លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​កម្ពុជា​និង​ថៃ​ស្ដីពី​បញ្ហា​ជម្លោះ​ព្រំដែន

កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​និង​ថៃ​លើ​បញ្ហា​ជម្លោះ​ព្រំដែន​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​១១​ម៉ោង​នៅ​ក្នុង​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញ។

0:00 / 0:00

តើ​កិច្ចប្រជុំ​នោះ​បាន​ទទួល​លទ្ធផល​យ៉ាង​ណា? លោក សាវយុត សូម​ជូន​សេចក្តី​រាយការណ៍​តាមរយៈ​ការសាកសួរ​របស់​លោក ម៉ាយ៉ារិទ្ធិ ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ៖

ម៉ាយ៉ារិទ្ធិ ៖ លោក សាវយុត តើ​កិច្ចប្រជុំ​រវាង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ខ្មែរ​និង​ថៃ​បាន​ទទួល​លទ្ធផល​យ៉ាង​ណា​ខ្លះ?

សាវយុត ៖ កិច្ចប្រជុំ​របស់​មន្រ្តី​ការបរទេស​ខ្មែរ​ថៃ​ស្ដីពី​ដំណោះស្រាយ​បញ្ហា​ព្រំដែន​នោះ​បាន​បញ្ចប់​ទៅ​ហើយ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១២​នោះ។ ហើយ​លោក វ៉ា គឹមហុង បាន​ឲ្យ​ដឹង​ថា តាម​ការព្រមព្រៀង​ជា​បណ្ដោះ​អាសន្ន​ថ្នាក់​រដ្ឋមន្រ្តី​នេះ គឺ​ភាគី​ទាំង​ពីរ​ហ្នឹង​បាន​ឯកភាព​លើ​ការវាស់វែង​តំបន់​ព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ ដែល​នឹង​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ព្រម​ទាំង​ការដោះ​មីន ដោយសារ​តែ​តំបន់​ព្រះវិហារ​ជា​តំបន់​រសើប​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ​ជា​ចម្បង។

លោក​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ប្រទេស​កម្ពុជា ហោ ណាំហុង បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការព្រមព្រៀង​នោះ​កម្ពុជា​បាន​ស្នើសុំ​ជា​ច្រើន​ចំណុច ដូច​ជា​ឲ្យ​ថៃ​ដក​កងទ័ព​ចេញ​ពី​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វរៈ ដក​ចេញ​ពី​តំបន់​ជុំវិញ​វត្ត​កែវសិក្ខាគិរីស្វរៈ និង​ជា​តំបន់​ជិត​វត្ត​កែវសិក្ខាគិរីស្វរៈ ដោយ​បាន​សម្រេច​ចាត់តាំង​ក្រុម​មួយ​ហៅ​ថា Task Force ដើម្បី​ឲ្យ​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ជា​ចាំបាច់​នៅ​ឯ​តំបន់​ប្រាសាទ​ព្រះវិហារ។ ហើយ​ទន្ទឹម​នឹង​នេះ​គណៈកម្មការ​ចម្រុះ​បាន​កំណត់​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ឯ​ខែ​មករា ឆ្នាំ​២០០៩ បន្ថែម​ទៀត ដើម្បី​សម្រេច​ការងារ​ផ្នែក​ច្បាប់ ពីព្រោះ​ថា ការវាស់វែង​បង្គោល​ព្រំដែន​នោះ​ចាំបាច់​ត្រូវការ​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​ផងដែរ។

ម៉ាយ៉ារិទ្ធិ ៖ ហើយ​ចុះ​មុន​នេះ​មាន​សេចក្ដី​រាយការណ៍​មក​ថា ថៃ​បាន​ស្នើ​ចង់​ឲ្យ​មាន​ការដូរ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​សំនៀង​ថៃ ប្រាសាទ​ព្រះ​វិហាន ហើយ​ការចរចា​គ្នា​នោះ​ទៀត​គឺ​ថា ថៃ​ចង់​បាន​ផ្អែក​ទៅ​លើ​ផែនទី​ដែល​ថៃ​មាន​ខ្លួន​ឯង តើ​រឿង​នេះ​ដោះស្រាយ​យ៉ាង​ម៉េច​ដែរ​ទៅ?

សាវយុត ៖ រហូត​មក​ដល់​ពេល​នេះ​យើង​បាន​ចម្លើយ​ពី​ខាង លោក សំផុង អៈម៉នវីវ៉ាត់ ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ ដែល​លោក​មិន​បាន​មាន​ប្រសាសន៍​ជំទាស់​អំពី​បញ្ហា​ហ្នឹង​ទៀត​ទេ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថ្លែង​ថា បញ្ហា​ទាំងអស់​គឺ​មាន​ការព្រមព្រៀង​គ្នា​ហើយ ដោយ​នៅតែ​ចំណុច​ចំនួន​២​តែ​ប៉ុណ្ណោះ ដែល​មិន​ទាន់​មាន​ការយល់ព្រម​គ្នា ដោយសារ​តែ​រង់ចាំ​ខាង​សភា​ថៃ​អនុម័ត​ឬ​ធ្វើការ​សម្រេច។

នៅ​ក្នុង​នោះ លោក អៈម៉នវីវ៉ាត់ បាន​បញ្ជាក់​ថា ចំណុច​ទី​១ ដែល​នឹង​ត្រូវ​ឆ្លងកាត់​សភា​ប្រជុំ ហើយ​និង​ធ្វើការ​អនុម័ត​ជា​ក្រោយ​នោះ គឺ​ចំណុច​កែ​សម្រួល​កងទ័ព​នៃ​ភាគី​ទាំង​ពីរ​នៅ​តាម​តំបន់​ចំណុច​ព្រំដែន ដូច​នៅ​ចំណុច​ព្រះវិហារ​ហ្នឹង​ជា​អាទិភាព​ចាំបាច់។ ហើយ​ចំណែក​ភាគី​ទាំង​ថៃ ទាំង​កម្ពុជា​ហ្នឹង បាន​ទទួល​ស្គាល់​ផ្អែក​ទៅ​លើ​ផែនទី​តាម​សន្ធិសញ្ញា​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ដែល​ជា​សន្ធិសញ្ញា​របស់​បារាំង សៀម ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា​ការយល់ព្រម​នេះ​ត្រូវ​បាន​ផ្ដល់​យោបល់​ថា គ្រាន់តែ​ជា​បណ្ដោះ​អាសន្ន​ទេ ថ្នាក់​ហ្នឹង​មិន​អាច​សម្រេច​បាន គឺ​ការរង់ចាំ​ការដាក់​ជូន​ទៅ​សភា​ដោយ​ធ្វើការ​អនុម័ត​ជា​បន្ត​ទៀត។

ម៉ាយ៉ារិទ្ធិ ៖ ហើយ​ចុះ​ចំណុច​ដែល​មិន​ទាន់​ព្រមព្រៀង​គ្នា​នោះ​មាន​អ្វី​ខ្លះ​ទៅ?

សាវយុត ៖ ចំណុច​ដែល​មិន​ទាន់​ព្រមព្រៀង​គ្នា​ហ្នឹង មិន​ត្រូវ​លោក​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ទេ គ្រាន់តែ​លោក​មាន​ការបង្ហាញ​លើ​ការកែ​សម្រួល​កងទ័ព​ភាគី​ទាំង​ពីរ ហើយ​និង​ចំណុច​នៅ​ក្នុង​ការទទួល​ស្គាល់​លើ​សន្ធិសញ្ញា​ហ្នឹង​វា​ជា​បញ្ហា​ធំ ពីព្រោះ​លោក​ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​មិន​អាច​ឆ្លង​កាត់ ឬ​ក៏​មិន​ឆ្លង​កាត់​សភា​នោះ​បាន​ទេ គឺ​ត្រូវ​រង់ចាំ​ការអនុម័ត​ពី​សភា។

ម៉ាយ៉ារិទ្ធិ ៖ ហើយ​ចុះ​រឿង​ការផ្លាស់ប្ដូរ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​នោះ តើ​មាន​លើក​បន្ថែម​ទៀត​ដែរ​ឬ​ទេ?

សាវយុត ៖ នៅ​ក្នុង​បញ្ហា​នេះ​យើង​មិន​បាន​ឮ​ខាង​ភាគី​ថៃ​មាន​ប្រសាសន៍​អំពី​បញ្ហា​ហ្នឹង​ទេ ហើយ​ក៏​ភាគី​ខ្មែរ​មិន​បាន​មាន​ប្រសាសន៍​អំពី​បញ្ហា​ហ្នឹង​ដែរ​ដោយ​មិន​ឮ​លើក​ជជែក​អី​ទេ ប្រហែល​ជា​បញ្ហា​នេះ​ត្រូវ​បាន​បន្លាយ​ពេល​វេលា​ត​ទៅ​ទៀត​ឬ​យ៉ាង​ណា។ ក៏ប៉ុន្តែ​ដោយសារ​ថា លោក ហោ ណាំហុង គាត់​មាន​ប្រសាសន៍​ថា បញ្ហា​ដោះស្រាយ​ព្រំដែន​នេះ​មិន​មែន​ជា​រឿង​ឆាប់​រហ័ស​ទេ គឺ​ជា​រឿង​ដែល​ត្រូវ​ប្រើប្រាស់​ពេល​វេលា​យូរ​អង្វែង​ត​ទៅ​ទៀត ដូច្នេះ​បញ្ហា​ផ្សេងៗ​ដែល​នៅ​មិន​ទាន់​ដោះស្រាយ​បាន​នឹង​ធ្វើការ​ដោះស្រាយ​ត​ទៅ​មុខ​ទៀត។

លោក​ឧប​នាយក​រដ្ឋមន្រ្តី ហោ ណាំហុង បាន​មាន​ប្រសាសន៍​ទៀត​ថា ភាគី​ទាំង​ពីរ​ប្ដេជ្ញា​ចិត្ត​ជា​អតិបរមា​ដើម្បី​កុំ​ឲ្យ​មាន​ការប្រទូសរ៉ាយ​ដោយ​អាវុធ ដូច​កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា​កន្លង​មក ដោយ​ភាគី​ទាំង​ពីរ​ព្យាយាម​ដោះស្រាយ​ក្នុង​នាម​ជា​មិត្តភក្ដិ​និង​ជា​បង​ប្អូន។ ហើយ​បញ្ហា​ទាំងអស់​ដែល​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​អង្គ​ប្រជុំ​កន្លង​មក​នេះ ប្រសិន​បើ​សភា​ថៃ​បាន​អនុម័ត​ភាគី​ខាង​កម្ពុជា​ថៃ​ថ្នាក់​បរទេស​នឹង​ធ្វើការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បណ្ដោះ​អាសន្ន​ជាមួយ​គ្នា​រហូត​ដល់​ការវាស់វែង​ព្រំដែន​បាន​បញ្ចប់។

ម៉ាយ៉ារិទ្ធិ ៖ តើ​នៅ​ក្រោយ​ការជួប​ប្រជុំ​គ្នា​នោះ​ភាគី​ទាំង​ពីរ​ចាត់​ទុក​ថា កិច្ចប្រជុំ​ហ្នឹង​បាន​ទទួល​លទ្ធផល​ឬ​ក៏​យ៉ាង​ម៉េច?

សាវយុត ៖ បន្ទាប់ពី​កិច្ច​ប្រជុំ​មក​ភាគី​ទាំង​ពីរ​បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​គឺ​ជា​ការបោះ​ជំហាន​មួយ​យ៉ាង​ធំ​ឆ្ពោះ​ទៅ​រក​លទ្ធផល​ប្រសើរ​ហើយ ប៉ុន្តែ​នៅតែ​ចំណុច​តិចតួច​ប៉ុណ្ណោះ​ដែល​មិន​ទាន់​មាន​ការប្រសើរ ហើយ​នៅ​មាន​ការខ្វះខាត​ដែល​ត្រូវ​រក​ពេល​វេលា​ដើម្បី​ជជែក​ជាមួយ​គ្នា​ជា​បន្ត​ទៅ​ទៀត។ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា​បញ្ហា​ដែល​លម្អិត​ទាក់ទិន​ទៅ​នឹង​ការ​មិន​ទាន់​មាន​ការត្រូវរ៉ូវ​គ្នា​នោះ​មិន​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ឲ្យ​ល្អិតល្អន់ ឬ​ក៏​មិន​ទាន់​បាន​បង្ហើប​ពី​ចំណុច​ជា​អាទិភាព អ្វី​ដែល​សំខាន់​ឲ្យ​ដឹង​ពី​ការត្រូវរ៉ូវ​គ្នា​ខ្លះៗ​នោះ​ទេ។

ម៉ាយ៉ារិទ្ធិ ៖ តើ​មន្រ្តី​ដែល​ចូលរួម​ជាមួយ​គ្នា​នោះ​មាន​បាន​និយាយ​អ្វី​ផ្សេង​ទៀត​ដែរ​ទេ ទាក់ទង​នឹង​កិច្ចចរចា​នោះ?

សាវយុត ៖ សូម​បញ្ជាក់​ថា នៅ​ក្នុង​ការប្រជុំ​ក្នុង​រយៈពេល​២​ថ្ងៃ ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ​ខាង​គណៈកម្មការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ខាង​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​ថៃ​ហ្នឹង​បាន​ធ្វើការ​ចងក្រង​និង​អនុម័ត​លើ​ឯកសារ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០០៦​មក​ហ្នឹង គឺ​រហូត​មក​ដល់​បច្ចុប្បន្ន​បាន​រក​ឃើញ​បង្គោល​ព្រំដែន​ចំនួន​២៩​បង្គោល​ហើយ ក្នុង​ចំណោម​បង្គោល​ព្រំដែន​ខ្មែរ​ថៃ​ទាំងអស់​៧៣​បង្គោល​តាម​សន្ធិសញ្ញា​បារាំង​សៀម​តាំងពី​១៩០៨, ១៩០៩ ហើយ​ភាគី​ទាំង​ពីរ​បាន​អនុម័ត​យក​បង្គោល​ចំនួន​២៩​ដែល​រក​ឃើញ​ហ្នឹង ថា​ជា​ទីតាំង​ត្រឹមត្រូវ។ ហើយ​បង្គោល​ចំនួន​១៩​ផ្សេង​ទៀត​ត្រូវ​បាន​រក​ឃើញ​ថ្មីៗ ក៏ប៉ុន្តែ​គេ​កំពុង​តែ​ចងក្រង​ឯកសារ​ជា​៣​ភាសា ហើយ​ដើម្បី​ឈាន​ទៅ​រក​ការចុះ​ហត្ថលេខា​លើ​ឯកសារ​ទាំង​នោះ​ជាមួយ​គ្នា​នៅ​ពេល​ខាង​មុខ។ ចំណែក​ឯ​នៅ​សល់​២៥​បង្គោល​ទៀត​ដែល​ត្រូវ​បាន​បាត់បង់​នោះ​ត្រូវ​បាន​ក្រុម​ចម្រុះ​ជំរុញ​ឲ្យ​មាន​ការតាម​រក​ក្នុង​ពេល​ឆាប់ៗ