ផាន សូផាត ៖ នៅពេលនេះលោកកំពុងស្ថិតនៅទីណាដែរ? សាវយុត ៖ នៅពេលនេះខ្ញុំកំពុងស្ថិតនៅលើខ្នងភ្នំដងរែកជិតតំបន់ប្រាសាទព្រះវិហារ។
ផាន សូផាត ៖ តំបន់ណាដែរ? សាវយុត ៖ គឺនៅជាប់នឹងប្រាសាទព្រះវិហារជាប្រាសាទទី២។
ផាន សូផាត ៖ តើទិដ្ឋភាពដែលលោកបានទៅដល់នាពេលនេះយ៉ាងម៉េចដែរ ? ជាពិសេសគឺការដែលសកម្មភាពរបស់កងទ័ពប្រទេសទាំងពីរដែលកន្លងមកធ្លាប់មានការប្រឈមមុខគ្នានោះ?
សាវយុត ៖ តាមខ្ញុំសង្កេតមើលនៅតាមដងផ្លូវ ហើយនិងនៅតាមកន្លែងមួយចំនួនយើងឃើញថា កងទាហាននៅមានសភាពរាយបណ្ដាក់តាមដងផ្លូវនៅឡើយ ក៏ប៉ុន្តែហាក់ដូចជាកាត់បន្ថយស្ថានភាពត្រៀមប្រយុទ្ធហើយ។
ដោយឡែកនៅឯខ្សែត្រៀមជួរមុខហ្នឹង ទាហានខ្មែរនិងទាហានថៃបានស្ថិតនៅក្នុងសភាពតានតឹងជាមួយគ្នាចំនួន២ថ្ងៃមកហើយ ចាប់តាំងពីមានការផ្ទុះអាវុធនៅឯតំបន់ភ្នំទ្រព្យនោះ គឺមានសភាពតានតឹងណាស់ដោយទាហានមិនហ៊ានដេកនៅក្នុងតង់កៅស៊ូដែលជាជម្រករបស់ខ្លួនទេ។ ខ្លះទាញអង្រឹងយកមកដេកផ្ទាល់ដី ហើយដេកក្បែរផ្ទាំងថ្ម ក្បែរគន្លុកអី របៀបជាត្រៀមប្រយុទ្ធ ក៏ប៉ុន្តែរហូតដល់ល្ងាចនេះគឺមានសភាពធូរស្រាលហើយ ដោយកងទាហានអាចចេញមកខាងក្រៅ ឈរមើលគ្នាបានធម្មតា។
ផាន សូផាត ៖ ហើយអីបានជាស្ថានភាពអាចសន្និដ្ឋានថាមានការធូរស្រាលនោះ?
សាវយុត ៖ កងទ័ពហ្នឹងគាត់បាននិយាយថា បន្ទាប់ពីមានការជួបចរចាគ្នារវាងមេបញ្ជាការយោធាខ្មែរ លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក ដែលជាមេបញ្ជាការនៅតំបន់ប្រាសាទព្រះវិហារជាមួយនឹងមេបញ្ជាការរងកងពលលេខ៦របស់ថៃ លោកវរសេនីយ៍ឯក ឆៃយ៉ាន់ ហ៊ើយស៊ុងនឿន កាលពីម្សិលមិញហ្នឹងលោកបានដាក់លក្ខខណ្ខជាមួយគ្នាយ៉ាងតឹងតែងថា ទោះយ៉ាងណាក៏ដោយគឺមិនមានឲ្យមានការផ្ទុះអាវុធតទៅទៀតទេ ហើយកងទ័ពថៃត្រូវតែទទួលខុសត្រូវឲ្យបានពីបញ្ហានេះ ដោយសារតែការផ្ទុះអាវុធនោះបណ្ដាលមកពីភាគីថៃ។ ហើយពេលនោះ លោក ឆៃយ៉ាន់ ដែលជាមេបញ្ជាការថៃនោះគឺគាត់បានសន្យាថា មិនឲ្យមានការផ្ទុះអាវុធទៀតទេ ហើយគេបានសុំអភ័យទោស និងសម្ដែងការសោកស្ដាយផងដែរ។
ផាន សូផាត ៖ ខាងកងទ័ពថៃនិងកងទ័ពខ្មែរនៅជិតគ្នាដែរឬទេឬមួយក៏នៅឆ្ងាយពីគ្នា?
សាវយុត ៖ កងទ័ពថៃនិងកងទ័ពខ្មែរមិនស្និទ្ធស្នាលជាមួយគ្នាដូចកាលពីមុនកន្លងមកទេ គេបានទៅឆ្ងាយពីគ្នាចម្ងាយប្រមាណជា៨០ម៉ែត្រដែរ។ ពួកគេអាចចេញមកក្រៅដូចជាឈរលេង ឈរជជែកគ្នាបានក្នុងសភាពថា មិនព្រួយបារម្ភពីការប៉ះប្រយុទ្ធគ្នាទេ។ នៅតាមតំបន់ខ្សែត្រៀមជួរមុខដែលតានតឹងកាលពី២ថ្ងៃមុន ឥឡូវនេះទិដ្ឋភាពធម្មតាអាចឲ្យអ្នកកាសែតចូលដើរថតរូប ឬក៏ចូលដើរពិនិត្យមើលបានអីឡើងវិញហើយ។
ផាន សូផាត ៖ ខាងផ្នែកជនស៊ីវិលវិញ លោកបានឃើញយ៉ាងម៉េចដែរទៅ?
សាវយុត ៖ ចំពោះប្រជាជនដែលនៅខាងមុខប្រាសាទជាប់ច្រកព្រំដែនទ្វារចេញហ្នឹង គាត់នៅតែមានការភ័យខ្លាច ហើយមួយចំនួនបានចាកចេញពីលំនៅរបស់គាត់មកកាន់ប្រាសាទទី២ ដើម្បីស្នាក់នៅជាបណ្ដោះអាសន្នតែអាជ្ញាធរបានព្យាយាមរារាំងមិនឲ្យគាត់មកនៅកន្លែង ប្រាសាទទី២ហ្នឹងទេ ហើយអាជ្ញាធរព្យាយាម... ឲ្យប្រជាពលរដ្ឋហ្នឹងទៅកាន់ទីលំនៅរបស់ពួកគាត់វិញដោយគិតថា មិនអាចឲ្យមានការផ្ទុះអាវុធជាលើកទី២ទេ។
ផាន សូផាត ៖ តើនាពេលនេះមានអ្នកទេសចរណ៍ទៅទីហ្នឹងដែរឬទេ?
សាវយុត ៖ តាមអាជ្ញាធរនិងកងទាហានខ្លះថា រយៈកាលនេះមិនមានអ្នកទេសចរណ៍ណាឡើងមកកាន់តំបន់ប្រាសាទព្រះវិហារទេ ហើយសូម្បីតែសប្បុរសជនដែលកាន់អំណោយធ្លាប់មកផ្ដល់ឲ្យកងយោធានោះក៏មិនមានដែរ ប៉ុន្តែមិនមែនដោយសារស្ថានការណ៍យោធាទេ ប្រហែលជាភ្ញៀវទេសចរណ៍ទាំងហ្នឹងមានការលំបាកដោយសារតែតាមផ្លូវមកហ្នឹងពេលភ្លៀងគឺលំបាក៕
