ពលរដ្ឋ​នៅ​បឹង​កក់​មួយ​ចំនួន​បង្ខំ​ចិត្ត​ទទួល​សំណង​ក្នុង​ការ​ចាក​ចេញ

ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​នៅ​ក្នុង​ភូមិ​២ និង​ភូមិ​៤ បាន​អះអាង​ថា ពួក​គាត់​បង្ខំ​ចិត្ត​ទទួល​យក​សំណង​ក្នុង​ការ​ចាក​ចេញ ក្រោយ​ពី​ការ​ដាក់​បញ្ជា​យ៉ាង​កំហិត​របស់​អាជ្ញាធរ​ក្រុង ក្នុង​ការ​រុះរើ​លំនៅ​របស់​ពួក​គាត់ នា​ថ្ងៃ​ទី ១៧ សីហា នេះ។

0:00 / 0:00

លោក ហ៊ុន គឹមហាង រស់​នៅ​ក្នុង​ភូមិ​៤ ដែល​កំពុង​រុះរើ​ផ្ទះ​នៅ​ថ្ងៃ​ទី ១៦ សីហា បាន​លើក​ឡើង​ថា លោក​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ភូមិ​ដែល​រស់​នៅ​តាំង​ពី​ឆ្នាំ ១៩៨៨ មក​នោះ ដោយ​ទទួល​យក​សំណង​ជា​លុយ។

លោក ហ៊ុន គឹមហាង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «គេ​ថា​រុះរើ​ក្នុង​រយៈពេល​ប្រហែល​ជា ៧​ថ្ងៃ និយាយ​រួម​មុន​ថ្ងៃ​ទី ១៧ ឲ្យ​ហើយ។ ដល់​ពេល​អ៊ីចឹង​ខ្ញុំ​ក៏​រុះរើ​ទៅ។ ចំពោះ​សោកស្ដាយ គឺ​សោកស្ដាយ​ណាស់ ប៉ុន្តែ​បង្ខំ​ចិត្ត ដល់​ពេល​កៀក​ថ្ងៃ​អ៊ីចឹង​ហើយ​ខ្លាច​គេ​ឈូស​ចោល»

ស្ត្រី​មេផ្ទះ​ម្នាក់​ទៀត​ឈ្មោះ សូ សិលា រស់​នៅ​ក្នុង​ភូមិ​៤ ដែល​កំពុង​រុះរើ​ផ្ទះ​ដែរ​នោះ បាន​សំដែង​ការ​ភ័យ​ខ្លាច​បន្ថែម ៖ «គេ​ថា​អ៊ីចឹង ម្នាក់ៗ​ភ័យ ខ្លាច​អត់​បាន​លុយ គេ​មក​ឈូស​ឆាយ។ គេ​ថា​រយៈ​ពេល ៧​ថ្ងៃ​ហ្នឹង​ត្រូវ​តែ​រុះរើ។ ទាំង​គេ​ទាំង​ខ្ញុំ​ត្រូវ​តែ​ទៅ»

ស្រ្តី​មេផ្ទះ​ម្នាក់​ឈ្មោះ ចន សុផា រស់​នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​២ បាន​រៀបរាប់​ថា អ្នកស្រី​ជា​ស្ត្រី​មេម៉ាយ មាន​កូន ៣​នាក់​ក្នុង​បន្ទុក បាន​ជួល​ផ្ទះ​នេះ​រស់​នៅ​រយៈ​ពេល ៥​ឆ្នាំ​មក​ហើយ ដោយ​តម្លៃ ៣​ម៉ឺន​រៀល​ក្នុង​១​ខែ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ អ្នកស្រី​នឹង​ត្រូវ​ដេក​តាម​ចិញ្ចើម​ថ្នល់ ព្រោះ​ពុំ​មាន​លុយ​ទៅ​ជួល​ផ្ទះ​នៅ​កន្លែង​ផ្សេង​ឡើយ។

អ្នកស្រី​បន្ត​ថា ៖ «គេ​ដេញ​មិន​ឲ្យ​នៅ​តាម​ហ្នឹង យើង​ទៅ​នៅ​តាម​ផ្លូវ​អី​អ៊ីចឹង​ទៅ បើ​គេ​រុះ​ផ្ទះ​អស់​ហើយ»

បឹងកក់​៣០៥-២
ពលរដ្ឋ​កំពុង​រុះរើ​លំនៅក្នុង​តំបន់​បឹងកក់ ថ្ងៃ​ទី ១៦ សីហា ២០០៩។ RFA/Sophorn

សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី ១០ សីហា របស់​អភិបាល​ខណ្ឌ​ដូនពេញ ដែល​វិទ្យុ​អាស៊ី​សេរី ទទួល​បាន​បញ្ជាក់​ថា សាលា​ខណ្ឌ​ដូនពេញ មាន​កិត្តិយស​សូមជម្រាប​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​កំពុង​រស់​នៅ​បណ្តោះ​អាសន្ន​នៅ​ក្នុង​ភូមិ​២ និង​ភូមិ​៤ តំបន់​អភិវឌ្ឍន៍​បឹង​កក់ ឲ្យ​ជ្រាប​ថា តំបន់​បឹង​កក់​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​វិនិយោគ​ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប។ សូម​ប្រជាពលរដ្ឋ​អញ្ជើញ​រួសរាន់​មក​ទទួល​យក​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​មាន​ទាំង​បី​ចំណុច។ ដើម្បី​ប្រគល់​ទីតាំង​ជូន​រាជ​រដ្ឋាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​អភិវឌ្ឍ​ជា​បន្ទាន់​ក្នុង​រយៈពេល ០៧​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​ត​ទៅ។

ក្នុង​ករណី​ប្រជាពលរដ្ឋ​នៅ​តែ​រឹងរូស​មិន​ព្រម​មក​ទទួល​យក​គោលនយោបាយ​ខាង​លើ​នេះ​ទេ នោះ​សាលា​ខណ្ឌ​ដូនពេញ នឹង​មាន​វិធានការ​ចុះ​រុះរើ​ដោយ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូចខាត ឬ​បាត់​បង់​សម្ភារៈ និង​ទ្រព្យ​សម្បត្តិ​បង​ប្អូន​ឡើយ។

ប្រធាន​ភូមិ​៤ លោក នេត សារឿន បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​លោក​ជាង ៨០​គ្រួសារ​ហើយ បាន​យល់​ព្រម​យក​គោល​នយោបាយ​របស់​រដ្ឋាភិបាល នៅ​សល់ ៥២​គ្រួសារ​ទៀត​មិន​ទាន់​យល់​ព្រម។

លោក​បន្ត​ថា ៖ «រឿង​ហ្នឹង​គ្រាន់​តែ​ឮ​ទេ (ចុះរុះរើ) មិន​ដឹង​ច្បាស់​ដែរ​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា ការ​និយាយ គឺ​និយាយ​មែន តែ​ការ​អនុវត្ត​មិន​ទាន់​បាន​ដឹង​ច្បាស់​ទេ»

ពាក់ព័ន្ធ​នឹង​សេចក្តី​ជូន​ដំណឹង​ខាង​លើ​នេះ ត្រូវ​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ លោក សុន ឆ័យ បាន​រិៈគន់​ថា សេចក្តី​ជូន​ដំណឹង​របស់​អភិបាល​ខណ្ឌ​ដូនពេញ នោះ គឺ​ខុស​ច្បាប់​ភូមិបាល ដោយ​នៅ​ក្នុង​ច្បាប់​ភូមិបាល ការ​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មាន​តែ​សាលា​រាធានី​ភ្នំពេញ ទេ ដែល​មាន​សិទ្ធិ។

លោក​បន្ត​ថា ៖ «សូម​ជម្រាប​ថា មាន​ការ​ចាត់ការ​ពី​មន្រ្តី​មូលដ្ឋាន​ខ្លះៗ​ហើយ ដឹង​ថា​មាន​ក្រុម​ប្រឹក្សា​ខណ្ឌ​ដូនពេញ គាត់​មក​ពី​គណបក្ស​សមរង្ស៊ី ហ្នឹង គាត់​នឹង​រៀបចំ​លិខិត​មួយ​បដិសេធ​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ខណ្ឌ​ហ្នឹង។ សាលា​ខណ្ឌ​មិន​មាន​សិទ្ធិ​ចេញ​សេចក្ដី​ជូន​ដំណឹង​ទៅ​រើ​ផ្ទះ​អ្នក​ស្រុក​បែប​ហ្នឹង​ទេ។ ហើយ​យើង​ក៏​ដឹង​ដែរ​ថា ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ ក៏​ជំរុញ​ឲ្យ​មាន​ការ​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ ដែល​គេ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​សីហា នេះ ដើម្បី​សួរ​នាំ​ទៅ​អភិបាល​រាជធានី ភ្នំពេញ ហ្នឹង ថា​ហេតុ​ដូច​ម្ដេច​បាន​ជា​ហ៊ាន​ផ្ដល់​សិទ្ធិ​ឲ្យ​ទៅ​សាលា​ខណ្ឌ ចេញ​លិខិត​រុះរើ​ខុស​ពី​គោលការណ៍​ច្បាប់? ពីព្រោះ​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត/​ក្រុង ស្រុក/​ខណ្ឌ​ហ្នឹង គឺ​គេ​មាន​ចែង​ច្បាស់​លាស់​ណាស់​នៅ​ក្នុង​មាត្រា ១៥៧ និង ១៥៨ មាន​តែ​ក្រុម​ប្រឹក្សា​រាជធានី​ទេ ដែល​មាន​សិទ្ធិ​សម្រេច​ទៅ​លើ​គោលការណ៍ ហើយ​ខាង​គណៈ​អភិបាល​រាជធានី​នោះ គ្រាន់តែ​អនុវត្ត​ទេ»

មន្ត្រី​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​មាន​លំនៅដ្ឋាន កញ្ញា រចនា បាន​លើក​ឡើង​ថា សេចក្តី​ជូន​ដំណឹង​របស់​អភិបាល​ខណ្ឌ​ដូនពេញ នេះ គឺ​ជា​ការ​បង្ខិតបង្ខំ​របស់​អាជ្ញាធរ​លើ​ប្រជាពលរដ្ឋ​ឲ្យ​ពួក​គាត់​ចាក​ចេញ​ដោយ​បង្ខំ​ចិត្ត។

កញ្ញា រចនា បាន​លើក​ឡើង​ដូច្នេះ ៖ «យ៉ាងហោចណាស់​ក៏​មាន​ប្រជាជន​ពី ៤០ ទៅ ៥០% ដែរ បន្ទាប់​ពី​បាន​ឃើញ​លិខិត​ជូន​ដំណឹង​ហ្នឹង គឺ​គាត់​បង្ខំ​ចិត្ត​ទទួល​យក​គោល​នយោបាយ​ហ្នឹង​ឯង»

អ្នកស្រី អ៊ិន សាថន ចៅ​សង្កាត់​រង​នៃ​សង្កាត់​ស្រះចក សូម​ឆ្លើយ​បំភ្លឺ​រឿង​រ៉ាវ​ខាង​លើ​នេះ នៅ​ថ្ងៃ​ទី ១៩ សីហា ឆ្នាំ​២០០៩។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី ១៧ សីហា ២០០៩ សាលា​រាជធានី​ភ្នំពេញ ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទទួល​យក​គោល​នយោបាយ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ទៅ​ជួប​ដើម្បី​ដោះស្រាយ។

សូម​ជម្រាប​ដែរ​ថា ឯកសារ​រដ្ឋាភិបាល​កម្ពុជា បាន​ជួល​បឹង​កក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ស៊ូកាគូ ក្នុង​តម្លៃ​ជាង ៧៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​រយៈពេល​ដំបូង ៩៩​ឆ្នាំ។ ថ្លៃ​ឈ្នួល​នេះ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ការដោះស្រាយ​គោល​នយោបាយ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​៤.២៥២​គ្រួសារ ហើយ​ភាគី​ក្រុមហ៊ុន​នឹង​ទទួល​បាន​ទីតាំង​បឹង​កក់​ចំនួន ១៣៣​ហិកតារ​មក​គ្រប់គ្រង គឺ​បន្ទាប់​ពី​ភាគី​សាលា​ក្រុង​បាន​ដោះស្រាយ​បញ្ហា​ដី​រួច​ទាំង​ស្រុង។

ការ​អនុញ្ញាត​នេះ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​សំដែង​ថា​បាន​រំលោភ​លើ​ច្បាប់​ភូមិបាល​ឆ្នាំ ២០០១ ដែល​ថា ការ​ប្រគល់​បឹង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទៅ​ឲ្យ​ឯកជន គឺ​មិន​ត្រូវ​​ហួស​ពី ១៥​ឆ្នាំ​ឡើយ៕