កម្ពុជា​គ្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ

រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​នឹង​រៀបចំ​ប្រាសាទ​ព្រះវិហារ​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​ដ៏​ល្បីល្បាញ​មួយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ទាញ​យក​ប្រាក់​ចំណូល​ពី​ទេសចរ​បរទេស​ក្នុង​លំដាប់​ថ្នាក់​ទី​២ បន្ទាប់ពី​តំបន់​ទេសចរណ៍​ប្រាសាទ​បុរាណ​ខេត្ត​សៀមរាប។
ដោយ សាវយុត
2008.08.28
ព្រះវិហារ081008 ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នៅ​លើ​កំពូល​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។
RFA file photo/Uy Sophea

រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ប្រទេស​កម្ពុជា លោក ថោង ខុន បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​កំពុង​ផ្ដើម​ធ្វើ​ផ្លូវ​កៅស៊ូ​ប្រវែង​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ទៅ​ដល់​ភូមិ​ស្រអែម ស្រុក​ជាំក្សាន ខេត្ត​ព្រះវិហារ ក្នុង​បំណង​ត​ភ្ជាប់​ខេត្ត​សៀមរាប​ទៅ​នឹង​ប្រាសាទ​ព្រះវិហារ​ដើម្បី​ឲ្យ​លំហូរ​អ្នក​ទេសចរណ៍​ទៅ​កាន់​តំបន់​នោះ។

លោក ថោង ខុន បាន​មាន​ប្រសាសន៍​ទៀត​ថា​ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស​ទៅ​កាន់​ព្រះវិហារ គេ​ត្រូវការ​សេវាកម្ម​និង​កន្លែង​ស្នាក់នៅ​ឲ្យ​បាន​សមរម្យ ហើយ​លោក​សុំ​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​និង​ពាណិជ្ជករ​បាន​ទៅ​ធ្វើ​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ល្អៗ នៅ​ទី​នោះ​ផងដែរ។

លោក ថោង ខុន បាន​មាន​ប្រសាសន៍​ថា ៖ «តំបន់​ទេសចរណ៍​ល្បីល្បាញ​បន្ទាប់ពី​អង្គរ​មក​មាន​ព្រះវិហារ​ហ្នឹង​ហើយ។ អ៊ីចឹង​យើង​តភ្ជាប់​ប្រាសាទ​ព្រះវិហារ​ទៅ​នឹង​សៀមរាប បាន​វា​យក​លំហូរ​ទេសចរ ។ គម្រោង​ហ្នឹង​ឆាប់​ទេ យើង​ចង់​ឲ្យ​មាន​កន្លែង​ស្នាក់នៅ​ស្រួលបួល»

លោក ថោង ខុន បាន​បញ្ជាក់​ទៀត​ថា​បើសិន​ជា​មាន​សណ្ឋាគារ​កន្លែង​ស្នាក់នៅ​ល្អៗ ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​ទេសចរណ៍​បរទេស​ប្រមាណ​១០០​នាក់ ទៅ​មើល​ប្រាសាទ​ព្រះវិហារ​ដែរ។

រដ្ឋាភិបាល​ខ្មែរ​នៅតែ​សម្រេច​ចិត្ត​ធ្វើឡើង​គម្រោង​នានា​ដែល​បាន​គ្រោង​ទុក បើទោះបី​ជា​តំបន់​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​កំពុង​កើត​មាន​ជម្លោះ​ព្រំដែន ដោយ​កង​ទាហាន​ខ្មែរ​ថៃ​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ណា​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា សមាជិក​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ខែ​កញ្ញា​ខាង​មុខ ដើម្បី​ធ្វើ​ការងារ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ ដោយ​ចាប់ផ្ដើម​បោះបង្គោល​ស្ទង់​និង​រៀបចំ​ផែនការ​អភិរក្ស ការពារ និង​អភិវឌ្ឍ ដោយ​មិន​ឲ្យ​មាន​ការរអាក់រអួល​ដំណើរការ​ទេ ទោះបី​ជា​នៅ​មាន​វត្តមាន​កងទ័ព​ថៃ​លើ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​ក៏ដោយ។

លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា ៖ «សមាជិក​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក គេ​ចាប់ផ្ដើម​មក​ខែ​ក្រោយ រាជ​រដ្ឋាភិបាល ជាពិសេស​តាម​សារ​របស់​សម្ដេច​តេជោ ហ៊ុន សែន លោក​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា យើង​មិន​ឲ្យ​មាន​ការរអាក់រអួល​ប៉ះពាល់​ទៅ​ដល់​កិច្ច​អភិវឌ្ឍ និង​អ្វី​ដែល​ជា​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ឬ​ក៏​បង្កើន​តំបន់​ទេសចរណ៍ ។ នាយក​រដ្ឋមន្រ្តី​ថៃ​បាន​ឯកភាព​គ្នា​យល់​ឃើញ​ដូច​គ្នា យក​តំបន់​ទិសដៅ​នៃ​វប្បធម៌ មិន​មែន​ជា​ពេល​ដែល​ជា​តំបន់​សម្រាប់​ធ្វើ​សង្រ្គាម​ឈ្លោះ​គ្នា​ទេ»

កាលពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​មក បន្ទាប់ពី​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ជា​ច្រើន​រយ​នាក់​បាន​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វារៈ ជាប់​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ប្រធាន​អាជ្ញាធរ​ព្រះវិហារ លោក ទី យ៉ាវ ធ្លាប់​បាន​អះអាង​ថា​គម្រោង​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ដែល​តម្រូវ​អនុវត្ត​ឲ្យ​ហើយ​ត្រឹមកំណត់​ខែ​កុម្ភៈ ឆ្នាំ ២០០៩ ត្រូវ​យឺតយ៉ាវ​មិន​ដូច​កម្មវិធី​បាន​កំណត់​នោះ​ឡើយ ដោយសារតែ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​ចូល​លុកលុយ​ធ្វើ​ឲ្យ​បុគ្គលិក​ជា​ច្រើន​ភ័យខ្លាច​ហើយ​ចាក​ចោល​ពី​ការងារ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។