រដ្ឋ​ដដែល អីចឹង​ទេ​ការ​បាញ់​បែប​ហ្នឹង មាន​តែ​ប្រមុខ​រដ្ឋ​ទេ»

គេ​បាន​រំពឹង​ថា ប្រជាពលរដ្ឋ​រាប់​សិប​ម៉ឺន​នាក់ ឬ​ជាង ១​លាន​នាក់ នឹង​មក​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរមសព និង​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​នេះ។

ជាមួយ​គ្នា​នេះ ក្រសួង​មហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គ្រោង​ប្រើប្រាស់​កង​កម្លាំង​ចំនួន​ជាង ១​ម៉ឺន​នាក់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​នៃ​ព្រះរាជ​ពិធី​ទាំង​នោះ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។