គណៈ​ធម្មយុត្តិ​ស្នើ​សុំ​បង្កើត​អាគារធិការដ្ឋាន​ដាច់​ដោយ​ឡែក

2012-02-25

គណៈ​សង្ឃ​នៃ​គណៈ​ធម្មយុត្តិកនិកាយ​បាន​ស្នើ​សុំ​ដល់​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​បង្កើត​អាគារ​ធិការដ្ឋាន​ពុទ្ធិក​សិក្សា​គណៈ​ធម្មយុត្តិ​មួយ​ដាច់​ដោយ​ឡែក​ពី​អាគារ​ធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ។

RFA/Keo Pech Metta

អនុ​សំវច្ឆរ​មហា​សន្និបាត​មន្ត្រី​សង្ឃ​គណៈ​ធម្មយុត្តិកនិកាយ​ទូទាំង​ប្រទេស លើក​ទី​២០ កាល​ពី​ថ្ងៃ​ទី២៣-២៤ កុម្ភៈ ២០១២ នៅ​រាជធានី​ភ្នំពេញ

មន្ត្រី​សង្ឃ និង​គណៈកម្មការ​អាចារ្យ​វត្ត​នៃ​ព្រះ​ពុទ្ធ​សាសនា​គណៈ​ធម្មយុត្តិកនិកាយ​ប្រមាណ​ជាង ៦០០​រូប មក​ពី​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ បាន​ជួប​ជុំ​គ្នា​បើក​អង្គ​ប្រជុំ​អនុ​សំវច្ឆរ​មហា​សន្និបាត​មន្ត្រី​សង្ឃ​នៅ​ទូទាំង​ប្រទេស លើក​ទី​២០ ដើម្បី​ជជែក​វែក​ញែក​អំពី​ការ​ប្រតិបត្តិ​ធម៌ វិន័យ​ផ្នែក​ធម្មយុត្តិ​នៅ​កម្ពុជា។

កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រសួង​ធម្មការ និង​សាសនា នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ដល់​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។

នៅ​ក្នុង​អនុ​សំវច្ឆរ​ទាំង​ពីរ​ថ្ងៃ​នោះ គេ​បាន​ផ្ដោត​ជា​សំខាន់​គឺ​ពង្រឹង​រចនាសម្ព័ន្ធ​គណៈ​សង្ឃ​ធម្មយុត្តិ ការ​សិក្សា​ធម៌ វិន័យ​របស់​ភិក្ខុ សាមណេរ និង​ពង្រឹង​វិស័យ​ពុទ្ធិក​សិក្សា​ផ្នែក​ធម្មយុត្តិ ដូច​ជា​បង្កើត​សាលា​រៀន​សម្រាប់​ព្រះ​សង្ឃ​ធម្មយុត្ត រួម​មាន​ពុទ្ធិក​សកល​វិទ្យាល័យ​ជា​ដើម។

សម្ដេច​ព្រះ​អភិសិរី​សុគន្ធា​មហា​សង្ឃ​រាជា​ធិបតី បូរ គ្រី សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ​នៃ​ប្រទេស​កម្ពុជា បាន​មាន​ព្រះ​ថេរដីកា​នៅ​ក្នុង​អនុ​សំវច្ឆរ​នោះ​ថា តាម​ពិត​ទៅ វិស័យ​ពុទ្ធិក​សិក្សា​របស់​ព្រះ​សង្ឃ​ផ្នែក​ធម្មយុត្តិ គឺ​មាន​បង្កើត​ច្រើន​ដែរ​ហើយ ទាំង​ពុទ្ធិ​បឋម​សិក្សា មធ្យម​សិក្សា និង​ឧត្ដម​សិក្សា ក៏​ប៉ុន្តែ​សម្រាប់​អាគារធិការដ្ឋាន​ដើម្បី​មើល​គ្រប់​គ្រង​ពុទ្ធិក​សិក្សា ឬ​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ធម្មយុត្តិ​នៅ​ពុំ​ទាន់​មាន​ទេ តាំង​ពី​ដើម​រៀង​មក រហូត​មក​ដល់​ពេល​នេះ។

សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ​បាន​មាន​ព្រះ​ថេរដីកា​ទៀត​ថា ទាំង​អាគារធិការដ្ឋាន​ក្ដី ទាំង​ពុទ្ធិក​សិក្សា​ក្តី គឺ​ដើរ​តួ​យ៉ាង​សំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​វិស័យ​ព្រះ​ពុទ្ធ​សាសនា ពិសេស​គឺ​ពង្រឹង​ការ​សិក្សា​ភាសា​បាលី ៖ "ដែល​ជា​ភាសា​គោល ភាសា​គ្រឹះ​សម្រាប់​ព្រះ​ពុទ្ធ​សាសនា​យើង"

នៅ​ក្នុង​អនុ​សំវច្ឆរ​មហា​សន្និបាត​មន្រ្ដី​សង្ឃ​គណៈ​ធម្មយុត្តិកនិកាយ​នោះ​ដែរ អ្នក​ស្រី ផុន ផល្លា រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ធម្មការ និង​សាសនា។ អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា តាំង​ពី​ដើម​រៀង​មក រហូត​មក​ដល់​សព្វ​ថ្ងៃ ការ​គោរព​ព្រះ​ពុទ្ធ​សាសនា​នៅ​កម្ពុជា​មាន​និកាយ​ពីរ គឺ​គណៈ​មហា​និកាយ និង​គណៈ​ធម្មយុត្តិកនិកាយ។ រី​ឯ​ចំណែក​ការ​បដិបត្តិ​ធម៌​វិន័យ​របស់​ព្រះ​សង្ឃ​ទាំង​ពីរ​គណៈ និង​ការ​គោរព​បូជា​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​ពុទ្ធ​បរិស័ទ​កាល​ពី​សម័យ​មុន និង​សម័យ​បច្ចុប្បន្ន​ក៏​ឃើញ​មិន​ទំនាស់​គ្នា​អ្វី​ដែរ។ ហេតុ​ដូច្នេះ​ហើយ​សព្វ​ថ្ងៃ​នេះ ដោយ​ហេតុ​ថា ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​នោះ គឺ​ក្រសួង​ធម្មការ និង​សាសនា មាន​តួនាទី​ជា​អ្នក​គ្រប់គ្រង​ទាំង​គណៈ​មហា​និកាយ និង​គណៈ​ធម្មយុត្តិកនិកាយ ៖ "ហើយ​រហូត​មក​ដល់​ឥឡូវ​ហ្នឹង​យើង​ចង់​ថែ​រក្សា​ឲ្យ​និកាយ​ទាំង​ពីរ​ហ្នឹង​មាន​អ្វីៗ​ប្រហាក់​ប្រហែល​គ្នា"

អ្នក​ចូល​រួម​នៅ​ក្នុង​អនុ​សំវច្ឆរ​មហា​សន្និបាត​មន្ត្រី​សង្ឃ​គណៈ​ធម្មយុត្តិកនិកាយ​ជា​អាចារ្យ និង​គណៈកម្មការ​វត្ត​ផ្នែក​ធម្មយុត្តិ​ដែល​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​នោះ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា គេ​ចង់​ឲ្យ​មាន​អាគារធិការដ្ឋាន ឬ​ពុទ្ធិក​សិក្សា​នៅ​តាម​វត្ត​អារាម​ធម្មយុត្តិ​ឲ្យ​បាន​ច្រើន​ដែរ ពី​ព្រោះ​ថា​សព្វ​ថ្ងៃ​ការ​សិក្សា​ធម៌​វិន័យ​របស់​ព្រះ​សង្ឃ និង​គ្រហស្ថ​ផ្នែក​ខាង​ធម្មយុត្តិ​នោះ គឺ​នៅ​មាន​ភាព​ច្របូក​ច្របល់​ជា​មួយ​និង​គណៈ​មហា​និកាយ​នៅ​ឡើយ​ទេ។

ក្នុង​ចំណោម​គណៈកម្មការ​ដែល​ចូល​រួម លោក លី គឺម​សន សមាជិក​គណៈកម្មការ​វត្ត​ថ្វាយ​ដង្គំ នៅ​ខេត្ត​សៀមរាប។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​រៀន​ច្របូក​ច្របល់​គ្នា​ធម៌​មហា​និកាយ​ផង និង​ធម្មយុត្តិ​ផង​នោះ ហាក់​មិន​មាន​ការ​រីក​ចម្រើន។ ដូច្នេះ​ប្រសិន​បើ​មាន​ការ​បង្កើត​ឲ្យ​មាន​ពុទ្ធិក​សិក្សា​ក្នុង​វត្ដ​ធម្មយុត្តិ​តែ​មួយ​នោះ លោក​គិត​ថា​ប្រសើរ។

អ្នក​ស្រី ម៉ុំ ផាត ជា​ពុទ្ធ​បរិស័ទ​ខាង​ធម្មយុត្តិ និង​ជា​គណៈកម្មការ​វត្ត​ព្រះ​ពុទ្ធ​វិជ្ជា នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​បាន​ចូល​រួម​នៅ​ក្នុង​អនុ​សំវច្ឆរ​មហា​សន្និបាត​មន្ត្រី​សង្ឃ​គណៈ​ធម្មយុត្តិកនិកាយ បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា គាត់​មិន​គិត​អំពី​បញ្ហា​ច្របូក​ច្របល់​ជា​មួយ​និង​គណៈ​មហា​និកាយ​អ្វី​នោះ​ទេ សំខាន់​គឺ​ថា​ប្រសិន​បើ​មាន​ពុទ្ធិក​សិក្សា​ធម្មយុត្តិ​ច្រើន​នោះ គឺ​អាច​ជួយ​ដល់​ព្រះ​សង្ឃ​បាន​សិក្សា​រៀន​សូត្រ​កាន់​តែ​ចេះ​ដឹង​ជ្រៅ​ជ្រះ​ពី​ព្រះ​ពុទ្ធ​សាសនា​ច្រើន។

ទាក់​ទង​និង​ការ​គោរព​ព្រះ​ពុទ្ធ​សាសនា​ផ្នែក​ធម្មយុត្តិ​នេះ សម្ដេច​ព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រា​ជា​ធិបតី បូរ គ្រី សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ​នៃ​ប្រទេស​កម្ពុជា បាន​មាន​ព្រះ​ថេរដីកា​ថា តាម​ពិត​ទៅ គណៈ​មហា​និកាយ​ក្ដី ធម្មយុត្តិ​ក្ដី គឺ​ជា​ព្រះ​ពុទ្ធ​សាសនា​តែ​មួយ មិន​មាន​ទាស់​ខុស​អ្វី​ទេ ពី​ព្រោះ​និកាយ​ទាំង​ពីរ​នេះ​បាន​ប្រតិបត្តិ​តាម​ព្រះ​ត្រៃបិដក​ពុទ្ធ​វចន​តែ​មួយ​ដូច​គ្នា។

ការ​គោរព​ព្រះ​ពុទ្ធ​សាសនា​ផ្នែក​ខាង​គណៈ​ធម្មយុត្តិកនិកាយ​នៅ​កម្ពុជា គឺ​បាន​កើត​មាន​ឡើង​តាំង​ពី​ក្នុង​សម័យ​ព្រះ​មហា​ក្សត្រ​ខ្មែរ​មួយ​អង្គ គឺ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​អង្គឌួង កាល​ពី​ឆ្នាំ​១៨៥៧។ ក្នុង​កាល​នោះ ព្រះ​អង្គ​បាន​តែង​តាំង​ព្រះ​មហា​ប៉ាន់ ជា​សម្ដេច​សង្ឃនាយក​នៃ​គណៈ​ធម្មយុត្តិកនិកាយ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ព្រះ​មហា​ប៉ាន់​នោះ គឺ​ជា​ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ​ដែល​បាន​និមន្ត​ទៅ​រៀន​ធម៌ វិន័យ​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​ថៃ ក្នុង​សម័យ​នោះ ហើយ​នៅ​ពេល​និមន្ត​ត្រឡប់​មក​មាតុ​ប្រទេស​វិញ ក៏​បាន​នាំ​យក​ទាំង​វប្បធម៌​ព្រះ​ពុទ្ធ​សាសនា​គណៈ​ធម្មយុត្តិ​នេះ​មក​ជា​មួយ​ផង។ ប្រការ​នេះ​ហើយ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេស​កម្ពុជា​ក៏​ប្រកាន់​ការ​គោរព​ព្រះ​ពុទ្ធ​សាសនា​ទាំង​គណៈ​មហានិកាយ និង​គណៈ​ធម្មយុត្តិ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

អ្នក​អាន​អនាមិក :

Feb 25, 2012 04:23 PM

អ្នក​អាន​អនាមិក :

Feb 25, 2012 02:19 PM

អ្នក​អាន​អនាមិក :

Feb 25, 2012 10:07 AM

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

រដ្ឋាភិបាល​កំពុង​កែ​សម្រួល​ប្រពៃណី​​ទំនៀមទម្លាប់​ឲ្យ​ក្លាយ​ជា​ក្បួន​ខ្នាត​ជាតិ

សាលា​រៀន​ភាសា​​ចិន​រីក​ដុះដាល​នៅ​កម្ពុជា

សាលា​បញ្ញា​សាស្ត្រ​គ្រោង​បំបួស​យុវជន ៣០០​នាក់

ប្រវត្តិ​ទំនាក់ទំនង​រវាង​សត្វ​នាគ​និង​ពលរដ្ឋ​ខ្មែរ

ប្រភព​ដើម​និង​ទស្សនៈ​ពុទ្ធ​សាសនា​ជុំវិញ​ឆ្នាំរោង​និង​សត្វ​នាគ

បុណ្យ​ឆ្លង​ចេត្រ​នៅ​តំបន់​អង្គរ

បុណ្យ​ឆ្លង​ចេត្រ​នៅ​តំបន់​អង្គរ

ក្រុម​សិល្បៈ​ខ្មែរ​នៅ​ខេត្ត​កោះកុង​ទៅ​សម្ដែង​នៅ​ប្រទេស​ថៃ

ក្រុម​សិល្បៈ​ខ្មែរ​នៅ​ខេត្ត​កោះកុង​ទៅ​សម្ដែង​នៅ​ប្រទេស​ថៃ

សេចក្ដី​រាយការណ៍​នានា​ទាក់ទង​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org