ការបញ្ជាក់ជំហរខាងលើនេះបានធ្វើទ្បើងក្នុងកិច្ចប្រជុំបិទទ្វារជិតរវាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាមួយនឹងឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកអចិន្រៃ្តយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ប្រចាំនៅក្នុងប្រទេសកម្ពុជា ។
លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក្រោយពីកិច្ចប្រជុំនោះបានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតឲ្យដឹងថា លោកបានដាក់សំណួរមួយចំនួនទៅតំណាងទូតប្រទេសទាំង៥នោះ ។
លោក ហោ ណាំហុង បានឲ្យដឹងថា ៖ «បើសិនជាយើងមិនអាចដោះស្រាយបានក្នុងក្របខ័ណ្ឌទ្វេភាគី យើងមិនអាចដោះស្រាយបានក្នុងក្របខ័ណ្ឌតំបន់ គឺក្នុងក្របខ័ណ្ឌអាស៊ាន តើកម្ពុជាត្រូវធ្វើម៉េចទទួលឲ្យថៃមកនៅលើទឹកដីខ្មែរជាអចិន្ត្រៃយ៍ជាប់រហូតឬយ៉ាងម៉េច ? ឬក៏ធ្វើការដោះស្រាយដោយអាវុធ ? ឬក៏ទៅរកក្រុមប្រឹក្សាសន្តិសុខដើម្បីឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួយដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមកាតព្វកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខ ។ នេះជាសំណួររបស់ខ្ញុំដែលខ្ញុំបានសួរទៅឯកអគ្គរដ្ឋទូតទាំង៥នៃប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥របស់អង្គការសហប្រជាជាតិ» ។
លោក ហោ ណាំហុង បានបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនជាស្រេចហើយក្នុងការទទួលបេសកជនពិសេសមកពីប្រទេសឥណ្ឌូណេស៊ីនិងប្រទេសវៀតណាម ដើម្បីស្វែងរកដំណោះស្រាយរវាងកម្ពុជានិងថៃក្នុងក្របខ័ណ្ឌតំបន់អាស៊ាន ។
តំណាងទូតនៃប្រទេសទាំង៥ដែលជាសមាជិកអចិន្រៃ្តយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អ.ស.ប.នោះ មិនបានថែ្លងប្រាប់ក្រុមអ្នកកាសែតឲ្យដឹងទេ អំពីសេចក្ដីអត្ថាធិប្បាយរបស់ខ្លួនក្រោយពីកិច្ចប្រជុំខាងលើនេះ ។
ផ្អែកតាមប្រភពពីប្រមុខការទូតកម្ពុជា គឺលោក ហោ ណាំហុង បានថ្លែងឲ្យដឹងថា រូបលោកនិងសមភាគីរបស់លោកគឺរដ្ឋមន្រ្តីការបរទេសថៃ មានគម្រោងការបើកកិច្ចចរចាទេ្វភាគីជាលើកទីពីរ ក្នុងខែត្រសៀមរាបនៅថៃ្ងច័ន្ទ ទី២៨ ខែកក្កដា នាពេលខាងមុខឆាប់ៗនេះ ដើម្បីទម្លាយភាពទ័លច្រកក្នុងការទាមទារឲ្យប្រទេសថៃដកកងទ័ពឈ្លានពានចេញពីតំបន់ប្រាសាទព្រះវិហារខ្មែរ ។
សូមរំឮកថាកិច្ចចរចាទេ្វភាគីរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា គឺលោក ទៀ បាញ់ ជាមួយនិងអគ្គមេបញ្ជាការកងទ័ពថៃ កាលពីដើមសប្តាហ៍កន្លងទៅថ្មីៗនេះក្នុងខេត្តស្រះកែវ ប្រទេសថៃ បានទទួលបរាជ័យរួចម្ដងទៅហើយ ដោយភាគីថៃមិនព្រមដកកងទ័ពរបស់ខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារ ប៉ុន្តែភាគីទាំងពីរបានយល់ព្រមមិនឲ្យមានការផ្ទុះអាវុធដាក់គ្នា ។
ប្រទេសកម្ពុជាផ្អែកតាមប្រភពបានឲ្យដឹងថា ខ្លួនកំពុងតែព្យួរឬបង្អង់ពាក្យបណ្ដឹងរបស់ខ្លួនក្នុងការសុំឲ្យក្រុមប្រឹក្សាសន្តិសុខរបស់អ.ស.ប. ធ្វើការកោះប្រជុំនៅគ្រាដែលកម្ពុជានិងថៃមានគម្រោងការបើកកិច្ចចរចាទេ្វភាគីជាលើកទីពីរ ថ្នាក់រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរនៅដើមសប្តាហ៍ខាងមុខនេះក្នុងខេត្តសៀមរាប ៕
