មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិប្រទេសកម្ពុជានិងប្រទេសថៃបានសម្រេចផ្អាកជាបន្ទាន់នូវគម្រោងការជួបចរចាគ្នានៅក្នុងខេត្តសៀមរាប ដែលគ្រោងធ្វើនៅថៃ្ងទី២៩ ខែសីហានេះ ដោយមានសំណើពីភាគីថៃសុំផ្អាក ដោយគ្មានថៃ្ងកំណត់ធ្វើវិញនៅពេលណាទ្បើយ ។
កិច្ចចរចារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ កាលពីថ្ងៃទី១៩ សីហា ២០០៨ នៅក្នុងក្រុងហួហ៊ីន ប្រទេសថៃ។
លោកឧត្តមសេនីយ៍ឯក នាង ផាត ជារដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងជាប្រធានក្រុមការងារចរចា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃព្រហស្បតិ៍នេះថា ៖ «អត់ទេផ្អាកហើយ ថៃសុំពន្យារពេល គេអត់ប្រាប់មូលហេតុទេ ប៉ុន្តែយើងដឹងថាប្រហែលជាមកពីផ្ទៃក្នុងស្រុកគេហើយ យើងមើលទៅ ។ ...គេថា អត់ដឹងពេលណាទេ គេសុំពន្យារពេលសិន ។ ក្រុមការងារគេមកធ្វើការជាមួយក្រុមយើងអស់ហើយ ម្សិលមិញ ។ ឥឡូវគេទៅវិញថ្ងៃនេះអស់ហើយ គេមក៣០នាក់ ធ្វើការជាមួយពួកខ្ញុំ ហើយខ្ញុំអត់ទៅ ខ្ញុំនៅភ្នំពេញ ថ្ងៃនេះបានត្រូវទៅ គេផ្អាកអ៊ីចឹង យើងមិនបាច់ទៅអី» ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលបានធ្វើបាតុកម្មអហិង្សាមិនបានសម្រេច កាលពីថៃ្ងទី១៧ ខែសីហាសប្តាហ៍កន្លងទៅ ក្នុងការសម្ដែងមតិប្រឆាំងការឈ្លានពានរបស់កងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជានោះ បានមានប្រសាសន៍ប្រតិកម្មចំពោះការផ្អាកគម្រោងការចរចា នៅថ្ងៃទី២៩ សីហានេះ ថា ៖ «ជំនួបប្រជុំរវាងកម្ពុជា ខ្ញុំគិតថាវាអត់មានបានផលប្រយោជន៍អីទេ គ្រាន់តែជាការពន្យារពេលរបស់ភាគីសៀម ហើយចំពោះរាជរដ្ឋាភិបាលកម្ពុជា មិនត្រូវអូសបន្លាយពេលវេលាទៅតាមភាគីសៀម ពីព្រោះសៀមគេជាអ្នកឈ្លានពានមកលើអធិបតេយភាព បូរណភាពទឹកដីនៃកម្ពុជា ។ ដូច្នេះយើងក្នុងនាមជាជនរងគ្រោះយើងត្រូវតែដាក់ពាក្យសុំអន្តរាគមន៍ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ យើងមិនត្រូវឲ្យអូសបន្លាយឲ្យចេះតែយូរទៅៗ ម្ដងហើយម្ដងទៀតទេ» ។
សូមរំឭកថាមន្រ្តីជាន់ខ្ពស់របស់កម្ពុជានិងថៃបានជួបប្រជុំចរចាទ្វេភាគីចំនួនបីលើករួចមកហើយ ដើម្បីដោះស្រាយបញ្ហាកងទ័ពថៃចូលមករំលោភនឹងឈ្លានពាននៅលើទឹកដីកម្ពុជា ត្រង់តំបន់ប្រាសាទព្រះវិហារនិងតំបន់ប្រាសាទតាមាន់ធំរបស់កម្ពុជា ប៉ុន្តែសេចក្តីរាយការណ៍នានាបានឲ្យដឹងថា កងយោធាថៃនៅតែបន្តឈរជើងនៅតំបន់នោះនឹងរាតត្បាតទៅកន្លែងដទៃទៀត ក្នុងទឹកដីកម្ពុជានៅជាប់ព្រំដែនថៃ ។
កាលពីថៃ្ងទី២២ ខែសីហាសប្តាហ៍កន្លងទៅនេះ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជា បានសរសេរលិខិតឆ្លើយតបនឹងលោក Samak Sundaravej នាយករដ្ឋមន្រ្តីនៃប្រទេសថៃជាមួយនឹងការសង្ឃឹមថា កិច្ចប្រជុំលើកទី២ រវាងប្រធានក្រុមការងារសម្របសម្រួលបណ្តោះអាសន្ន និងប្រធានគណៈកម្មាធិការតំបន់ព្រំដែនថៃ នៅថៃ្ងទី២៩ ខែសីហាខាងមុខនេះ នឹងនាំមកនូវការដកកងទ័ពដែលនៅសេសសល់ទាំងអស់ចេញពីតំបន់ប្រាសាទព្រះវិហារ ហើយព្រមទាំងបញ្ឈប់នូវកំណើនយោធាកើតមាននៅតាមតំបន់ព្រំដែនផ្សេងៗទៀត ៕
ចំនួនពលរដ្ឋខ្មែរដែលថៃចាប់បញ្ជូនមកកម្ពុជាវិញមានការកើនឡើង
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
អាជ្ញាធរថៃគ្រោងដោះលែងខ្មែរ៨នាក់ដែលបានឆ្លងដែនខុសច្បាប់
សមរង្ស៊ីប្រតិកម្មទៅនឹងការព្យួរអភ័យឯកសិទ្ធិ
ក្រសួងយុត្តិធម៌គ្រោងជំរុញឲ្យតុលាការខេត្តស្វាយរៀងកោះហៅសមរង្ស៊ីឆាប់ៗ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.