ព្រះ​សង្ឃ​គាំទ្រ​អ្នកភូមិ​បឹង​កក់​រង​ការ​ចាប់​ព្រះ​កាយ

ព្រះតេជព្រះគុណ លួន សុវ៉ាត ដែល​បាន​ទៅ​ចូល​រួម​ក្នុង​ហ្វូង​អ្នក​តវ៉ា​​នៅ​តំបន់​បឹង​កក់ កំពុង​លាក់​ខ្លួន​មិន​ហ៊ាន​ចូល​ទៅ​កាន់​វត្ត ដោយ​សារ​អាជ្ញាធរ​តាម​រក​ចាប់​ខ្លួន។

0:00 / 0:00

ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​សង្ឃដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​អាទិត្យ ទី​២៧ មីនា នេះ​ថា ព្រះអង្គ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា តាម​រក​ចាប់​ព្រះអង្គ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ មីនា កន្លង​ទៅ​នេះ នៅ​ខណៈ​ដែល​ព្រះអង្គ​ឈរ​ទត និង​ថត​រូប​ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​នូវ​សិទ្ធិ​កាន់​កាប់​ដីធ្លី នៅ​តំបន់​បឹង​កក់ ដែល​បាន​ធ្វើ​ឡើង​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ។ ការ​តាម​រក​ចាប់​ព្រះ​កាយ​ព្រះ​អង្គ​នេះ អាជ្ញាធរ​បាន​ចោទ​ថា​ព្រះអង្គ​បាន​ធ្វើ​ខុស​នឹង​វិន័យ​ព្រះ​ពុទ្ធ​សាសនា ដោយ​បាន​ចូល​រួម​ក្នុង​ក្រុម​បាតុកម្ម។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ ព្រះតេជព្រះគុណ លួន សុវ៉ាត បាន​មាន​សង្ឃដីកា​ថា ព្រះអង្គ​ពុំ​បាន​ធ្វើ​អ្វី​ខុស​នឹង​ព្រះ​ពុទ្ធ​សាសនា​ឡើយ។ ប៉ុន្តែ​អាជ្ញាធរ​បាន​ព្យាយាម​បណ្ដេញ​ព្រះអង្គ​ឲ្យ​ចេញ​ពី​កន្លែង​នោះ តែ​ព្រះ​អង្គ​មិន​ព្រម​ធ្វើ​តាម ៖ "អាត្មា​អត់​មាន​ពាក់ព័ន្ធ​និង​បង​ប្អូន​អ្នក​បឹង​កក់​ទេ អាត្មា​គ្រាន់​តែ​ក្នុង​នាម​ព្រះ​សង្ឃ​មួយ​អង្គ អាត្មា​គ្រាន់​តែ​ឈរ​មើល​ប៉ុណ្ណឹង ដូច្នេះ​អាត្មា​អត់​មាន​ខុស​ច្បាប់​ខុស​ទម្លាប់​អី​ទេ អ៊ីចឹង​ការ​លួងលោម​ព្យាយាម​ឲ្យ​អាត្មា​ចេញ​ហ្នឹង ក៏​អាត្មា​មិន​ព្រម​ចេញ អ៊ីចឹង​គេ​ក៏​បាន​និយាយ​ថា បើ​មិន​ចេញ គឺ​សុំ​ឲ្យ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​គេ​អត់​ទទួល​ខុស​ត្រូវ​ទេ"

ក្នុង​គ្រា​នោះ ព្រះតេជព្រះគុណ លួន សុវ៉ាត ក៏​ត្រូវ​មន្ត្រី​សង្កេតការណ៍​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា និមន្ត​ចូល​រថយន្ត ហើយ​ដឹក​ចេញ​ទៅ​រក​កន្លែង​សុវត្ថិភាព។ ព្រះអង្គ​មាន​សង្ឃដីកា​បញ្ជាក់ ៖ "ដោយ​ការ​ព្រួយ​បារម្ភ​សុវត្ថិភាព​ខាង​ផ្នែក​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា គេ​ក៏​បាន​បញ្ចៀស​អាត្មា​ចេញ​ពី​ចំណោម​ប្រជា​ពល​រដ្ឋ ហើយ​មក​កន្លែង​ដែល​មាន​សុវត្ថិភាព បន្ទាប​មក​គេ​បាន​តាម​ឡាន​រហូត គេ​បាន​ទៅ​ដល់​វត្ត​ដែល​អាត្មា​គង់​នៅ ហើយ​ដល់​កុដិ ជា​ការ​ពិត​គេ​ត្រៀម​ជើង​ការ និង​ធ្វើ​ការ​ឡោម​ព័ទ្ធ ឬ​ក៏​ចាប់​ខ្លួន​អាត្មា​មែន"

ព្រះតេជព្រះគុណ លួន សុវ៉ាត ថ្មីៗនេះ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដែរ​ថា នៅ​លើ​គេហទំព័រ Face Book របស់​ព្រះអង្គ មាន​អ្នក​ក្លែង​បន្លំ​លូច​បញ្ចូល​អត្ថបទ​ជេរ​ប្រមាថ​អ្នក​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ដោយ​បាន​យក​ព្រះនាម និង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះអង្គ​មក​ប្រើ នៅ​បន្ទាប់​ពី​ព្រះអង្គ​បាន​និមន្ត​ត្រឡប់​ពី​កិច្ច​ប្រជុំ​នៅ​សហ​រដ្ឋ​អាមេរិក​តាម​ការ​អញ្ជើញ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ នៅ​សហ​រដ្ឋ​អាមេរិក​មក។

ព្រះតេជព្រះគុណ លួន សុវ៉ាត ធ្លាប់​បាន​ចេញ​មុខ​តស៊ូ​មតិ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ប្រជា​ជន​រង​គ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​មួយ​កន្លែង នៅ​ក្នុង​ឃុំ​ជីក្រែង ស្រុក​ជីក្រែង​នៃ​ខេត្ត​សៀមរាប បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ប៉ូលិស ប្រើ​អំពើ​ហិង្សា​បាញ់​រះ​ទៅ​លើ​ប្រជា​កសិករ ដែល​កំពុង​តែ​ច្រូត​ស្រូវ បង្ក​ឲ្យ​រង​របួស​ជា​ច្រើន​នាក់ ហើយ​ក្នុង​នោះ​មាន​សាច់​ញាតិ​ព្រះអង្គ​ចំនួន​ពីរ​នាក់​រង​របួស​ដែរ។ ព្រះតេជព្រះគុណ លួន សុវ៉ាត ព្រះ​អង្គ​ក៏​ធ្លាប់​បាន​ទទួល​ការ​គំរាម​ពី​អាជ្ញាធរ​ជា​ច្រើន​ដង​ផង​ដែរ បន្ទាប់​ពី​ព្រះអង្គ​ចេញ​ព្រះ​ភក្ត្រ​ញឹក​ញាប់​ជា​សាធារណៈ ជួយ​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ដីធ្លី​ជូន​កសិករ​នៅ​ក្នុង​ខែត្រ​សៀមរាប​មក​នោះ។

នៅ​យប់​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​នៅ​ឡើយ​ទេ។

បច្ចុប្បន្ន​ព្រះតេជព្រះគុណ លួន សុវ៉ាត ស្ថិត​នៅ​ទី​កន្លែង​សុវត្ថិភាព​ក្រោម​ការ​ការ​ពារ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា៕