លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា កំឡុងពេលដែលលោកធ្វើជានាយករដ្ឋមន្ត្រី លោកនឹងមិនយកពន្ធលើដីធ្លីពីកសិករឡើយ។ ប៉ុន្តែអ្នកពាក់ព័ន្ធផ្សេងទៀត ជំរុញរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ឲ្យយកពន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលដែលប្រទេសលើពិភពលោកតិចណាស់ដែលមិនយកពន្ធដី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបថា ការយកពន្ធដី គឺជាការសង្កត់ទៅលើកសិករ ហើយបច្ចុប្បន្នមិនត្រឹមតែមិនយកពន្ធប៉ុណ្ណោះទេ តែថែមទាំងត្រូវជួយលើកកម្ពស់កសិករតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីលើកកម្ពស់ជីវភាពរបស់កសិករ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្ថែមថា ពិតហើយថាការប្រមូលពន្ធជាចំណូលថវិកាជាតិ សម្រាប់យកទៅកសាងប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ សាលារៀន ឬមន្ទីរពេទ្យ ត្រឡប់ទៅវិញ ប៉ុន្តែរដ្ឋាភិបាលមិនចាំបាច់យកពីកសិករទេ ដោយចាត់ទុកថាការមិនយកពន្ធនេះជាការឧបត្ថម្ភធនរបស់រដ្ឋាភិបាលបន្ថែម។
អ្នកវិភាគសេដ្ឋកិច្ចបានអះអាងថា ការឧបត្ថម្ភធនពិតជាមានសារសំខាន់ ដែលជាជំនួយហិរញ្ញវត្ថុរបស់រដ្ឋ ឬស្ថាប័នសាធារណៈ ជួយចំពោះបុគ្គល ដើម្បីលើកស្ទួយ ឬទ្រទ្រង់សកម្មភាពឲ្យមានដំណើរការទៅមុខ។ ប៉ុន្តែប្រទេសមួយអាចរីកចម្រើនទៅបាន គឺដោយសារការយកពន្ធ ហើយបើរដ្ឋបោះពុម្ពលុយបន្ថែមដើម្បីចំណាយ គឺមានហានិភ័យទាក់ទងនឹងអតិផរណា។ បន្ថែមពីលើបញ្ហានេះ ការមិនយកពន្ធ គឺធ្វើឲ្យប្រទេសមួយកាន់តែពឹងលើកម្ចីបរទេសកាន់តែធ្ងន់ធ្ងរថែមទៀត សម្រាប់អភិវឌ្ឍប្រទេស។
អ្នកវិភាគឯករាជ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា នៅពេលដែលប្រទេសមួយមិនយកពន្ធ មានន័យថាប្រជាជន ជាពិសេសកសិករក្នុងប្រទេសនោះកាន់តែខ្ជិល ព្រោះថាកសិករគិតថាដីនោះគ្មានតម្លៃ។ ដូច្នេះការយកពន្ធ ធ្វើឲ្យប្រជាកសិករខិតខំប្រឹងប្រែងបង្កបង្កើនផល ហើយបញ្ហាសំខាន់ផ្សេងទៀតនៃការមិនយកពន្ធ គឺអាចធ្វើឲ្យមានជម្លោះដីធ្លីកើនឡើងដែរ។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍បន្ថែមថា ប្រសិនបើចង់ជួយកសិករ គឺត្រូវកំណត់ថាទំហំដីកសិកម្មប៉ុណ្ណាដែលត្រូវយកពន្ធ ឬទំហំក្រោមបីហិកតារ គឺត្រូវលើកលែងពន្ធ ប៉ុន្តែទំហំដីច្រើនជាងនេះ គឺត្រូវយកពន្ធដើម្បីចំណូលថវិកាជាតិ។
ការអង្កេតផ្នែកសេដ្ឋកិច្ច សង្គមកិច្ច បានបង្ហាញថា យ៉ាងហោចណាស់មានក្បាលដីចំនួនជាង ២លាន ៨សែន ជាដីកសិកម្មនៅប្រទេសកម្ពុជា ហើយតាមតួលេខបញ្ជាក់ថា កសិករមានដីកសិកម្មជាមធ្យមប្រមាណ ១ហិកតារ។ ផ្ទុយទៅវិញ ការស្រាវជ្រាវថ្មីនានាបានបង្ហាញថា គ្រួសារមានដីធ្លីមានប្រមាណកន្លះហិកតារ ដែលបានបង្ហាញអំពីអសមត្ថភាពនៃការកាន់កាប់ដីនៅប្រទេសកម្ពុជា។
របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ និងបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គ្រួសារចន្លោះពី ១២% ទៅ ១៥% នៃចំនួនគ្រួសារនៅជនបទ គឺគ្មានដីកសិកម្មទេ ហើយអ្នកដែលគ្មានដីធ្លី នឹងកើនឡើងជារៀងរាល់ឆ្នាំប្រមាណ ២%។ តាមការប៉ាន់ស្មានដោយក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា ទំនាស់ដីធ្លីមានកើនឡើងលើសពី ២០% រៀងរាល់ឆ្នាំ។
លោក សុខ ទូច បានបញ្ជាក់ទៀតថា ការយកពន្ធដី គឺធ្វើឲ្យអ្នកមានដីច្រើនរាប់រយហិកតារ ដែលទុកបង្កកសម្រាប់យកផលចំណេញ ត្រូវបង្វែរជួលដីនោះឲ្យកសិករ ឬបង្កបង្កើនផលដោយខ្លួនឯងផ្ទាល់ ហើយកត្តានេះ ជាយន្តការបង្កើតការងារដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស។
ទោះជាយ៉ាងណា ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ថា ការមិនយកពន្ធដីធ្លីជាមធ្យោបាយមួយល្អសម្រាប់ជួយប្រជាកសិករ ប៉ុន្តែការមិនពន្ធដីនេះ ហាក់ដូចជាបើកឱកាសឲ្យមន្ត្រីមួយចំនួនទៅរំលោភដីធ្លីប្រជាពលរដ្ឋ ដែលគ្មានឯកសារបញ្ជាក់លើដីធ្លីប៉ុណ្ណោះ ហើយការមិនយកពន្ធលើដីស្រែប្រជាពលរដ្ឋនេះ ហាក់ដូចជាលេសមួយដើម្បីទុកលទ្ធភាពដល់ការមិនយកពន្ធលើដីសម្បទានសេដ្ឋកិច្ចមានចំនួនរាប់លានហិកតារ ដែលនាំឲ្យបាត់បង់ផលប្រយោជន៍ដល់ប្រទេសជាតិ។
លោក សុន ឆ័យ មានប្រសាសន៍បន្ថែមទៀតថា គ្រួសារអ្នកមានអំណាចប្រមាណជិត ៣០០គ្រួសារ បានកាន់កាប់ដីស្មើនឹងដីរបស់ប្រជាជន ១០លាននាក់។
លោក សុន ឆ័យ បញ្ជាក់ទៀតថា ការយកពន្ធលើដីធំៗរបស់អ្នកមានអំណាច ឬក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច គឺជាប្រភពចំណូលសំខាន់សម្រាប់ជួយដល់ការដំឡើងប្រាក់ខែរបស់មន្ត្រីរាជការ និងមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលកំពុងមានជីវភាពខ្វះខាត។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) ក៏ធ្លាប់បានអះអាងថា នៅប្រទេសកម្ពុជា ក្នុងចំណោមអ្នកដែលមានដីច្រើនដល់ ៥០០ហិកតារ គឺ៣១% ជាអ្នកប្រកបអាជីវកម្ម ២៣% ជាមន្ត្រីមានឋានៈខ្ពស់ ដែលមានងារជាឯកឧត្ដម ២៣% ជាឧកញ៉ា ១៥% ជាមន្ត្រីយោធាដែលគេហៅថាឧត្ដមសេនីយ៍ និង ៨% ជាសមាជិករដ្ឋសភា។ ក្នុងនោះដែរ គ្រួសារជនបទមួយចំនួនធំប្រមាណ ៤៦% មានដីតិចជាងកន្លះហិកតារ និងគ្មានដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
