យោងតាមលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោក ប៉ោ ប្រង់ នាយខុទ្ទកាល័យខេត្តបាត់ដំបង បានអនុញ្ញាតឲ្យគណបក្សសមរង្ស៊ីអាចយកសួននាគបាញ់ទឹកធ្វើការបញ្ចាំងស្លាយផ្សព្វផ្សាយពីគោលនយោបាយគណបក្សបាន ប៉ុន្តែមិនអនុញ្ញាតឲ្យផ្សព្វផ្សាយទេនៅសួនច្បារលោក ស ខេង សួនយាយទូលក្រូច សួនពេទ្យធំ និងបេនឡានផ្សារដើមដូង ដោយអះអាងបញ្ជាក់ថាមិនមែនជាសួនសាធារណៈទេគឺជាកន្លែងឯកជន ។
លោក ភូ សុវណ្ណថា តំណាងគណបក្សសមរង្ស៊ីខេត្តបាត់ដំបងកាលពីថ្ងៃទី៣០ មិថុនា បានស្នើសុំអាជ្ញាធរខេត្តបាត់ដំបងយកទីធ្លាចំនួន៥កន្លែងដើម្បីបញ្ចាំងស្លាយផ្សព្វផ្សាយពីគោលនយោបាយគណបក្សជូនពលរដ្ឋម្ចាស់ឆ្នោតក្នុងខេត្តបាត់ដំបងទស្សនា ដោយសន្យាថានឹងមិនធ្វើការប្រមូលផ្តុំឬប្រើឡានម៉ូតូច្រើនដែលនាំឲ្យកកស្ទះចរាចរណ៍ឡើយ ។
លោក សោ ចាន់ដេត អនុប្រធានក្រុមប្រឹក្សាគណបក្សសមរង្ស៊ីខេត្តបាត់ដំបងបានថ្លែងថា ការបដិសេធរបស់អាជ្ញាធរគឺជាការមិនត្រឹមត្រូវ ហើយមានភាពលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ។
លោក សោ ចាន់ដេត បានមានប្រសាសន៍ថា ៖ «គណបក្សប្រជាជនកាលពីគាត់ធ្វើកម្មវិធីកាលពីថ្ងៃទី២៧ នៅសួនច្បារនាគបាញ់ទឹក គឺគាត់បិទផ្លូវមនុស្សធ្វើចរាចរណ៍អត់បានទេ គឺថាបិទផ្លូវជិតអស់រលីង អាហ្នឹងយើងមិនគិត ?» ។
លោក យិន ម៉េងលី មន្ត្រីសម្របសម្រួលរបស់អង្គការការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង បានថ្លែងថាការមិនអនុញ្ញាតរបស់អាជ្ញាធរខេត្តបាត់ដំបងគឺមិនត្រឹមត្រូវ ព្រោះគណបក្សសមរង្ស៊ីបានស្នើសុំស្របនីតិវិធីច្បាប់ និងស្របទៅតាមនីតិវិធីឃោសនារបស់គណបក្សនយោបាយ ។
ទោះជាយ៉ាងនេះក្តី លោក សោ ចាន់ដេត បានអះអាងបញ្ជាក់ថាគណបក្សសមរង្ស៊ីបានព្រមទទួលយកទីសួននាគបាញ់ទឹក ដើម្បីបញ្ចាំងស្លាយផ្សព្វផ្សាយពីគោលនយោបាយគណបក្សរបស់ខ្លួននៅថ្ងៃទី៤ កក្កដានេះ ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១០យប់ ។
នៅក្នុងខេត្តបាត់ដំបងមានគណបក្សចំនួន១០ដែលមានឈ្មោះក្នុងបញ្ជីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត គឺគណបក្ស នរោត្តម រណឫទ្ធិ គណបក្សប្រជាធិបតេយ្យខ្មែរ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សសង្គមយុត្តិធម៌ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសមរង្ស៊ី គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ និងគណបក្សសិទ្ធិមនុស្ស ។
ចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា មានរយៈពេល៨ថ្ងៃហើយដែលគណបក្សនីមួយៗបានបើកយុទ្ធនាការឃោសនារបស់ខ្លួនជាបន្តបន្ទាប់ទៅតាមធនធានដែលពួកគេមាន ដើម្បីរកការគាំទ្រពីម្ចាស់ឆ្នោត ហើយការឃោសនានេះនឹងត្រូវបញ្ចប់នៅថ្ងៃទី២៥ កក្កដាខាងមុខនេះ ៕
