លោក ហោ ណាំហុង បានស្នើប្រទេសសិង្ហបុរីដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បច្ចុប្បន្នឲ្យបង្កើតក្រុមអន្តររដ្ឋមន្រ្តីក្នុងតំបន់ដើម្បីជួយស្វែងរកដំណោះស្រាយដោយសន្តិវិធី ។
តាមរយៈការចេញលិខិតមួយរបស់ក្រសួងការបរទេសខ្មែរកាលពីថ្ងៃទី២២ កក្កដាម្សិលមិញនេះ បណ្តាញសារព័ត៌មាននានា រួមមានទាំងទូរទស្សន៍ជាតិផងដែរបានធ្វើការផ្សាយដំណឹងនេះភ្លាមៗដើម្បីឲ្យមតិសាធារណជនបានជ្រាប ។
ក្រសួងការបរទេសខ្មែរបានឲ្យដឹងនៅក្នុងលិខិតនោះថា ប្រទេសថៃបានរំលោភលើបន្ទាត់ព្រំដែនអន្តរជាតិដែលបានគូរនៅដើមសតវត្សរ៍ទី២០ ដោយគណៈកម្មការចម្រុះរួមមានតំណាងមកពីប្រទេសសៀម និងគណៈប្រតិភូនៃប្រទេសអាណាព្យាបាលមានប្រទេសបារាំងដែលកាលណោះជាតំណាងឲ្យប្រទេសកម្ពុជាផង ។
ទោះបីយ៉ាងណាក្តីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនាពេលអាហារថ្ងៃត្រង់នៅសិង្ហបុរីកាលពីម្សិលមិញ ពុំមានការព្រមព្រៀងជាឯកច្ឆន្ទដើម្បីឲ្យអាស៊ានចូលរួមដោះស្រាយវិបត្តិតឹងតែងរវាងកម្ពុជានិងថៃនោះនៅឡើយទេ ។
លោក សាហាស បណ្ឌិតគូន រដ្ឋមន្រ្តីក្រសួងបរទេសស្តីទីនៃប្រទេសថៃបានប្រាប់ក្រុមអ្នកកាសែតក្រោយអាហារថ្ងៃត្រង់នៅសិង្ហបុរីពីម្សិលមិញថា ប្រទេសថៃទទូចរក្សាទុកយន្តការទ្វេភាគីកម្ពុជា-ថៃក្នុងការដោះស្រាយបញ្ហាទំនាស់នៅតំបន់ព្រះវិហារនោះ ដោយបានមានប្រសាសន៍ថាវាជាការប្រញាប់ប្រញាល់ពេកក្នុងការរុញបញ្ហានេះទៅដល់កម្រិតតំបន់និងកម្រិតអន្តរជាតិនោះ ។
សូមជម្រាបថាប្រទេសសិង្ហបុរីដែលឈរជាប្រធានសមាគមអាស៊ានប្រចាំឆ្នាំនឹងផុតអាណត្តិនៅចុងខែកក្កដានេះ ។
ប្រទេសដែលនឹងក្លាយជាប្រធានសមាគមអាស៊ាននេះជាបន្ទាប់គឺប្រទេសថៃដែលនឹងត្រូវចូលកាន់តំណែងនៅថ្ងៃសុក្រនេះ ។
លោក ស៊ូរិន ពិតសុវណ្ណ ដែលខ្លួនលោកជាអតីតរដ្ឋមន្រ្តីការបរទេសនៃប្រទេសថៃ ហើយបច្ចុប្បន្នជាអគ្គលេខាធិការមានអាណត្តិ៥ឆ្នាំនៃប្រទេសសមាគមអាស៊ាន បានមានប្រសាសន៍ថាប្រទេសថៃបានត្រៀមខ្លួនជាស្រេច ដើម្បីឡើងកាន់តំណែងជាប្រធាននៃសមាគមអាស៊ាននេះ ថ្វីបើរដ្ឋាភិបាលថៃកំពុងតែច្របូកច្របល់ក៏ដោយ ។
សូមរំឮកថា លោករដ្ឋមន្ត្រី ណុបប៉ាឌុន ត្រូវបង្ខំចិត្តចុះចេញពីតំណែងភ្លាមនៅពេលដែលប្រាសាទព្រះវិហារខ្មែរបានត្រូវបញ្ចូលក្នុងបញ្ជីនៃបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដាមុននេះ ។
លោកអគ្គលេខាធិការ ស៊ូរិន ពិតសុវណ្ណ ដែលជាជនជាតិថៃផងនោះមានប្រសាសន៍ថា ប្រទេសថៃមានជំនាញនិងបទពិសោធន៍ប្រកបដោយទំនុកចិត្ត ហើយថាបុគ្គលិកអចិន្ត្រៃយ៍នៃប្រទេសនេះមានសមត្ថភាពខ្ពស់ណាស់គឺពុំបាច់ត្រូវព្រួយអ្វីឡើយ ៕
