មន្ត្រីគណបក្សប្រជាជន ចាត់ទុកសាររបស់លោក កឹម សុខា នេះថា គឺជាការបម្រើនយោបាយឲ្យក្រុមចក្រពត្តិនិយមអាមេរិកាំង របស់សេនាប្រមុខ លន់ នល់។
ឆ្លើយតបនឹងការរិះគន់នេះ លោក ប៉ុល ហំម អនុប្រធានគណៈកម្មាធិការបណ្ដោះអាសន្នគណបក្សសង្គ្រោះជាតិ អះអាងថា សាររបស់សមាជិករបស់បក្សប្រជាជនកម្ពុជា រូបនេះ ធ្វើឡើងជាការឃោសនានយោបាយនៅមុនការបោះឆ្នោតមកដល់ប៉ុណ្ណោះ។
ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអ្នកធ្វើអត្ថាធិប្បាយប្រចាំទូរទស្សន៍បាយ័ន លោក ជុំ កុសល ព្រមានចាក់ផ្សាយខ្សែអាត់វីដេអូជាសាធារណៈ ប្រឆាំងនឹងសាររបស់អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលអះអាងថា របបខ្មែរក្រហម និងសំណល់ដែលសេសសល់ក្នុងសម័យនោះ គឺគ្រាន់តែជារបស់សិប្បនិមិត្តប៉ុណ្ណោះ។
ការថ្លែងបែបនេះរបស់លោក ជុំ កុសល ធ្វើឡើងខណៈដែលលោក និងគណបក្សប្រភូរាជរដ្ឋាភិបាលមួយចំនួនទៀត ជួបជុំនិស្សិតរាប់រយនាក់នៅមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដែលស្ថិតនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី៥ មករា ឆ្នាំ២០១៣។
លោក ជុំ កុសល ដែលមានងារជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអ្នកធ្វើអត្ថាធិប្បាយប្រចាំទូរទស្សន៍បាយ័ន ផងនោះ ហៅការថ្លែងរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពេលកន្លងទៅអំពីរបបខ្មែរក្រហម ថាគឺជាក្រុមប្រឆាំងដែលបានបន្សល់ទុកតាំងពីសម័យសាធារណរដ្ឋ ហើយតែងចង់ផ្លាស់ប្ដូររបបតាមឆន្ទៈនយោបាយរបស់ខ្លួន។
លោក ជុំ កុសល៖ «តើប្អូនៗចង់មានការផ្លាស់ប្ដូររបបទៀតអត់? ចង់ឬក៏មិនចង់ចម្លើយ អត់។ មានន័យថា ប្អូនៗអត់ចង់ឃើញប្រវត្តិអតីតកាលកើតជាថ្មីម្ដងទៀត។ បច្ចុប្បន្នមានអ្នកនយោបាយខ្លះគាត់ចង់ប្ដូររបប ពីព្រោះអ្នកនយោបាយប្រឆាំងទាំងនោះ គាត់ជាមនុស្សស្ថិតនៅក្នុងពពួកស្តាំនិយម ពពួកសាធារណរដ្ឋនិយម គាត់ចង់ប្ដូររបប។ ប៉ុន្តែយើងប្ដេជ្ញាចិត្តថា យើងមិនឲ្យដានប្រវត្តិសាស្ត្រវិលថយក្រោយវិញទេ»។
ប្រតិកម្មនឹងការថ្លែងរបស់លោក ជុំ កុសល នេះ អនុប្រធានគណៈកម្មាធិការបណ្ដោះអាសន្នគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម បញ្ជាក់ថា គោលនយោបាយរបស់បក្សប្រឆាំង គឺពុំមានគោលការណ៍អ្វីក្រៅពីអនុវត្តតាមរដ្ឋធម្មនុញ្ញ និងរបបរាជានិយមនោះទេ។
លោក ប៉ុល ហំម៖ «យើងធ្វើការនៅក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញមាន២ចំណុចសំខាន់ ថាប្រទេសកម្ពុជា គឺជាប្រទេសមានព្រះមហាក្សត្រសោយរាជ្យ។ ហើយទី២ គឺប្រទេសកម្ពុជា ប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ចំណុចទាំងពីរនេះ គឺចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ថាបើទោះជាគណបក្សណាឈ្នះប៉ុន្មានក៏ដោយ ក៏យើងមិនអាចធ្វើវិសោធនកម្មចំណុចទាំងពីរនេះបានទេ។ ដូច្នេះ ដោយគោលការណ៍នៃគណបក្សសង្គ្រោះជាតិ យើងប្រកាន់នូវមធ្យោបាយធ្វើការតស៊ូដោយអហិង្សានៅក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ មិនយកខ្មែរណាធ្វើសត្រូវ។ ដូច្នេះ អ្វីដែលជាការចោទប្រកាន់របស់គេនោះ គឺត្រឹមត្រូវទេ យើងមិនប្រកាន់ជំហរដូចរបបសាធារណរដ្ឋ»។
លោក ប៉ុល ហំម ចាត់ទុកសាររបស់សមាជិកគណបក្សប្រជាជន រូបនេះ គឺធ្វើឡើងដើម្បីផលប្រយោជន៍បក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោតជិតមកដល់ប៉ុណ្ណោះ។
ចំណែកលោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ មានប្រសាសន៍ថា ការប្រើប្រាស់វេទិកាដឺដងគ្នារបស់អ្នកនយោបាយ វាមានភាពប្រសើរជាងការបង្ហូរឈាមដើម្បីអំណាច។ លោកគិតថា នេះជារបៀបសង្គមប្រជាធិបតេយ្យដែលគូបដិបក្ខតែងប្រើប្រាស់មធ្យោបាយរបស់ខ្លួននៅមុនការបោះឆ្នោត ដើម្បីប្រជាប្រិយភាព។
លោក សុខ ទូច៖ «ប្រទេសណាក៏ដូចប្រទេសណាអ៊ីចឹងដែរ នៅពេលដែលជិតបោះឆ្នោត គេត្រូវតែប្រើប្រាស់ឲ្យអស់លទ្ធភាពនៃភាពទន់ខ្សោយរបស់ដៃគូ ដើម្បីបង្ហាញទៅទស្សនិកជនក្នុងការជ្រើសរើសម្ចាស់ឆ្នោត។ ចិត្តកីឡាហ្នឹងម៉េច ថាក្រោយពីឡើងវេញប្រដាល់ ត្រូវបញ្ចប់ បញ្ចប់អញនិយម បក្ខពួកនិយម ឬក៏ហៅថាសង្គ្រាមចិត្តសាស្ត្រត្រូវបានបញ្ចប់ ត្រូវតែគិតគូរកសាងប្រទេសជាតិឡើងវិញ។ ចំណុចទី២ គឺជាចំណុចដែលយើងត្រូវពិចារណាទាំងអស់គ្នា ការប្រើប្រាស់ភាសាសម្ដីប្រសើរជាជាងការប្រើប្រាស់កម្លាំងបាយក្នុងការទាញយកអំណាច»។
ទោះជាបែបណា សង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោត និងបក្សប្រឆាំង តែងរិះគន់ថា រដ្ឋាភិបាលហាក់បានគ្របដណ្ដប់ស្ទើរគ្រប់វិស័យក្នុងពេលបច្ចុប្បន្ននេះ ដោយរួមទាំងប្រព័ន្ធផ្សព្វផ្សាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
