ចំពោះការដែលភាគីថៃអះអាងថា វត្តមានទ័ពរបស់ខ្លួនជាប្រតិកម្មទៅនឹងការរំលោភព្រំដែនដោយកម្ពុជានោះ លោកទីប្រឹក្សាក្រុង ជា យូហ៊ន មានប្រសាសន៍ថាយោងតាមគំនូសផែនទីដីទាំងនោះជារបស់ខ្មែរ ។
លោក ជា យូហ៊ន បានឲ្យដឹងថា ៖ «ខ្ញុំមិនជឿថាខ្មែរហ៊ានចូលទៅយកដីគេទេ ពីព្រោះអីទី១ គឺដីអស់ហ្នឹងបើយើងមើលទៅតាមគំនូសទាំងអស់ហ្នឹងទៅ ជាពិសេសបើយើងមើលតាមការកត់សម្គាល់របស់អង្គការព្រំប្រទល់ដែនហ្នឹង គឺឃើញថាដីទាំងអស់ហ្នឹងគឺនៅក្នុងរបស់ខ្មែរយើង» ។
ស្តីពីដំណោះស្រាយជម្លោះជាមួយសៀមនេះ លោកចៅហ្វាយក្រុង Greater Dandenong ដែលឋិតនៅមិនឆ្ងាយពីរដ្ឋធានី Melbourne របស់រដ្ឋ Victoria នោះ មានយោបល់ថាកម្ពុជាគួរតែប្តឹងទៅតុលាការអន្តរជាតិ ។
លោក ជា យូហ៊ន បានបញ្ជាក់ថា ៖ «បើរដ្ឋាភិបាលខ្មែរ ខ្ញុំថាបើយើងយកកម្លាំងទៅវ៉ៃជាមួយសៀមហ្នឹង ច្បាស់ជាមិនឈ្នះគេទេ ។ ដូច្នេះការទាមទារខាងផ្លូវនយោបាយគឺជាការល្អ ជាពិសេសគឺយើងត្រូវហ៊ានឡើងទៅតុលាការម្ដងទៀត ។ មានតែតុលាការអន្តរជាតិទេដែលគេជាអ្នកអាចសម្រេចថា ទឹកដីខ្មែរត្រឹមណាៗឲ្យវាបានច្បាស់លាស់ ។ គឺថាព្រំប្រទល់ខ្មែរហ្នឹងតាមធម្មតាគឺវាមានផែនទីមានអីច្បាស់លាស់ តាំងតែពីបារាំងកាន់កាប់ហ្នឹងគឺគេមានផែនទីផែនអីច្បាស់លាស់របស់គេ ។ ដូច្នេះបើយើងសំអាងទៅលើច្បាប់ទម្លាប់ទៅវិញ ប្រហែលជាមានការប្រសើរជាង» ។
លោក ជា យូហ៊ន បានគេចផុតពីវាលមរណៈសម័យខ្មែរក្រហម ប៉ុល ពត ហើយបានធ្វើអន្តោប្រវេសន៍ទៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ១៩៨២ ។ លោកធ្លាប់ជាជនស្ម័គ្រចិត្តជួយខ្មែរភៀសខ្លួននិងជួយបំពេញកិច្ចការសង្គមនានាជាមួយសមាគមខ្មែរនៅរដ្ឋ Victoria ៕
