មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតឃុំ លោក ញ៉េប ជា បានថ្លែងនៅថ្ងៃនេះថា នៅពេលធ្វើកិច្ចសម្រុះសម្រួលមួយជាមួយមន្ត្រីតំណាងគណបក្សសមរង្ស៊ីក្នុងមូលដ្ឋាននោះ ប្រធានភូមិគឺលោក លត់ ណាត ទទួលសារភាពថាលោកពិតជាបានហែកខិត្តប័ណ្ណ កាលពីថ្ងៃទី៥ កក្កដា ដូចការលើកឡើងនោះមែន ។
លោក ញ៉េប ជា បានមានប្រសាសន៍ថា ៖ «រឿងនេះនៅព្រឹកវេលាប្រហែលម៉ោង៥ ខាងគណបក្សសមរង្ស៊ីបានមកធ្វើពាក្យបណ្ដឹងមួយដោយឲ្យខ្ញុំចេញទម្រង់ ។ ក៏ប៉ុន្តែខ្ញុំបានជម្រាបលោកប្រធានគណបក្សឃុំហ្នឹងថា កុំអាលចេញទម្រង់អី ខ្ញុំនឹងសម្របសម្រួលតាមផ្លូវច្បាប់ដែល CEC (គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់) ទទួលខុសត្រូវ ។ ដល់ពេលនៅថ្ងៃរសៀលប្រហែលជាម៉ោង១ លោកប្រធានតំណាងក្រុមគណបក្សសមរង្ស៊ីមកជួបខ្ញុំ ខ្ញុំក៏សុំសំណេះសំណាល ហើយអ្នកដែលបានធ្វើហ្នឹងជាប្រជាពលរដ្ឋនៅក្នុងភូមិហ្នឹង សារភាពថាគេបានហែកមែន ។ ដូច្នេះលោកប្រធានសមរង្ស៊ីនៅប្រចាំឃុំហ្នឹងគាត់ក៏បានថាបើទទួលកំហុសហើយគាត់ក៏អត់មានបញ្ហាអីដែរ តែធ្វើលិខិតមួយដើម្បីកុំឲ្យមានថ្ងៃមុខថ្ងៃក្រោយ» ។
មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតឃុំដដែលបានថ្លែងថា គេមិនបានផាកពិន័យចំពោះមេភូមិនោះទេ បន្ទាប់ពីគាត់សារភាពទទួលកំហុសហើយនោះ ៕
