ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ព្រួយ​បារម្ភ​ថា​នឹង​ត្រូវ​គេ​ជម្លៀស​ចេញ​ដោយ​គ្មាន​សំណង​សមរម្យ

ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​នៅ​លើ​ដី​គោក​ដែល​មាន​ដី​និង​ផ្ទះ​ធំៗ​នៅ​ក្នុង​តំបន់​បឹង​កក់​កំពុងតែ​ព្រួយ​បារម្ភ​ថា អាច​អាជ្ញាធរ​នឹង​ជម្លៀស​ពួក​គាត់​ដោយ​មិន​បាន​សង​សំណង​សមរម្យ​តាម​តម្លៃ​ដែល​ពួក​គាត់​បាន​ទិញ​ដី​និង​សង់​ផ្ទះ​កាល​ពី​ពេល​មុន។

0:00 / 0:00

>>> រូប​ភាព SLIDESHOW >>> Opens in new window ]

ស្រ្តី​វ័យ​៦០​ឆ្នាំ​ម្នាក់​ឈ្មោះ ណាំ ដែល​រស់នៅ​ក្នុង​ភូមិ​២២​ដែល​រស់​នៅ​លើ​ដី​គោក​ក្នុង​តំបន់​បឹង​កក់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ តុលា​នេះ ថា គាត់​បាន​មក​រស់​នៅ​លើ​ទឹក​ដី​នេះ​តាំងពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ បើ​ទោះ​បី​អត់​មាន​ប្លង់​កាន់កាប់​ក៏​ដោយ តែ​មាន​អាជ្ញាធរ​ទទួល​ស្គាល់​ចេញ​ប័ណ្ណ​គ្រួសារ​ឲ្យ​ត្រឹមត្រូវ។ អ្នកស្រី​បន្ត​ថា ផ្ទះ​និង​ដី​អ្នកស្រី​មាន​ទំហំ​២០​គុណ​នឹង​២០​ម៉ែត្រ គាត់​លក់​ក្នុង​តម្លៃ​១៥​ម៉ឺន​ដុល្លារ។

អ្នកស្រី ណាំ បាន​ឲ្យ​ដឹង​ថា ៖ «បារម្ភ​ចេះ​តែ​បារម្ភ​ហើយ ហើយ​ថា​នៅ​ដី​បឹង​កក់​ហ្នឹង​ខុស​ច្បាប់ ហើយ​បើ​ខុស​ច្បាប់​ម៉េច​ឲ្យ​ប័ណ្ណ? អត់​មាន​កម្មសិទ្ធិ​មែន តែ​មាន​ប័ណ្ណ​ទទួល​ស្គាល់»

បុរស​វ័យ​ចំណាស់​ម្នាក់​ទៀត​ឈ្មោះ រស់ សែម រស់​នៅ​ក្នុង​ភូមិ​២៣ ដែល​នៅ​លើ​ដី​គោក​ដែរ​នោះ​បាន​អះអាង​ថា គាត់​រស់​នៅ​តំបន់​បឹង​កក់​នេះ​តាំងពី​ឆ្នាំ​១៩៨៩ គាត់​បាន​ទិញ​ដី​ដែល​មាន​ទំហំ​១០​គុណ​នឹង​១៦​ម៉ែត្រ​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ ហើយ​ការសាងសង់​ផ្ទះ​ថ្ម​ក៏​អស់​លុយ​រាប់​ម៉ឺន​ដុល្លារ​ទៀត​ផង បើ​ខុស​ច្បាប់​អាជ្ញាធរ​គួរតែ​ប្រាប់​ពី​ដំបូង។

លោក រស់ សែម បាន​មាន​ប្រសាសន៍​ថា ៖ «បារម្ភ​មែនទែន បារម្ភ​ត្រង់​ថា ឆ្លង​កាត់ ប៉ុល ពត មក វា​អត់​មាន​ស្អី​ទាំងអស់។ កាល លន់ នល់ វា​អស់​ម្ដង​ហើយ កាល​៧៥​ហ្នឹង​មក​បច្ចុប្បន្ន​នេះ​វា​មាន​តែ​ប៉ុណ្ណឹង ហើយ​បើសិន​ជា​អស់​ប៉ុណ្ណឹង​ទៅ ខ្ញុំ​មិន​ដឹង​ជា​ទីពឹង​អី ចប់​ហើយ»

ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​គោក​ក្នុង​តំបន់​បឹង​កក់​នេះ​ដែល​មាន​ផ្ទះ​ថ្ម​ធំៗ​បាន​សម្ដែង​ភាព​ខ្វាយខ្វាល់​ខ្លាច​មាន​ការបណ្តេញ​ចេញ​ដោយ​គ្មាន​ដំណោះស្រាយ​សមស្រប​តាម​ទីផ្សារ។ ហើយ​ពួក​គាត់​ក៏​បាន​អះអាង​ថា បើ​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ពួក​គាត់​មាន​សិទ្ធិ​នៅ​លើ​ដី​នេះ​គ្រប់គ្រាន់ ៖ «បារម្ភ​ខ្លាច​អត់​មាន​ផ្ទះ​នៅ ខ្លាច​គេ​ប្រើ​អំពើ​ហិង្សា គេ​ប្រើ​អំណាច។ គាត់​ថា ប្រជារាស្រ្ដ​ណា​ដែល​រស់នៅ​លើស​ពី​៥​ឆ្នាំ​ទៅ​ត្រូវ​ទទួល​កម្មសិទ្ធិ​ស្រប​ច្បាប់។ ដូច្នេះ​ខ្ញុំ​មក​នៅ​នេះ​អត់​ទាន់​បាន​ធូរធារ​អី អត់​ទាន់​បាន​ទទួល​កម្មសិទ្ធិ​អី​ទាំងអស់ មាន​តែ​ការរង​ទុក្ខ​វេទនា​ក្នុង​ចិត្ត។ បោះឆ្នោត​ជូន​គាត់​៤​អាណត្តិ​ហើយ គួរតែ​គាត់​គិត​ថា ឱ!​រាស្រ្ដ​អញ​ហើយ គ្មាន​ទីពឹង​នរណា​ទេ ព្រោះ​គាត់​ជា​ម៉ែ​ឪ យើង​ទីពឹង​គាត់។ អស់​ច្រើន​ដែរ​ទាំង​សាងសង់​អី»

ចំណែកឯ​មេធាវី​របស់​ប្រជាពលរដ្ឋ​នៅ​បឹង​កក់ លោក ជូង ជូងី បាន​ឲ្យ​ដឹង​ថា តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​បាន​ចែង​ថា បើ​ប្រជាពលរដ្ឋ​មក​រស់នៅ​លើ​ដី​រដ្ឋ​មុន​ឆ្នាំ​២០០១ គឺ​ពួក​គាត់​បាន​រស់នៅ​ស្រប​ច្បាប់​ហើយ។

លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ថា ៖ «ខ្លឹមសារ​នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ បាន​កំណត់​ច្បាស់​ថា ក្រោយពី​ច្បាប់​ហ្នឹង​ចូល​ជា​ធរមាន បាន​ន័យ​ថា មាន​តម្លៃ​អនុវត្ត ប្រជាពលរដ្ឋ​លែង​មាន​សិទ្ធិ​ចូល​កាន់កាប់​របស់​រដ្ឋ​ទៀត​ហើយ។ ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​គាត់​បាន​មក​ជួប​ខ្ញុំ គាត់​បាន​ប្រាប់​ខ្ញុំ ហើយ​គាត់​មាន​ឯកសារ​ច្បាស់លាស់ ដូច​ជា​លិខិត​ទិញ​លក់ ដូចជា​សៀវភៅ​គ្រួសារ ដែល​គាត់​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​៩០​ប្លាយ​ម្ល៉េះ អ៊ីចឹង​គឺ​ការ​ដែល​ចូល​កាន់កាប់​ឬក៏​ការ​ដែល​ទិញ​លក់​របស់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បំផុត​នោះ គឺ​ធ្វើ​ឡើង​តាំងពី​មុន​ឆ្នាំ​២០០១ មុន​ច្បាប់​ភូមិបាល​ចូល​ជា​ធរមាន​ទៅ​ទៀត ។ លុះត្រា​តែ​ចូល​កាន់កាប់​ក្រោយ​២០០១ ក្រោយ​ពី​ច្បាប់​ភូមិ​បាល​ចូល​ជា​ធរមាន ទើប​អាច​ថា​ខុស​ច្បាប់​បាន»

ឆ្លើយ​តប​នឹង​ការលើកឡើង​ខាង​លើ​របស់​ប្រជាពលរដ្ឋ អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ សម្បត្តិ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទាំង​លើ​ផ្ទៃ​ទឹក​បឹង​កក់​និង​លើ​ដី​គោក​ទាំង​ប្រមាណ​ជាង​៤០០០​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​របស់​សាលាក្រុង​នោះ​សុទ្ធតែ​រស់នៅ​ខុស​ច្បាប់​ទាំងអស់ ហេតុ​នេះ​ហើយ​ទើប​អាជ្ញាធរ​មិន​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពួក​គាត់។

លោក សុខ សម្បត្តិ បាន​ឲ្យ​ដឹង​ថា ៖ «គ្មាន​អ្នក​ណា​ផ្ដល់​កម្មសិទ្ធិ​ទៅ​លើ​បឹង​របស់​រដ្ឋ​អ៊ីចឹង​ទេ។ មាន​ការលើកឡើង​គ្រាន់តែ​ថា ការធ្វើ​ស្ថិតិ​លើ​សៀវភៅ​គ្រួសារ ឬ​ក៏​ប័ណ្ណ​គ្រួសារ អា​ហ្នឹង​មាន​មែន ការគ្រប់​របស់​រដ្ឋ តែ​ដោយឡែក​ការផ្ដល់​ជា​កម្មសិទ្ធិ​ទៅ​លើ​ផ្ទះ​សម្បែង​គឺ​មិន​មាន​អាជ្ញាធរ​ណា​បាន​ចេញ​ទេ»

សូម​ជម្រាប​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​បឹង​កក់​បាន​ទាមទារ​តម្លៃ​មួយ​ម៉ែត្រ​ការ៉េ​១៥០០​ដុល្លារ​សម្រាប់​ការចាកចេញ ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​រស់​លើ​ដី​គោក​បាន​ទាមទារ​យក​តម្លៃ​២៥០០​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​សម្រាប់​ការចាកចេញ​ដែរ។

ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​តំបន់​បឹង​កក់​នេះ​ដែរ អភិបាល​រង​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស មាន​ប្រសាសន៍​ថា សាលាក្រុង​ភ្នំពេញ​កំពុង​ពិចារណា​រកដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ទីតាំង​នៅ​លើ​ដី​គោក​នោះ​ហើយ។

លោក ប៉ា សុជាតិវង្ស បាន​មាន​ប្រសាសន៍​ថា ៖ «បើ​និយាយ​ជា​រួម ភាគ​ច្រើន​គឺ​បង​ប្អូន​ពេញចិត្ត​ហើយ ឯកភាព​ហើយ ទៅ​នឹង​ការអភិវឌ្ឍ ប៉ុន្តែ​គ្រាន់តែ​នៅ​មិន​ទាន់​ស្រុះស្រួល​គ្នា ដែល​យើង​ពិភាក្សា​គ្នា ភាគ​ច្រើន​នៅ​បញ្ហា​គេ​ហៅ​ថា តម្លៃ​គោលនយោបាយ​នេះ វា​មិន​ទាន់​សមស្រប មាន​កន្លែង​ខ្លះ​ទៅ​ដី​ធំ ផ្ទះ​ធំ កន្លែង​ខ្លះ​ផ្ទះ​ថ្ម ផ្ទះ​ឈើ ផ្ទះ​ស្លឹក ផ្ទះ​ខ្ទម។ល។ ស្ថានភាព​បែប​នេះ​ពិត​ហើយ​ថា វា​ជា​កង្វល់​មួយ មិន​មែន​តែ​របស់​បង​ប្អូន ជា​កង្វល់​របស់​សាលាក្រុង​ដែល​យើង​ខិតខំ​រក​ផ្លូវ​ណា​ដើរ​ដែល​សមស្រប​បំផុត ដែល​ធានា​បាន​នូវ​សមធម៌​របស់​បង​ប្អូន ប៉ុន្តែ​បញ្ហា​ទាំង​នេះ​ត្រូវ​ទុក​ពេល​ឲ្យ​សាលាក្រុង»

បើ​តាម​កិច្ចសន្យា​ជួល​បឹង​កក់​រវាង​សាលាក្រុង​ភ្នំពេញ​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ​ក្នុង​តម្លៃ​៧៩​លាន​២​ពាន់​ដុល្លារ​សម្រាប់​រយៈពេល​៩៩​ឆ្នាំ ថ្លៃ​ឈ្នួល​នេះ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ការដោះស្រាយ​គោល​នយោបាយ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​៤២៥២​គ្រួសារ។ ហើយ​ភាគី​ក្រុមហ៊ុន​នឹង​បាន​ទទួល​ទីតាំង​បឹង​កក់​ចំនួន​១៣៣​ហិកតារ​មក​គ្រប់គ្រង គឺ​បន្ទាប់ពី​ភាគី​សាលាក្រុង​ភ្នំពេញ​បាន​ដោះស្រាយ​បញ្ហា​ដី​រួច​ទាំង​ស្រុង ដែល​ការអនុញ្ញាត​នេះ​ត្រូវ​បាន​ក្រុម​សិទ្ធិមនុស្ស​រិះគន់​ថា បាន​រំលោភ​លើ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ដែល​ថា​ការប្រគល់​បឹង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទៅ​ឲ្យ​ឯកជន​គឺ​មិន​ត្រូវ​ហួស​ពី​១៥​ឆ្នាំ​ឡើយ។

នៅ​ក្នុង​កិច្ចសន្យា​ជួល​របស់​ក្រុមហ៊ុន​មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​កក់​នេះ​ផ្តោត​ទៅ​លើ​ការអភិវឌ្ឍ​ដូច​ជា សង់​អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប សាល​សន្និសីទ មណ្ឌល​កម្សាន្ត និង​ក្លឹប​កម្សាន្ត សណ្ឋាគារ សាកល​វិទ្យាល័យ មន្ទីរ​ពហុព្យាបាល លំនៅ​ឋាន រមណីយដ្ឋាន​ពណ៌​បៃតង ហេដ្ឋា​រចនាសម្ព័ន្ធ និង​អគារ​រដ្ឋបាល។

ក្រុម​សិទ្ធិ​មនុស្ស​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការអភិវឌ្ឍ​នេះ​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​បរិស្ថាន​និង​ប្រជាពលរដ្ឋ​ប្រមាណ​៤០០០​គ្រួសារ​ដែល​រស់នៅ​ជុំវិញ​បឹង​នោះ៕