តំណាងគណបក្សប្រជាជនខែត្រក្រចេះបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខែត្រ (PEC) ដើម្បីធ្វើការចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងថា មិនគោរពច្បាប់បោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ ។
តំណាងគណបក្សប្រជាជនឃុំក្រចេះ ស្រុកក្រចេះ គឺលោក សៅ សារ៉ាត់ បានប្ដឹងចោទប្រកាន់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងថា លោកបានឃោសនានៅសួនកុមារដោយចោទប្រកាន់ថា មេដឹកនាំសព្វថ្ងៃជាចោរលួចជាតិ ដែលបញ្ហានេះលោក សៅ សារ៉ាត់ បានទាមទារឲ្យរកភស្តុតាង ។
លោក សៅ សារ៉ាត់ បានឲ្យដឹងថា ៖ «ជាការប្រមាថមើលងាយគណបក្សប្រជាជន សុទ្ធតែបានលួចជាតិ ម៉្លោះហើយឲ្យគាត់រកភស្តុតាងលួចជាតិឯណា ? នៅកន្លែងណា ?» ។
ការប្ដឹងចោទប្រកាន់នេះត្រូវបានលោក សម រង្ស៊ី ប្រតិកម្មតបថាលោកឥតមានចោទចំឈ្មោះអ្នកណាឡើយ ៖ «ខ្ញុំអត់បានចេញឈ្មោះបុគ្គលណាទាំងអស់ ។ ខ្ញុំគ្រាន់តែបានលើកពីរបាយការណ៍ដែលចេញផ្សាយដោយអង្គការ Global Witness គេបានចោទប្រកាន់អ្នកដឹកនាំប្រទេសសព្វថ្ងៃថាជាចោរលួចជាតិ ចេញទាំងឈ្មោះចេញទាំងរូបថត ។ ហើយចង់ទៅរករឿងអ្នកណាទៅរករឿងអង្គការអន្តរជាតិដ៏ល្បីល្បាញមួយទៅបាទ» ។
សូមជម្រាបថាកាលពីថ្ងៃទី១ កក្កដា លោក សម រង្ស៊ី បានឃោសនាប្រាប់ប្រជាពលរដ្ឋនិងអ្នកគាំទ្រគណបក្សសមរង្ស៊ីប្រមាណ៣០០នាក់ដែលបានចូលរួមដោយបានលើកពីរបាយការណ៍របស់ Global Witness ថាប្រជាពលរដ្ឋខ្មែរក្រដោយសារមេដឹកនាំពុករលួយនិងលួចជាតិ ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ៖ «របាយការណ៍មួយដែលចេញផ្សាយដោយអង្គការអន្តរជាតិមួយដ៏ល្បីល្បាញ ឈ្មោះ Global Witness គេសន្និដ្ឋានថាប្រជាជនខ្មែរភាគច្រើនក្រដោយសារមេដឹកនាំសព្វថ្ងៃជាចោរលួចជាតិ មិនមែនខ្ញុំ សម រង្ស៊ី អ្នកថាទេណា៎ គឺអង្គការឈ្មោះ Global Witness នេះ គេចេញឈ្មោះចោរលួចជាតិ គេយករូបថតចោរលួចជាតិ សែស្រឡាយចោរលួចជាតិយកមកចុះផ្សាយ ។ ប៉ុន្តែខ្ញុំឃើញស្លាកធំៗគេលើកតាមផ្លូវរូបប្រុស៣នាក់ ខ្ញុំឃើញថា ហ្នឹងហើយ៣នាក់ហ្នឹងដូចបេះបិទក្នុងរបាយការណ៍ចោរលួចជាតិ ហើយក្នុងចំណោមប្រុស៣នាក់ហ្នឹងអានៅកណ្ដាលអាហ្នឹងខូចជាងគេ ប៉ុន្តែវាអស់លក្ខណ៍ហើយបងប្អូន ។ សូមបងប្អូនកុំបោះឆ្នោតឲ្យចោរ...» ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខែត្រ គឺលោក អ៊ុង ស៊ីយឿន ថ្ងៃនេះលោកកំពុងជាប់នៅភ្នំពេញ តែលោកបានជម្រាបពីច្បាប់បោះឆ្នោតថា មានការហាមឃោសនាដែលធ្វើឲ្យប៉ះពាល់ដល់បុគ្គល ។
លោក អ៊ុង ស៊ីយឿន បានបញ្ជាក់ថា ៖ «នៅក្នុងមាត្រាហ្នឹងអ្វីដែលជាការប៉ះពាល់ដល់សិទ្ធិបុគ្គលគឺហាមប្រាម ហើយនៅមានចំណុចផ្សេងៗទៀត» ។
លោក អ៊ុង ស៊ីយឿន បានបញ្ជាក់បន្ថែមថាបណ្ដឹងតាមនីតិវិធី PEC អត់អាចធ្វើអ្វីបានទាំងអស់ លុះណាតែមានបណ្ដឹងជំទាស់នឹងការសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតឃុំ (CEC) សិន ។
មន្ត្រីខុមហ្វ្រែលខែត្រដែលតាមឃ្លាំមើលការបោះឆ្នោតបានអះអាងថា មិនទាន់អាចធ្វើអត្ថាធិប្បាយអ្វីបាននៅឡើយដែរ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
តំណាងរាស្ត្របក្សសមរង្ស៊ីនឹងមិនចូលរួមក្នុងគណៈកម្មការជំនាញសភាទេ
បក្សប្រឆាំងស្នើសុំឲ្យអ្នកសង្កេតការណ៍បោះឆ្នោតបង្កើនការត្រួតពិនិត្យថែមទៀត
នាយករដ្ឋមន្ត្រីខ្មែរអំពាវនាវកុំឲ្យប្រទេសនានាពឹងអ.ស.ប.រៀបចំការបោះឆ្នោត
ហ៊ុន សែន៖ មិនយូរមិនឆាប់ក្រុមប្រឆាំងគង់តែនឹងចូលរួមប្រជុំសភា
បក្សប្រឆាំងទាមទារឲ្យកែច្បាប់បោះឆ្នោតនិងឲ្យមានតួនាទីក្នុងសភាសម្រាប់បក្សប្រឆាំង
បក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សនៅតែប្រកាន់ជំហរមិនចូលប្រជុំសភា
បក្សសមរង្ស៊ីប្រកាន់ជំហរធ្វើពិធីស្បថចូលកាន់តំណែងដាច់ដោយឡែក
បក្សប្រឆាំងនៅតែប្រកាន់ជំហរពហិការសម័យប្រជុំលើកដំបូងរបស់សភាអាណត្តិទី៤
មូរ សុខហួរ ចូលខ្លួនទៅបំភ្លឺក្នុងតុលាការខែត្រកំពត
បក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សបន្ដបេ្ដជ្ញាចិត្តមិនចូលរួមសម័យប្រជុំសភាលើកដំបូង