តុលាការ​ខេត្ត​បាត់ដំបង​ឃុំ​ខ្លួន​បុរស​២​នាក់​ពីបទ​ប្រើ​អំពើ​ហិង្សា

តុលាការ​ខេត្ត​បាត់ដំបង​បាន​ចាប់​ឃុំ​ខ្លួន​បុរស​២​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​៤​នាក់​ដែល​រង​ចោទ​ការប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា និង​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​ទៅ​លើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត ។

លោក អ៊ិន ភិរុណ រស់​នៅ​ភូមិ​តាគ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល និង​ឈ្មោះ ជី ធុល ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​រសៀល​ថ្ងៃ​ពុធ ។

លោក ភាព ផល បាន​ថ្លែង​ថា​លោក អ៊ិន ភិរុណ ត្រូវ​បាន​អាជ្ញាធរ​ចាប់​វាយ​ខ្នោះ​ភ្លាមៗ ចំណែក​ឯ​រូប​លោក​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​មាន​ការធានា​ពី​ឪពុក​ម្តាយ និង​ហេតុផល​ប្រពន្ធ​ជិត​ឆ្លង​ទន្លេ ។

លោក ភាព ផល បាន​ឲ្យ​ដឹង​ថា ៖ «មាន​ការខក​ចិត្ត​ខ្លាំង​ណាស់​ដោយ​គេ​ចាប់​លោក អ៊ិន ភិរុណ​ហ្នឹង ដោយ​គាត់​មិន​បាន​ធ្វើ​អ្វី​លើ​គេ​ទេ​បាទ»

តុលាការ​ខេត្ត​បាត់ដំបង​កាលពី​ខែ​មីនា ឆ្នាំ​២០០៨​នេះ បាន​ចេញ​ដីកា​ចោទ​ប្រកាន់​បុរស​៤​នាក់​មាន​ឈ្មោះ អ៊ិន ភិរុណ ឈ្មោះ ភាព សុផល ឈ្មោះ ផន កាន់ និង​ឈ្មោះ ជី ធុល រស់​នៅ​ភូមិ​តាគ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ។

អ្នក​ទាំង​៤​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលន​វត្ថុ​ដោយ​សុចរិត និង​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត ។

លោក គី ឫទ្ធី ចៅក្រម​សាកសួរ​តុលាការ​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា បុរស​ទាំង​៤​អ្នក​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា​២៥៣​នៃ​ច្បាប់​ភូមិបាល និង​មាត្រា​៣ នៃ​ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ឧក្រិដ្ឋ ។

លោក ភាព សុផល ដែល​ត្រូវ​បាន​តុលាការ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​បាន​ថ្លែង​ថា ពួក​គេ​ទាំង​បួន​នាក់ រួម​ទាំង​ប្រជាពលរដ្ឋ​២២​គ្រួសារ មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទ​ប្រកាន់​របស់​ភាគី​លោក ឯម សារូ នោះ​ទេ ។ ប៉ុន្តែ​ការពិត​នៅ​ថ្ងៃ​កើត​ហេតុ គឺ​កូន​ប្រុស​របស់​លោក អែម សារូ បាន​យក​ត្រាក់ទ័រ​ទៅ​ឈូស​កម្ទេច​របង​និង​ចម្ការ​ដំណាំ​របស់​អ្នកភូមិ​ទាំង​២២​គ្រួសារ​ទេ ហើយ​ពួកគេ​បាន​ព្យាយាម​ទម្លាក់​កំហុស​មក​លើ​អ្នក​ភូមិ ។

លោក ភាព សុផល បាន​មាន​ប្រសាសន៍​ថា ៖ «ភ្ជួរ​បំផ្លាញ​របស់​ខ្ញុំ​ហើយ ឲ្យ​ពួក​ខ្ញុំ​ដេញ​ឃាត់​ត្រាក់ទ័រ​អ៊ីចឹង ហើយ​គេ​បាន​ចោទ​ថា​ពួក​ខ្ញុំ​ដេញ​គប់​ដេញ​វាយ​គេ ។ បាន​ថត​រូប​ពួក​ខ្ញុំ​នៅ​ហ្នឹង ដោយ​ពួក​ខ្ញុំ​មិន​ដឹង​ថា​គេ​មាន​គម្រោងការ​អ៊ីចឹង»

ទោះជា​យ៉ាងណា​វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទំនាក់​ទំនង​សុំ​ការបំភ្លឺ​ពី​លោក ឯម សារូ បាន​ទេ ប៉ុន្តែ​លោក រស់ លឹមសឺន អធិការ​រង​ស្រុក​រតនៈមណ្ឌល​បាន​ថ្លែង​ថា នៅ​ថ្ងៃ​កើត​ហេតុ​នគរបាល​ស្រុក​បាន​ចុះ​អន្តរាគមន៍ ប៉ុន្តែ​លោក​មិន​ឃើញ​មាន​ហេតុការណ៍​កើត​ឡើង​ដូច​ការចោទ​ប្រកាន់​នោះ​ទេ ។

លោក យិន ម៉េងលី មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា បញ្ហា​នេះ​គឺ​បាន​បង្កឡើង​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌​និង​តុលាការ ប៉ុន្តែ​តុលាការ​មាន​ចំណាត់ការ​លឿន​ចំពោះ​បណ្តឹង​អ្នក​មាន​អំណាច​និង​អ្នក​មាន​លុយ ។

លោក យិន ម៉េងលី បាន​បញ្ជាក់​ថា ៖ «ការចាប់​ខ្លួន​នេះ​សូម​ឲ្យ​លោក​ចៅក្រម​ប្រើ​សតិសម្បជញ្ញៈ​ផង ទោះបី​ជា​លោក​មាន​ឆន្ទានុសិទ្ធិ​តាម​ផ្លូវ​ច្បាប់​ក៏ដោយ»

លោក ប៊ុន ឫទ្ធី មេធាវី​ការពារ​ក្តី​ឲ្យ​ពលរដ្ឋ​ទាំង​៤​នាក់​បាន​ថ្លែង​ថា លោក​នឹង​ដាក់​ពាក្យ​សុំ​ទៅ​ឲ្យ​តុលាការ​ខេត្ត​បាត់ដំបង ដើម្បី​ស្នើសុំ​ឲ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​តាម​ផ្លូវ​ច្បាប់ ៕