ក្រុមហ៊ុន​ស៊ួកាគួ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ពល​រដ្ឋ​នៅ​បឹងកក់

ស្ថាន​ភាព​ជម្លោះ​រវាង​អ្នក​ភូមិ​បឹងកក់ និង​ក្រុមហ៊ុន​ស៊ួកាគួ (Sukaku) កាន់​តែ​តឹង​តែង​ឡើង។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ក្រុមហ៊ុន​បាន​ប្រើ​យុទ្ធសាស្ត្រ​បូម​ខ្សាច់​ចាក់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​ ជំនួស​ការ​ប្រើ​សមត្ថកិច្ច​ទៅ​បណ្ដេញ។

0:00 / 0:00

អ្នក​ភូមិ​បឹកក់ ក្នុង​ភូមិ​ទី​១ មាន​ភាព​ស្ងាត់​ជ្រងំ​មិន​មាន​ភាព​អ៊ូអរ​ដូច​កាល​ពី​មុន​ទៀត​ឡើយ ដោយ​សារ​តែ​ក្រុម​ហ៊ុន​បាន​បូម​ខ្សាច់​ចាក់​ពន្លិច​ផ្ទះ​របស់​ពួក​គេ​អស់ ៣៨​ខ្នង និង​នៅ​មាន​ផ្ទះ​ប្រមាណ ១០០​ខ្នង​ទៀត កំពុង​ប្រឈម​នឹង​ការ​លិច​លង់ ដែល​អ្នក​ភូមិ​បាន​អះ​អាង​ថា ក្រុមហ៊ុន​បាន​ប្រើ​យុទ្ធសាស្ត្រ ដើម្បី​បង្ខំ​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​លំនៅឋាន បន្ទាប់​ពី​ដី​ខ្សាច់​បាន​លិច​ដល់​ដំបូល​ផ្ទះ​ហើយ​នោះ។

មក​ដល់​ថ្ងៃ​ទី​៦ វិច្ឆិកា​នេះ គេ​សង្កេត​ឃើញ​មាន​ផ្ទះ​ថ្ម​ធំៗ និង​ផ្ទះ​សង់​អំពី​ឈើ​មួយ​ចំនួន បាន​លិច​ដល់​ដំបូល​ផ្ទះ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ចាក់​បំពេញ​បឹងកក់ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ ហើយ​ប្រជា​ពល​រដ្ឋ​ដែល​ជា​ម្ចាស់​ផ្ទះ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​ទៅ​រក​ជួល​ផ្ទះ​នៅ​ទីតាំង​ផ្សេង និង​មាន​មួយ​ចំនួន​កំពុង​រស់​នៅ​ទី​នោះ​ដដែល ហើយ​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​ផ្ដល់​យុត្តិធម៌​ជួន​ពួក​គេ ដែល​កំពុង​តែ​រង​គ្រោះ ៖ «សំណូមពរ​ឲ្យ​គេ​ជួយ​ដោះ​ស្រាយ​ឲ្យ​យើង ឲ្យ​បាន​សម​ស្រប​បន្តិច​មក»

និស្សិត​ឈ្មោះ តារា រ័ត្ន បាន​សម្ដែង​នូវ​ក្តី​អស់​សង្ឃឹម​ថា រួប​គាត់ និង​ក្រុម​គ្រួសារ​គ្មាន​ទីលំនៅ​ទៀត​ទេ ក្រោយ​ពី​គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន បាន​ឈូស​ឆាយ​លិច​ផ្ទះ​របស់​គេ​អស់ កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា ហើយ​សមត្ថកិច្ច​បាន​ប្រាប់​ថា បើ​ចង់​យក​លុយ​ចំនួន ៨​ពាន់​ដុល្លារ និង​២​លាន​រៀល សុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទៅ​ចុះ​ឈ្មោះ​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ស៊ួកាគួ ៖ «អ្នក​នៅ​ក្នុង​ទឹក​យក​ចុះ​ជា​សម្បត្តិ​របស់​រដ្ឋ ៨៥០០​ដុល្លារ តែ​នេះ​ជា​កម្មសិទ្ធិ​ឯក​ជន ដែល​គាត់​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨០ ជាង​មក»

ប្រជា​ពល​រដ្ឋ​មួយ​រួប​ទៀត ឈ្មោះ ស្រី មុំ ដែល​ដី​ខ្សាច់​បាន​ហូរ​ចូល​ក្នុង​ផ្ទះ​ជា​បណ្ដើរៗ ហើយ​នោះ បាន​រៀបរាប់​ទាំង​ក្ដី​ក្ដុកក្ដួល​ក្នុង​ចិត្ត​ថា ក្រុមហ៊ុន​បាន​គាប​សង្កត់​មក​លើ​អ្នក​ភូមិ​ហួស​ហេតុ គ្មាន​ការ​អាណិត​អា​សូរ​ដល់​ក្មេងៗ នោះ​ឡើយ។ អ្នក​ស្រី​បន្ត​ថា កូនៗ​របស់​គាត់​គ្មាន​ទៅ​សាលា​រៀន​ទៀត​ទេ ព្រោះ​ដី​ខ្សាច់​បាន​ហូរ​ចូល​ពេញ​ផ្ទះ មិន​ហ៊ាន​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ខ្លាច​ត្រលប់​ពី​សាលា​វិញ​រក​ផ្ទះ​មិន​ឃើញ ដោយ​សារ​ដី​ខ្សាច់​លុប​អស់ ៖ «កាល​ពី​ជំនាន់​អា​ពត​គិត​ថា វា​ឃោរឃៅ​ខ្លាំង វា​សម្លាប់​មនុស្ស តែ​នេះ​សម្លាប់​អំណាច​ផ្ដាច់​ការ​ធ្វើ​បាប​ប្រជា​ជន​នៅ​ទី​កន្លែង​ហ្នឹង»

របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ដែល​ចុះ​ឃ្លាំ​មើល​សកម្មភាព​បូម​ខ្សាច់ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ វិច្ឆិកា ដែល​មាន​ចំណង​ជើង​ថា ក្រុមហ៊ុន​ស៊ួកាគួ​បូម​ខ្សាច់​លុប​ផ្ទះ​អ្នក​ភូមិ និង​គំរាម​បាញ់​សម្លាប់​អ្នក​តវ៉ា។ របាយការណ៍​នេះ​បាន​សរសេរ​ថា ក្រុមហ៊ុន​សួកាគួ​បាន​សម្រុក​បូម​ខ្សាច់​ចាក់​បំពេញ​បឹងកក់ ដោយ​មិន​មាន​ការ​ផ្អាក ទោះ​ជា​មាន​ការ​ទាម​ទារ​តវ៉ា​ពី​អ្នក​ភូមិ​យ៉ាង​ណា​ក៏​ដោយ។ សកម្មភាព​នេះ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​៣ វិច្ឆិកា ដោយ​មិន​ទុក​ពេល​ឲ្យ​ម្ចាស់​ផ្ទះ​ប្រមូល​ឥវ៉ាន់​ចេញ​ពី​ផ្ទះ​បាន​ទេ ហើយ​ក្រុម​ហ៊ុន​បាន​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ការ​ពារ​យ៉ាង​តឹងរ៉ឹង និង​ពង្រាយ​គ្នា​រាប់​សិប​នាក់ ហាម​ឃាត់​មិន​ឲ្យ​អ្នក​ភូមិ មន្ត្រី​សិទ្ធិ​មនុស្ស អ្នក​សារព័ត៌មាន​ចេញ​ចូល​ឡើយ។ ហើយ​កង​កម្លាំង​ការ​ពារ​នោះ បាន​បញ្ជា​ឲ្យ​គ្រឿង​ចក្រ​ឈូស​ឆាយ​កម្ទេច​ដំណាំ និង​ពង្រាយ​ទុយយោ​បូម​ខ្សាច់​ដល់​ផ្ទះ និង​បូម​ពន្លិច​ដល់​ដំបូល​ផ្ទះ ទោះ​បី​ជា​អ្នក​ភូមិ​មិន​ព្រម​ចាក​ចេញ​ពី​ផ្ទះ ឬ​មិន​ទទួល​យក​សំណង​ក្តី ក៏​ក្រុមហ៊ុន​បាន​បូម​ខ្សាច់​ចាក់​ពន្លិច​ផ្ទះ​ដើម្បី​បំបាត់​ភស្តុតាង។

នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា នៅ​ភូមិ​ទី​២៤ សមត្ថកិច្ច​បាន​ចុះ​ទៅ​បង្ក្រាប​ម្ចាស់​ផ្ទះ​មួយ នៅ​ប៉ែក​លើ​គោក បន្ទាប់​ពី​ក្រុម​ហ៊ុន​បូម​ខ្សាច់​ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​ក្នុង​ផ្ទះ ម្ចាស់​ផ្ទះ​បាន​ទៅ​ស្នើ​សុំ​អាជ្ញាធរ​សង្កាត់​ដើម្បី​ចាក់​សាប​ផ្ទះ​ឲ្យ​ខ្ពស់​ផុត​ពី​ទឹក ផ្ទុយ​ទៅ​វិញ សមត្ថកិច្ច​បាន​ទៅ​ហាម​ឃាត់​និង​បង្ក្រាប។

អ្នក​ស្រី មាស បុប្ផា អតីត​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ចិញ្ចឹម​កូន​កំព្រា​ចំនួន ១៣​នាក់ ដែល​ជា​ក្មេង​អនាថា​តាម​ផ្លូវ ដែល​អ្នក​ស្រី​អាណិត​រើស​យក​មក​ចិញ្ចឹម ប៉ុន្តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ទឹក​បាន​លិច​ផ្ទះ ហើយ​ខ្លាច​ខ្សែ​ភ្លើង​ឆក់​ក្មេង​តូចៗ ក៏​ធ្វើ​ការ​ចាក់​សាប​ក្នុង​ផ្ទះ ឲ្យ​ផុត​ពី​ទឹក ផ្ទុយ​ទៅ​វិញ សមត្ថកិច្ច​ក៏​បាន​ទៅ​សម្លុត​គំរាម​គាត់ ៖ «ខ្ញុំ​ឆ្ងល់ យើង​ជួស​ជុល​ផ្ទះ​យើង​សោះ ហើយ​មិន​ទាន់​ឲ្យ​លុយ​ផង ក្រុមហ៊ុន​មិន​ដែល​មក​ចរចា​ជា​មួយ​ខ្ញុំ​ផង ហេតុ​អី​បាន​ជា​យក​កាំភ្លើង​មក​ភ្ជង់​ខ្ញុំ»

តំបន់​បឹងកក់​ត្រូវ​បាន​រដ្ឋាភិបាល​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ (Sukaku) រយៈ​ពេល ៩៩​ឆ្នាំ ក្នុង​តម្លៃ​ទឹក​ប្រាក់​ ៧៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ១៣៣​ហិកតារ។ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ជួល​ដី​តំបន់​បឹងកក់ ទំនាស់​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៦​មក ដែល​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា ទំនាស់​ដី​តំបន់​បឹង​កក់ ប៉ះពាល់​ប្រជា​ជន​ចំនួន​ជាង ៤២០០​គ្រួសារ។ ហើយ​គេ​បាន​ដោះ​ស្រាយ​បាន​ជាង ១​ពាន់​គ្រួ​សារ​កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ ប៉ុន្តែ​ការ​ដោះ​ស្រាយ​នោះ​ប្រជា​ពល​រដ្ឋ​បាន​អះអាង​ថា ជា​ការ​បង្ខំ​ឲ្យ​ពួក​គាត់​ទទួល​យក​លុយ ៨​ពាន់​ដុល្លារ និង​២​លាន​រៀល ចំពោះ​ផ្ទះ​អ្នក​នៅ​លើ​ទឹក។ ហើយ​ប្រជា​ពល​រដ្ឋ​នៅ​សល់ ៧​ភូមិ​ទៀត មាន​ភូមិ​ល​១ ភូមិ​៦ ភូមិ​២០ ភូមិ​២១ ភូមិ​២២ ភូមិ​២៣ និង​ភូមិ​២៤ ប្រមាណ ៣២០០​គ្រួសារ​ទៀត ដែល​ភាគ​ច្រើន​រស់​នៅ​​លើ​ដី​គោក ជុំវិញ​បឹង​កក់ ក្រុមហ៊ុន​មិន​ធ្វើ​ការ​ចរចា​ទេ តែ​បែរ​ជា​បូម​ដី​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ។

បឹងកក់៣៧០b
អ្នក​ភូមិ​បឹងកក់​ម្នាក់​សន្លប់​ក្នុង​ហេតុ​ការណ៍​បង្ក្រាប​បាតុកម្ម​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣០ កញ្ញា ២០១០ (RFA/Den Ayuthyea)

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក អួច ឡេង បាន​មាន​ប្រសាសន៍​ថា ប្រាក់​ចំ​នួន​៨​ពាន់​ដុល្លារ និង​២​លាន​រៀល​នេះ មិន​មែន​ជា​សំណង​នោះ​ទេ គឺ​ជា​ប្រាក់​លួង​ចិត្ត បន្ទាប់​ពី​ក្រុម​ហ៊ុន​បាន​បូម​ខ្សាច់​ចាក់​ពន្លិច​ផ្ទះ​របស់​អ្នក​ភូមិ ហើយ​បង្ខំ​ឲ្យ​អ្នក​ភូមិ​យក​ប្រាក់​ទាំង​នោះ។ លោក អួច ឡេង បាន​ចាត់​ទុក​រដ្ឋាភិបាល​កម្ពុជា​ថា ជា​រដ្ឋាភិបាល​របស់​ក្រុមហ៊ុន មិន​មែន​ជា​រដ្ឋាភិបាល​របស់​ប្រជា​ពល​រដ្ឋ​ទេ ៖ «រដ្ឋាភិបាល​ក្នុង​នាម​គាត់​ជា​នាយក​រដ្ឋ​មន្ត្រី គាត់​ដឹង​ច្បាស់​ណាស់​ថា ក្រុមហ៊ុន​បាន​គាប​សង្កត់​មក​លើ​ប្រជា​ពល​រដ្ឋ ប៉ុន្តែ​គាត់​មិន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ណា​មួយ»

ទីប្រឹក្សា​រាជ​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ទិត សុធា បាន​ច្រាន​ចោល​ការ​លើក​ឡើង​ខាង​លើ ដោយ​លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​បូម​ខ្សាច់​ចាក់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​នោះ គឺ​មាន​តែ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​តូច ដែល​រឹង​រួស​មិន​ព្រម​ចាក​ចេញ ដែល​ជា​ការ​​ប្រឆាំង​ច្បាប់។

ទោះ​ជា​មាន​ការ​លើក​ហេតុ​ផល​ពី​មន្ត្រី​រដ្ឋាភិបាល​យ៉ាង​នេះ​ក្តី នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក ស៊ា ភារម្យ បាន​ពន្យល់​ថា ក្នុង​នាម​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព ប៉ុន្តែ​រដ្ឋាភិបាល​បែរ​ជា​ធ្វើ​ការ​អភិវឌ្ឍ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពល​រដ្ឋ​ដូច្នេះ គឺ​ផ្ទុយ​ពី​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា កម្ពុជា​មាន​អធិបតេយ្យ ប្រជា​ពល​រដ្ឋ​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​នោះ។

នា​ពេល​កន្លង​មក មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​បញ្ជាក់​ថា អ្នក​ភូមិ​បឹងកក់​បាន​រក​គ្រប់​មធ្យោបាយ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​ជួន​ពួក​គេ តាម​រយៈ​ការ​តវ៉ា​នៅ​មុខ​គេហដ្ឋាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​ច្រើន ការ​ដាក់​លិខិត​ទៅ​ក្រសួង​ដែល​ពាក់ព័ន្ធ​នានា ប៉ុន្តែ​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ។

បឹងកក់៣៧០a
អាជ្ញាធរ​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​បឹងកក់​ជួប​លោក បាន គីមូន នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៧ តុលា ២០១០ (RFA/Tin Zakariya)

ជា​ពិសេស​នៅ​ខណៈ​ដែល​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក បាន គីមួន មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ នេះ ពួក​គេ​បាន​យក​ញត្តិ​ដាក់​ជួន​លោក បាន គីមួន និង​ស្កាត់​ចង់​ជួប​លោក បាន គីមួន នៅ​ឯ​វិមាន​សន្តិភាព ដើម្បី​ឲ្យ​លោក​ជួយ​អន្តរាគមន៍​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​រារាំង​មិន​ឲ្យ​ជួប​នោះ​ឡើយ កាល​ពី​ថ្ងៃ​ទី​២៧ តុលា​កន្លង​ទៅ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ធ្វើ​ការ​វិភាគ​ថា អ្នក​ភូមិ​បឹងកក់​ទាំង​អ្នក​រស់​នៅ​លើ​ទឹក និង​លើ​គោក ពួក​គេ​នឹង​ប្រឈម​នឹង​បញ្ហា​គ្មាន​ទីលំនៅ និង​គ្មាន​សំណង​សម​រម្យ​នោះ​ឡើយ ព្រោះ​ក្រុមហ៊ុន​បាន​ប្រើ​យុទ្ធសាស្ត្រ​ត្រជាក់​បូម​ខ្សាច់​ចាក់​ពន្លិច​ផ្ទះ បណ្ដាល​ឲ្យ​ពួក​គាត់​គ្មាន​ទីលំនៅ ហើយ​មួយ​ចំនួន​គ្មាន​ជម្រើស​ត្រូវ​តែ​ទទួល​យក​លុយ ៨​ពាន់​ដុល្លារ និង​២​លាន​រៀល ដោយ​បង្ខំ ប្រសិន​រដ្ឋាភិបាល​នៅ​តែ​មាន​ឆន្ទៈ​មិន​ដោះ​ស្រាយ និង​មិន​មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​បង្ហាញ​ពី​គោល​ជំហរ​ការ​ពារ​ឲ្យ​ផល​ប្រយោជន៍​ក្រុមហ៊ុន​ដូច្នេះ​នោះ៕