មន្ត្រីអ្នកនាំពាក្យខុទ្ទកាល័យរដ្ឋាភិបាលខ្មែរ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថាគណៈកម្មការចម្រុះខ្មែរថៃក្នុងវិស័យព្រំដែននឹងធ្វើការដោះស្រាយលើបញ្ហាវិវាទនេះ ដែលមានយ៉ាងហោចណាស់ផ្តោតលើ៣ចំណុចធំៗ ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថាថៃកំពុងតែយកផែនទីដែលប្រទេសថៃគូសជាឯកតោភាគីមកអះអាងថា ថៃបានបាត់បង់ទឹកដីទំហំ៤,៦គីឡូម៉ែត្រក្រឡា ដោយសារតែការដាក់ប្រាសាទព្រះវិហារខ្មែរចូលជាបេតិកភណ្ឌពិភពលោក ។ ហើយតាមរយៈនោះថៃចង់ធ្វើកិច្ចការគ្រប់គ្រងរួមគ្នានៅក្នុងតំបន់ទំហំ៤,៦គីឡូម៉ែត្រក្រឡានោះ ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ៖ «ភាគីថៃប្រកាន់យកធ្វើអ្វីរួម ដោយប្រើប្រាស់ពាក្យមួយថា ជាន់គ្នា ប៉ុន្តែខ្មែរយើងអត់មាននិយាយ អត់ទទួល ។ ម៉្លោះហើយយើងទុកឲ្យការងារហ្នឹងទៅជាគណៈកម្មការចម្រុះខ្មែរថៃក្នុងវិស័យព្រំដែនហ្នឹង ឲ្យគេនិយាយទៅ តាមអ្វីដែលបានចុះព្រមព្រៀងគ្នានៅអនុស្សរណៈយល់ព្រម MOU ឆ្នាំ២០០០ ។ ហើយយើងច្រានចោលនូវអ្វីដែលគេថារួម ជាន់គ្នា ប៉ុន្តែយើងយកការដោះស្រាយតាមអ្វីដែលយើងបានឯកភាពគ្នានៅក្នុងឆ្នាំ២០០០ តាមរយៈ MOU ហ្នឹង...» ៕
