តំណាងភាគីកម្ពុជាគឺមានមន្ត្រីចំនួន១៧រូប ដែលដឹកនាំដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ។ ចំណែកឯសមភាគីថៃមានមន្ត្រីចំនួន១៦រូប ដែលដឹកនាំដោយលោក ទេព ប៊ុនណាក ដែលជារដ្ឋមន្ត្រីការបរទេសថៃទើបឡើងកាន់តំណែងថ្មី ។
សេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីកិច្ចប្រជុំនៅឯខេត្តសៀមរាបនោះ គឺលោក ម៉ាយ៉ារិទ្ធិ បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនាថ្ងៃនេះភាគីកម្ពុជាបានលើកយកបញ្ហាដែលថៃបានរំលោភអធិបតេយ្យកម្ពុជា ចំណែកឯថៃវិញបានលើកយកចំណុចតំបន់ត្រួតស៊ីគ្នានៅព្រំដែនថៃ-កម្ពុជា ។
សូមជម្រាបថាកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសនេះបានធ្វើឡើងបន្ទាប់ពីជំនួបប្រជុំមួយរវាងមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា-ថៃបានបរាជ័យ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍មុន ។ ហើយកិច្ចប្រជុំថ្ងៃនេះដែរក៏បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ គឺលោក ហ៊ុន សែន និងលោក សាម៉ាក់ ស៊ុនថរាវ៉េទ បានពិភាក្សាជាមួយគ្នាតាមទូរស័ព្ទកាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះដែរ ។
រហូតមកទល់ម៉ោង ៧:៣០នាទីថ្ងៃដដែលនេះ កិច្ចពិភាក្សាគឺនៅមិនទាន់បានដឹងលទ្ធផលនៅឡើយទេ ៕
