មន្ត្រី​បក្ស​ប្រជាជន​នៅ​ស្រុក​កងមាស ខែត្រ​កំពង់ចាម ហែក​ស្លាក​សញ្ញា​បក្ស​សមរង្ស៊ី

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុងឃុំ​កង​តាណឹង ស្រុក​កងមាស ខែត្រ​កំពង់ចាម ត្រូវ​គេ​រកឃើញ​ថា​បាន​ហែក​ស្លាក​សញ្ញា​គណបក្ស​សមរង្ស៊ី ។

មន្ត្រី​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ លោក ញ៉េប ជា បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា នៅ​ពេល​ធ្វើ​កិច្ច​សម្រុះ​សម្រួល​មួយ​ជាមួយ​មន្ត្រី​តំណាង​គណបក្ស​សមរង្ស៊ី​ក្នុង​មូលដ្ឋាន​នោះ ប្រធាន​ភូមិ​គឺ​លោក លត់ ណាត ទទួល​សារភាព​ថា​លោក​ពិត​ជា​បាន​ហែក​ខិត្តប័ណ្ណ កាលពី​ថ្ងៃ​ទី​៥ កក្កដា ដូច​ការលើក​ឡើង​នោះ​មែន ។

លោក ញ៉េប ជា បាន​មាន​ប្រសាសន៍​ថា ៖ «រឿង​នេះ​នៅ​ព្រឹក​វេលា​ប្រហែល​ម៉ោង​៥ ខាង​គណបក្ស​សមរង្ស៊ី​បាន​មក​ធ្វើ​ពាក្យ​បណ្ដឹង​មួយ​ដោយ​ឲ្យ​ខ្ញុំ​ចេញ​ទម្រង់ ។ ក៏ប៉ុន្តែ​ខ្ញុំ​បាន​ជម្រាប​លោក​ប្រធាន​គណបក្ស​ឃុំ​ហ្នឹង​ថា កុំ​អាល​ចេញ​ទម្រង់​អី ខ្ញុំ​នឹង​សម្រប​សម្រួល​តាម​ផ្លូវ​ច្បាប់​ដែល CEC (គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​សង្កាត់) ទទួល​ខុស​ត្រូវ ។ ដល់​ពេល​នៅ​ថ្ងៃ​រសៀល​ប្រហែល​ជា​ម៉ោង​១ លោក​ប្រធាន​តំណាង​ក្រុម​គណបក្ស​សមរង្ស៊ី​មក​ជួប​ខ្ញុំ ខ្ញុំ​ក៏​សុំ​សំណេះ​សំណាល ហើយ​អ្នក​ដែល​បាន​ធ្វើ​ហ្នឹង​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ហ្នឹង សារភាព​ថា​គេ​បាន​ហែក​មែន ។ ដូច្នេះ​លោក​ប្រធាន​សមរង្ស៊ី​នៅ​ប្រចាំ​ឃុំ​ហ្នឹង​គាត់​ក៏​បាន​ថា​បើ​ទទួល​កំហុស​ហើយ​គាត់​ក៏​អត់​មាន​បញ្ហា​អី​ដែរ តែ​ធ្វើ​លិខិត​មួយ​ដើម្បី​កុំ​ឲ្យ​មាន​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ»

មន្ត្រី​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​ដដែល​បាន​ថ្លែង​ថា គេ​មិន​បាន​ផាក​ពិន័យ​ចំពោះ​មេ​ភូមិ​នោះ​ទេ បន្ទាប់ពី​គាត់​សារភាព​ទទួល​កំហុស​ហើយ​នោះ ៕