កំណត់​ត្រា៖ បក្ស​ប្រជាជន​មាន​ឥទ្ធិពល​ផ្ដាច់​មុខ​លើ គ.ជ.ប

សង្គម​ស៊ីវិល​ជំរុញ​ជា​ថ្មី​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​កំណែទម្រង់​នយោបាយ និង​ប្រព័ន្ធ​បោះ​ឆ្នោត ដើម្បី​ធានា​ឲ្យ​មាន​នូវ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា។
ដោយ វណ្ណ វិចារ
2013.02.11
អ៊ូ​វីរៈ305 លោក អ៊ូ វីរៈ ប្រធាន​មជ្ឍមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។
RFA Photo

ក្នុង​កំណត់​ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១១ កុម្ភៈ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ឥទ្ធិពល​ផ្តាច់​មុខ​តែ​មួយ​គត់​ទៅ​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ជា​ហេតុ​ធ្វើ​ឲ្យ​អង្គភាព​ដែល​ត្រូវ​តែ​ឯករាជ្យ​មួយ​នេះ ត្រូវ​ដើរ​តាម​ការ​ចង្អុល​ទិស​របស់​បក្ស​កាន់​អំណាច។

ក្នុង​កំណត់​ត្រា​សង្ខេប​កម្រាស់​ជាង ១០​ទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រៀប​រាប់​លម្អិត​លើ​ផ្នែក​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា វិភាគ​ពី​គុណ​វិបត្តិ​នានា​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​ទៅ វិភាគ​លើ​វិសាលភាព​នៃ​ការ​ទាក់​ទាញ​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង ព្រម​ទាំង​បង្ហាញ​នូវ​មនុស្ស​បី​ក្រុម​ដែល​អ្នក​នយោបាយ​ចាត់​ទុក​ថា​មិន​សូវ​សំខាន់​នៅ​ក្នុង​សង្គម។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​កំណត់​ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នេះ ដើម្បី​ជា​ឧបករណ៍​មូលដ្ឋាន​មួយ​បញ្ជាក់​ពី​ប្រព័ន្ធ​បោះ​ឆ្នោត និង​ចំណុច​អវិជ្ជមាន​ទាំង​ឡាយ​ដែល​ធ្លាប់​កើត​មាន​នៅ​កម្ពុជា ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង។ លោក​បន្ត​ថា កូនសោ​សំខាន់​បំផុត​សម្រាប់​ជំរុញ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឯករាជ្យ។

លោក អ៊ូ វីរៈ បញ្ជាក់​ថា គ.ជ.ប សព្វថ្ងៃ​មិន​ទាន់​ឈរ​នៅ​ជំហរ​ឯករាជ្យ​ពី​គណបក្ស​កាន់​អំណាច​នោះ​ឡើយ៖ «ខ្ញុំ​មើល​ឃើញ​បញ្ហា​មួយ​ចំនួន អ្វី​ដែល​ចាំបាច់​បំផុត គឺ​ការ​កំណែ​ទម្រង់ គ.ជ.ប ដែល​មិន​ឯករាជ្យ គឺ​ជា​រឿង​មួយ​ដែល​សំខាន់​បំផុត​ក្នុង​ការ​ប្រកួត​ប្រជែង​ដែល​អត់​មាន​អាប៊ីត​ឯករាជ្យ គឺ​ការ​ប្រកួត​ប្រជែង​ដែល​មិន​អាច​ធ្វើ​ទៅ​កើត​ទេ មិន​អាច​ទទួល​យក​ដោយ​ភាគី​ទាំង​សង​ខាង»

កំណត់​ត្រា​សង្ខេប​ចង្អុល​ថា គុណ​វិបត្តិ និង​ប្រការ​ដែល​នាំ​ឲ្យ គ.ជ.ប មិន​ឯករាជ្យ នៅ​ត្រង់​ថា មិន​មាន​ច្បាប់​ណា​ដែល​កំណត់​អាណត្តិ​សមាជិក គ.ជ.ប និង​ការពារ​តួនាទី​របស់​ពួក​គេ​ឡើយ មាន​ន័យ​ថា ពួក​គេ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ភ្លាម បើ​សិន​ជា​ហ៊ាន​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ដែល​គេ​ចាត់​ទុក​ថា​ផ្ទុយ​នឹង​ផល​ប្រយោជន៍​របស់​គណបក្ស​ប្រជាជន។ ចំពោះ​សមាជិក គ.ជ.ប ៩​រូប ក៏​ត្រូវ​តែង​តាំង​ដោយ​គណៈរដ្ឋមន្ត្រី ហើយ​ស្ថិត​នៅ​ក្រោម​ក្រសួង​មហាផ្ទៃ ដែល​ក្រសួង​នេះ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ កំណត់​ត្រា​ក៏​បាន​បញ្ជាក់​ថា ព្រោះ​តែ​ភាព​មិន​ឯករាជ្យ​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ គ.ជ.ប ទាត់​ចោល​បណ្ដឹង​មួយ​ចំនួន​ស្ដីពី​ភាព​មិន​ប្រក្រតី​ជុំវិញ​ដំណើរ​ការ​បោះ​ឆ្នោត។

ទន្ទឹម​នឹង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​បាន​ព្យាយាម​ជួប​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន គ.ជ.ប ដើម្បី​និយាយ​ពី​កំណែ​ទម្រង់ ប៉ុន្តែ​មិន​បាន​លទ្ធផល​ល្អ​នោះ​ទេ។ លោក​បន្ត​ថា ភាព​ចាំបាច់​សម្រាប់​ប្រជាធិបតេយ្យ​ពិត​ប្រាកដ គឺ​ការ​បោះ​ឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព ប៉ុន្តែ​បច្ចុប្បន្ន កម្ពុជា មិន​ទាន់​មាន​នោះ​ទេ។ លោក យឹម សុវណ្ណ បញ្ជាក់​ថា មាន​តែ​ការ​តស៊ូ​មតិ​ទេ ដែល​អាច​នាំ​ឲ្យ​កម្ពុជា មាន​ការ​បោះ​ឆ្នោត​មួយ​ដែល​អាច​ទទួល​យក​បាន បើ​មិន​ដូច្នេះ​ទេ គណបក្ស​កាន់​អំណាច​នឹង​កាន់​តែ​ប្រើ​ឥទ្ធិពល​ទៅ​លើ គ.ជ.ប ហើយ​អ្នក​រងគ្រោះ​ចុង​ក្រោយ គឺ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។

លោក យឹម សុវណ្ណ៖ «រឿង​ហ្នឹង​ជា​រឿង​ដែល​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​ដដែលៗ​នូវ គ.ជ.ប ជា​ឧបករណ៍​ដើម្បី​រក្សា​អំណាច ហើយ​សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ដឹង​ទាំង​អស់​គ្នា។ ពលរដ្ឋ​មាន​ការ​ក្តុកក្តួល​ចង់​ផ្លាស់​ប្ដូរ​យ៉ាង​ម៉េច​ក៏ដោយ ក៏ប៉ុន្តែ​គាត់​មិន​ចេញ​សកម្មភាព​ជា​ដុំ​កំភួន​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ពួក​គាត់​ម្នាក់ៗ​កំពុង​រង់ចាំ​ឱកាស​មួយ»

កំណត់​ត្រា​សង្ខេប​បញ្ជាក់​ពី​គុណ​វិបត្តិ​នៃ​ការ​ទាក់​ទាញ​សំឡេង​ឆ្នោត​នៅ​ត្រង់​ថា គណបក្ស​កាន់​អំណាច​បាន​ក្តោប​ក្តាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​លើសលប់ ជាពិសេស​ទូរទស្សន៍។ ចំពោះ​ការ​ឃោសនា​បោះ​ឆ្នោត​វិញ ក៏​មិន​មាន​ភាព​ស្មើ​គ្នា​ដែរ ដោយ​កាល​ពី​ថ្ងៃ​ទី១ មិថុនា ឆ្នាំ​២០១២ ក្រសួង​ព័ត៌មាន​បាន​ទាក់​ទង​ទៅ​វិទ្យុ​ជាច្រើន​នៅ​ក្នុង​ស្រុក ឲ្យ​ផ្អាក​ការ​ចាក់​ផ្សាយ​កម្មវិធី​ដែល​ផលិត​ដោយ​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន ដូច​ជា​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​វីអូអេ (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) វិទ្យុ​អូស្ត្រាលី និង​វិទ្យុ​បារាំង​អន្តរជាតិ (RFI)។ ហើយ​តាម​បម្រាម​ដែល​មិន​យក​ច្បាប់​ជា​គោល​នេះ បញ្ជាក់​ឲ្យ​ឃើញ​ថា បំណង​គណបក្ស​ប្រជាជន គឺ​ជា​ការ​បំបិទ​កិច្ច​ពិភាក្សា​នយោបាយ​របស់​គណបក្ស​ដទៃ និង​ដើម្បី​បាន​សំឡេង​ក្នុង​ការ​បោះ​ឆ្នោត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី១១ កុម្ភៈ ឆ្នាំ​២០១៣។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​បែប​នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ដោយ​សង្គម​ស៊ីវិល​នេះ ជា​ការ​បន្ទរ​ដដែលៗ​មិន​មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់ គ.ជ.ប នោះ​ទេ។ លោក​បន្ត​ថា ចំពោះ​ចំណុច​ខ្វះខាត​ទាំង​ឡាយ គ.ជ.ប នឹង​កែលំអ​ជា​បន្តបន្ទាប់ ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

លោក ទេព នីថា បញ្ជាក់​ថា គ.ជ.ប ក៏​ត្រូវ​ការ​មតិ​រិះគន់​ជាច្រើន ដើម្បី​ស្ថាបនា​ស្ថាប័ន​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ដែរ៖ «លទ្ធផល​ជាក់ស្តែង​ហ្នឹង យើង​ឃើញ​ហ្នឹង​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​ហ្នឹង ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​លទ្ធផល​ត្រូវ​ទទួល​ស្គាល់​នៅ​ទូទាំង​ប្រទេស។ យើង​បាន​បង្កើត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មក។ ហើយ​ចំពោះ​មុខ យើង​ខិតខំ​កែលំអ​ទៀត តែ​យើង​នៅ​តែ​ទទួល​នូវ​រាល់​អនុសាសន៍។ ជា​ធម្មតា យើង​មិន​អាច​ធ្វើ​អ្វី​មួយ​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ»

ទោះ​យ៉ាង​ណា​ក៏ដោយ ក្នុង​កំណត់​ត្រា​សង្ខេប​ក៏​បាន​ផ្តល់​អនុសាសន៍​ពាក់ព័ន្ធ​នឹង​កំណែ​ទម្រង់ គ.ជ.ប លើ​ចំណុច​មួយ​ចំនួន​ដូច​ជា បង្កើត​ដំណើរ​ការ​ជ្រើស​រើស​ដោយ​បើក​ចំហ ដោយ​ធ្វើ​ឲ្យ​មាន​ការ​ចូល​រួម​ផ្នែក​នយោបាយ​មាន​លក្ខណៈ​ចម្រុះ និង​មាន​សមាជិក​ភាព​ច្រើន​ជាង​សព្វថ្ងៃ និង​នៅ​តាម​រដ្ឋបាល​ទៅ​តាម​តំបន់ ធានា​នូវ​សុវត្ថិភាព​ដល់​មុខ​តំណែង​ជា​សមាជិក​របស់ គ.ជ.ប កុំ​ឲ្យ​មាន​ការ​ដក​ចេញ​តាម​ទំនើង​ចិត្ត បង្កើត​នូវ​កញ្ចប់​ថវិកា​ដែល​មាន​លក្ខន្តិកៈ​ផ្លូវ​ច្បាប់ និង​ឯករាជ្យ​ភាព ដើម្បី​ផ្គត់ផ្គង់ គ.ជ.ប ពិនិត្យ​ឡើង​វិញ​នូវ​រយៈពេល​កំណត់ និង​នីតិវិធី សម្រាប់​ដាក់​ពាក្យ​បណ្ដឹង បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដើម្បី​ឲ្យ​គណបក្ស​ទាំង​ឡាយ​ដែល​ស្វែង​រក​ដាក់​ពាក្យ​បណ្ដឹង​មាន​ពេល​វេលា​គ្រប់គ្រាន់ ក្នុង​ការ​ប្រមូល​ភស្តុតាង​ទាំង​ឡាយ​គាំទ្រ​ពាក្យ​បណ្ដឹង។

នៅ​ក្នុង​កំណត់​ត្រា​ក៏​បាន​បញ្ជាក់​ថា គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​ចាប់​អារម្មណ៍​បង្កើត​គោល​នយោបាយ​សម្រាប់​យុវជន​ដែល​ជា​សសរ​ទ្រូង​ប្រទេស គោល​នយោបាយ​សម្រាប់​ស្ត្រី និង​គោល​នយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច​បន្ថែម​ទៀត ដើម្បី​ធានា​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។