ពលរដ្ឋ​នៅ​ខែត្រ​បាត់ដំបង​ទាមទារ​ឲ្យ​មេ​ភូមិ​លា​ឈប់​ពី​តំណែង

អ្នក​ភូមិ​អូរដា ឃុំ​ចក្រី ស្រុក​កំរៀង ខែត្រ​បាត់ដំបង បាន​ទាមទារ​ឲ្យ​មេ​ភូមិ​អូរដា​លា​ឈប់​ពី​តំណែង ហើយ​ស្នើ​ឲ្យ​រក​មេ​ភូមិ​ថ្មី​មក​ជំនួស​វិញ។

0:00 / 0:00

ប្រតិកម្ម​ដ៏​កម្រ​របស់​អ្នក​ភូមិ​បាន​ធ្វើ​ឡើង​ដោយ​សំអាង​ថា មេ​ភូមិ​អូរដា​បាន​ជំរិត​ទារ​លុយ​ពី​ការធ្វើ​លិខិត​ស្នាម​ការយក​ភាគរយ​ក្នុង​ការលក់​ដី​និង​ការរ៉ៃ​អង្គាស​លុយ​ពី​អ្នក​ភូមិ​នៅ​ក្នុង​មូលដ្ឋាន។

លោក សឹង ហៀង តំណាង​ប្រជាពលរដ្ឋ​បាន​ថ្លែង​ថា អ្នក​ភូមិ​ចំនួន​៥៣១​នាក់​បាន​នាំ​គ្នា​ផ្តិត​មេ​ដៃ​ធ្វើ​ពាក្យ​ប្តឹង​ទៅ​សាលា​ឃុំ​ចក្រី សាលា​ស្រុក​ភ្នំព្រឹក ដើម្បី​ឲ្យ​មាន​ការដោះស្រាយ​តាម​ឆន្ទៈ​របស់​អ្នក​ភូមិ​ដែល​មិន​ពេញ​ចិត្ត​នឹង​ការដឹកនាំ​របស់​លោក ហេង សារ៉េត ជា​មេ​ភូមិ​អូរដា។

លោក​ថ្លែង​យ៉ាង​ដូចេ្នះ​ថា ៖ «បញ្ហា​ទី​១ ការចុះ​ធ្វើ​អត្រា​នុកូលដ្ឋាន​មេ​ភូមិ​អូរដា​រូប​នេះ គាត់​បាន​បង្គាប់​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​បង់​ឲ្យ​គាត់​ចំនួន​ពី​២៥០០​រៀល​ទៅ​១​ម៉ឺន​រៀល​រហូត​ដល់​១០០​ដុល្លារ។ បញ្ហា​ទី​២ គឺ​ការលក់​ដី​ធ្លី ប្រជាពលរដ្ឋ​មាន​ការលក់​ដី​ធ្លី​ទៅ​ឈ្មួញ​ដែល​គាត់​ចុះ​មក​ទិញ​នោះ មេ​ភូមិ​រូប​នេះ​គាត់​បាន​បង្គាប់​ឲ្យ​យក​៤%​ពី​ប្រជាពលរដ្ឋ។ បញ្ហា​ទី​៣ ប្រជាពលរដ្ឋ​ដែល​គាត់​មក​សុំ​ការរស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​មេ​ភូមិ​អូរដា មេ​ភូមិ​រូប​នេះ​បាន​បង្គាប់​យក​លុយ​ពី​ប្រជាពលរដ្ឋ​ពី​៤​ម៉ឺន​រៀល​ទៅ​៥​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ»

លោក សឹង ហៀង បានប​ន្ត​ថា ៖ «បញ្ហា​ទី​៤​ការធ្វើ​សៀវភៅ​គ្រួសារ គាត់​បាន​បង្គាប់​យក​ពី​ប្រជាពលរដ្ឋ​ពី​៣​ម៉ឺន​៥​ពាន់​ទៅ​៤​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ហើយ​ពេល​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​វិញ​គាត់​យក​២​ពាន់​រៀល​បន្ថែម​លើ​ហ្នឹង​ទៀត ដូច​ជា​អត្តសញ្ញាណប័ណ្ណ​ក៏​២​ពាន់​រៀល​ដែរ»

លោកស្រី មុំ រ៉េត អាយុ​៤៥​ឆ្នាំ​បាន​និយាយ​ថា លោកស្រី​ត្រូវ​បាន​គេ​ជំរិត​ទារ​លុយ​ចំនួន​១០០​ដុល្លារ​ជា​ថ្នូរ​ក្នុង​ការចុះ​ឈ្មោះ​ក្នុង​បញ្ជី​អត្រា​នុគោលដ្ឋាន។

លោកស្រី មុំ រ៉េត បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ធ្វើ​អត្រា​នុគោលដ្ឋាន​យក​១០០​ដុល្លារ គាត់​ថា ថ្នាក់​លើ​ឲ្យ​យក​១០០​ដុល្លារ ខ្ញុំ​៥០​ដុល្លារ​អត់​ព្រម​ទេ ថា​យក​១០០​តែម្ដង ខ្ញុំ​ផ្ទាល់។ ហើយ​ដូច​ប្រជាជន​គ្នា​ចង់​ចុះ​ចូល​ជា​សមាជិក​ក្នុង​ភូមិ​ត្រូវ​យក​ម្នាក់​៥០០​បាត បាន​បាន​ចូល បើ​មិន​បាន​ទេ អត់​ទេ។ គ្នា​ក៏​នៅ​តាម​ចិញ្ចើម​ថ្នល់ សុំ​ផ្ទះ​គេ​ជ្រក​អ៊ីចឹង​ទៅ»

ជាមួយ​គ្នា​នេះ​ដែរ លោក សោ រ៉េន អាយុ​២៩​ឆ្នាំ និង​អ្នក​ភូមិ​អូរដា​ទាំង​នោះ​ស្នើ​ឲ្យ​ដក លោក ហេង សារ៉ត មេ​ភូមិ​អូរដា ចេញ​ពី​តំណែង ៖ «បង​ប្អូន​ទាំងអស់​ចង់​ឲ្យ​ទម្លាក់​ចោល ចង់​ឲ្យ​ផ្លាស់​ប្តូរ​មេ​ភូមិ​ហ្នឹង​ចេញ​បាន​សុខ​ចិត្ត ព្រោះ​អី​គាត់​ធ្វើ​អំពើ​កន្លង​មក​នេះ​ខុស​ឆ្គង​ច្រើន​ណាស់»

ចំណែក​ឯ លោក ហេង សារ៉េត មេ​ភូមិ​អូរដា​បាន​ប្រតិកម្ម​ថា ការចោទ​ប្រកាន់​របស់​អ្នក​ភូមិ​ទៅ​លើ​រូប​លោក​គឺ​មិន​ត្រឹមត្រូវ​ទេ។

លោក​បញ្ជាក់​ថា ៖ «ការពិត​ទៅ ការចោទ​ប្រកាន់​គឺ​ជា​ការខុស​ច្បាប់ ខ្ញុំ​មាន​តួនាទី​អី ទៅ​ធ្វើ​អត្រា​នុកូលដ្ឋាន​យក​លុយ​នោះ? គាត់​ថា ខ្ញុំ​មាន​អំពើ​ពុករលួយ​ហើយ​ខ្ញុំ​ឆ្ងល់​ដែរ​ថា តើ​អំពើ​ពុក​រលួយ​ស្អី​ខ្លះ ឧទារហណ៍​ដូច​គាត់​លើក​ពាក្យ អ្នក​ប្រឆាំង​គេ​លើក​ថា ដូច​ជា​ការយក​ភាគរយ​ក្នុង​លក់​ទិញ​ដី​អី​ជាដើម ហើយ​ការលក់​ទិញ​ដី​យក​ភាគរយ​វា​មិន​មែន​ត្រឹម​អាណត្តិ​នេះ​ណា! តាំង​ពី​ជំនាន់​២០០០ ២០០១ តាំង​ពី​ជំនាន់ លោក ឡ នៅ។ យើង​ទទួល​យក​មែន ប៉ុន្តែ​មិន​មែន​ត្រឹម​តែ​អាណត្តិ​ខ្ញុំ​នេះ​ទេ តាំង​ពី​អើយ​មក​ហើយ»

លោក ហេង សារ៉េត បាន​ចោទ​ប្រកាន់​ក្រុម​អ្នក​ភូមិ​ទាំង​នោះ​វិញ​ថា គឺ​ជា​ពួក​គណបក្ស​ប្រឆាំង​ដែល​ចាំ​តែ​ឆក់​ឱកាស​នៅ​ពេល​រូប​លោក​មាន​កំហុស ៖ «ក្រៅ​ពី​រូប​ហ្នឹង​ទៀត​គេ​ចោទ​ថា ខ្ញុំ​ជា​មេ​ភូមិ​ពុក​រលួយ។ គេ​ថា​ខ្ញុំ​ជា​ឈ្លើង​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ ការ​ពិត​ទៅ​ខ្ញុំ​គ្រាន់តែ​ជម្រាប​អ៊ីចេះ​ថា គេ​ខាង​គណបក្ស​ប្រឆាំង គេ​ឆក់​ឱកាស​នៅ​ពេល​ដែល​យើង​ឆក់​ល្វែង​ពេល​ចែក​អំណោយ​អង្ករ ADB ហ្នឹង គេ​យក​អង្ករ​មក​ឲ្យ​ចែក ខ្ញុំ​ចែក​ទៅ​តាម​គោលការណ៍​របស់​គេ»

ទោះ​ជា​មាន​ការបដិសេធ​ដូច្នេះ​ក្តី លោក អ៊ុន វ៉ាត អាយុ​៥០​ឆ្នាំ​អ្នក​ភូមិ​ម្នាក់​ទៀត​បាន​ថ្លែង​ចោទ​ប្រកាន់​ថា លោក​មេ​ភូមិ​បាន​ទារ​លុយ​ពី​រូប​លោក​យ៉ាង​តិច​ណាស់​ចំនួន​ពីរ​ដង​ទាក់​ទង​ទៅ​នឹង​ការទិញ​ដូរ​ដី​ធ្លី។

លោក អ៊ុន វ៉ាត បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​មក​ទិញ​ដី​នៅ​ក្នុង​ភូមិ​ហ្នឹង គាត់​បាន​បង្គាប់​យក​លុយ​ពី​ខ្ញុំ​៤​ម៉ឺន​៥​ពាន់​រៀល។ ទី​២ គាត់​ឃើញ​ខ្ញុំ​ទិញ​ដី​ហើយ គាត់​បង្កាប់​ឲ្យ​អនុ​ភូមិ​ទៅ​យក​លុយ​ពី​ខ្ញុំ ៣​ម៉ឺន​រៀល​ទៀត ហើយ​ពី​ចំនួន​​ប្រជាពលរដ្ឋ​ដឹក​ពោត សណ្តែក ដឹក​ស្រូវ ក៏​គាត់​យក​តាម​កម្រិត​ដែល​គាត់​ដាក់​ពោត​ស្នូល​៣​បាត សណ្តែក​សៀង​៥​បាត ពោត​គ្រាប់​៥​បាត។ អា​ហ្នឹង​គាត់​ថា គាត់​យកព​ន្ធ​ផ្លូវ គាត់​ថា យក​មក​កសាង​នេះ​កសាង​នោះ​ប៉ុន្តែ​អត់​ឃើញ»

កាលពី​ថ្ងៃ​ទី​៣០ និង ៣១ ខែ​តុលា​កន្លង​ទៅ អ្នក​ភូមិ​ជាង​២០០​នាក់​ក៏​បាន​លើក​គ្នា​ទៅ​ផ្ទះ​លោក ហេង សារ៉េត មេ​ភូមិ​អូរដា​ម្តង​រួច​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​លោក ហេង សារ៉េត លា​ឈប់​ពី​តួនាទី​ជា​មេ​ភូមិ ហើយ​ជំរុញ​ឲ្យ​មាន​ការរើស​មេ​ភូមិ​ថ្មី​មក​ជំនួស​វិញ។ ទោះ​ជា​យ៉ាង​ណា​ការលើក​គ្នា​តវ៉ា​នោះ​មិន​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ឬ​បង្ក​របួស​ស្នាម​អ្វី​ទេ។

លោក សោម ផន មេ​ឃុំ​ចក្រី​ក្នុង​ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា សាលា​ឃុំ​កំពុង​ធ្វើការ​ស្រាវជ្រាវ​ហើយ​បាន​ធ្វើការ​បំភ្លឺ​ចំនួន​បី​ដង​រួច​មក​ហើយ​ជុំវិញ​ករណី​ខាង​លើ​នេះ។ លោក​បន្ត​ថា ករណី​នេះ​គឺ​ជា​រឿង​គំនុំ​រវាង​អ្នក​ភូមិ​និង​ប្រធាន​ភូមិ។

លោក សោម ផន បាន​មាន​ប្រសាសន៍​ថា ៖ «រឿង​នេះ​វា​ជា​បញ្ហា​គំនុំ​ឬ​ក៏​មាន​បញ្ហា​តាំង​ពី​យូរ​មក​ហើយ តិចៗ​អ៊ីចឹង​មក​ដល់​ពេល​មាន​បញ្ហា​ទាក់ទង​នឹង​ការចែក​អង្ករ​វា​ទៅ​ជា​ចលនា​មួយ​ខឹង។ ទី​១ ក្រុម​ប្រឹក្សា​ឃុំ​ខ្ញុំ​បាន​បំភ្លឺ ទី​២ ខ្ញុំ​មេ​ឃុំ​បាន​ចុះ​ទៅ​បំភ្លឺ ហើយ​ទី​៣ ថ្នាក់​ស្រុក​បាន​ចុះ​ទៅ​បំភ្លឺ​បញ្ហា​ហ្នឹង​ដែរ។ ករណី​ហ្នឹង​ថ្នាក់​លើ​បាន​ចុះ​ស្រាវជ្រាវ​អស់​ហើយ ហើយ​ការ​ពិត​ខ្ញុំ​ផ្អែក​លើ​ថ្នាក់​ស្រុក​ដែរ បើ​ស្រុក​គាត់​គិត​ថា ដោះ​ម៉េច​បាន​ស្រួល ខ្ញុំ​ផ្អែក​ទៅ​លើ​ហ្នឹង ឥឡូវ​កំពុង​តែ​ពិភាក្សា​គ្នា»

មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​លោក​អភិបាល​ស្រុក​ភ្នំ​ព្រឹក​ជុំវិញ​បញ្ហា​ខាង​លើ​នេះ​បាន​ទេ ប៉ុន្តែ​លោក សារ៉េត វិសេធ អធិការ​រង​នគរបាល​ស្រុក​ភ្នំ​ព្រឹក​បាន​ថ្លែង​ថា លោក​បាន​ទទួល​ពាក្យ​បណ្តឹង​និង​ស្នាម​មេ​ដៃ​របស់​អ្នក​ភូមិ​ទាំង​៥៣១​នាក់​នោះ ហើយ​កំពុង​ធ្វើការ​សិក្សា​បន្ថែម​ទៀត​ជុំវិញ​ការចោទ​ប្រកាន់​នេះ។

លោក សារ៉េត វិសេធ បាន​ឲ្យ​ដឹង​ថា ៖ «លិខិត​ភស្តុតាង យើង​នឹង​ស្រាវជ្រាវ​បន្ថែម​ទៀត ប៉ុន្តែ​ជំហាន​ដំបូង​យើង​ឲ្យ​មេ​ភូមិ​ហ្នឹង​សម្រាក​ការងារ​របស់​មេ​ភូមិ​ហ្នឹង​មួយ​រយៈ​សិន ហើយ​ឲ្យ​អនុ​ភូមិ​ដឹកនាំ​ការងារ​ភូមិ​បណ្តោះ​អាសន្ន​សិន»

លោក​បាន​បន្ត​ថា លោក​នឹង​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​ទាំង​៥៣១​នាក់​និង​មេ​ភូមិ​មក​សាកសួរ​បន្ថែម​ទៀត​ដើម្បី​ធ្វើការ​សន្និដ្ឋាន​ជុំវិញ​ការចោទ​ប្រកាន់​នេះ ហើយ​នឹង​បញ្ជូន​ទៅ​អភិបាល​ស្រុក​ធ្វើ​សេចក្តី​សម្រេច​នៅ​ពេល​ក្រោយ។

លោក សារ៉េត វិសេធ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​នឹង​ហៅ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ញត្តិ​ទាំង​៥៣១​នាក់​ហ្នឹង ហើយ​ខ្ញុំ​ហៅ​មនុស្ស​សំខាន់ៗ​ដើម្បី​ខ្ញុំ​បញ្ជាក់​ថា រឿង​ហ្នឹង​វា​ពិត​ដូច​ការចោទ​ប្រកាន់​របស់​គាត់​ឬ​អត់ ហើយ​ខ្ញុំ​នឹង​ហៅ​មេ​ភូមិ​សួរ​ទៀត ហើយ​យើង​សន្និដ្ឋាន​មើល តើ​កំហុស​របស់​គាត់​វា​ពិត​ប៉ុន្មាន​ភាគរយ ដើម្បី​យើង​រាយការណ៍​ឲ្យ​អភិបាល​ស្រុក ហើយ​អភិបាល​ស្រុក​សម្រេច»

យោង​តាម​ការអះអាង​របស់​ក្រុម​អ្នក​ភូមិ​បាន​សម្តែង​ឆន្ទៈ​ដូច​គ្នា​ថា ពួក​គេ​សុំ​ឲ្យ​លោក ហេង សារ៉េត មេ​ភូមិ លា​ឈប់​ពី​តំណែង ហើយ​ស្នើ​ឲ្យ​រក​មេ​ភូមិ​ថ្មី​មក​ជំនួស​វិញ​ដោយ​សំអាង​ថា លោក ហេង សារ៉េត បាន​ប្រព្រឹត្ត​ខុស​ពី​តួនាទី​ជា​មេ​ភូមិ៕