ប្រជាពលរដ្ឋខ្មែរនៅតំបន់ប្រាសាទព្រះវិហារបានឲ្យដឹងថា អាជ្ញាធរខេត្តព្រះវិហារបានសម្រេចបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅប្រាសាទព្រះវិហារជាបណ្តោះអាសន្ន បន្ទាប់ពីមានសភាពការណ៍តឹងតែងដោយក្រុមប្រជាពលរដ្ឋថៃបានទៅធ្វើបាតុកម្មនៅទីនោះ ប្រឆាំងរដ្ឋាភិបាលថៃថាបានកាត់ទឹកដីជិតប្រាសាទព្រះវិហារមកឲ្យកម្ពុជា ។
អ្នកទេសចរដើរទស្សនាប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក ក្នុងឆ្នាំ២០០៦។
អនុប្រធានភូមិប្រាសាទនៅលើកំពូលភ្នំប្រាសាទព្រះវិហារ លោក ហម សុផា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ថាច្រកទ្វារព្រំដែនប្រាសាទព្រះវិហារត្រូវបានបិទតាំងពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីប្រជាពលរដ្ឋថៃមួយក្រុមដែលមានប៉ូលិសនិងកងទាហានឈុតខ្មៅចូលរួមដើរការពារផង បានមកធ្វើបាតុកម្មទាមទារ ។ ហើយកាលពីព្រឹកថ្ងៃច័ន្ទអភិបាលខេត្តព្រះវិហារ លោក ព្រាប តាន់ បានមកប្រកាសបិទជាផ្លូវការ ។
លោក ហម សុផា បានមានប្រសាសន៍ថា ៖ «បិទម៉ោង ៥:១៥ ។ ប្រជាពលរដ្ឋវា វាមានប៉ូលិសរបស់វាផង មានទាហានខ្មៅផង កងកម្លាំងវាមកទាំងអស់ប្រហែលជាជាង១០០នាក់ វាមកធ្វើបាតុកម្មហ្នឹង ។ ទប់ស្កាត់វាមិនឲ្យចូលមកតាមរបងហ្នឹង» ។
មិនអាចទំនាក់ទំនងសុំការអធិប្បាយពីអភិបាលខេត្តព្រះវិហារ លោក ព្រាប តាន់ ស្ដីពីបញ្ហានោះបានទេកាលពីព្រឹកថ្ងៃច័ន្ទ ។
ចំណែកនាយខុទ្ទកាល័យរបស់សាលាខេត្តព្រះវិហារ លោក សុង ប៊ុនលាង បានមានប្រសាសន៍ថាអភិបាលខេត្តព្រះវិហារ កំពុងធ្វើដំណើរទៅកាន់តំបន់ប្រាសាទ ឯព័ត៌មានផ្សេងៗលោកពុំទាន់ជម្រាបបានទេ ។
លោក សុង ប៊ុនលាង បានឲ្យដឹងថា ៖ «ឯកឧត្ដមអភិបាលខេត្តលោកចុះទៅហើយ ប៉ុន្តែខ្ញុំអត់ទាន់ច្បាស់ ខាងខ្ញុំអត់ទាន់ហ៊ានរាយការណ៍ឲ្យខាងប្អូនទេ» ។
អាជ្ញាធរខ្មែរនៅលើខ្នងភ្នំដងរែកប្រាសាទព្រះវិហារបាននិយាយថា ការបិទច្រកប្រាសាទមិនឲ្យភ្ញៀវថៃនិងខែ្មរចេញចូល វានឹងមានផលវិបាកដល់អ្នកភូមិខ្មែរប្រមាណ៣១០គ្រួសារដែលរស់នៅតំបន់នោះប្រឈមមុខទៅនឹងការខ្វះស្បៀងនិងម្ហូបអាហារ ។
ក្រុមអ្នកភូមិខ្មែរនៅលើខ្នងភ្នំបាននិយាយថា ស្បៀងនិងម្ហូបអាហារដែលពួកគេទទួលទានប្រចាំថ្ងៃគឺយកមកពីប្រទេសថៃ ហើយបើបិទច្រកពួកគេនឹងដាច់ស្បៀងនៅពេលខាងមុខ ៖ «ចៅហ្វាយខេត្តចុះមកដល់មុនហ្នឹងបន្តិចហ្នឹង ប្រកាសបិទហើយចាក់សោហើយ ។ ពេលអត់បានមកពីថៃអត់មានអីហូបទេ អត់ទាំងអស់ ហើយមកពីខ្មែរយើងវិញ យកមកលក់ក៏អត់ទាន់មាន» ។
ទោះយ៉ាងណាពេញមួយថ្ងៃច័ន្ទមិនអាចទំនាក់ទំនងសុំការបំភ្លឺបញ្ហាដែលប្រជាពលរដ្ឋថៃទៅធ្វើបាតុកម្មនៅច្រកទ្វារប្រាសាទព្រះវិហារពីលោក ចក្រឈូករិនថៃអៈថាំ ជាមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាបានទេដោយបុគ្គលិកស្ថានទូតបានប្រាប់ថាលោកមិននៅក្នុងការិយាល័យ ។
តាមប្រជាពលរដ្ឋខ្មែរនៅលើខ្នងភ្នំដងរែកឲ្យដឹងថា ច្រកទ្វារប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់បន្ទាប់ពីអាជ្ញាធរខ្មែរបានយកសោមកចាក់បិទទ្វារព្រំដែន ។
សូមរំឭកថាកាលពីថ្ងៃទី១៨ ខែមិថុនាកន្លងមក នៅទីក្រុងបាងកកប្រទេសថៃ មនុស្សប្រមាណ៥ពាន់នាក់ដែលដឹកនាំដោយក្រុមសម្ព័ន្ធប្រជាជនសម្រាប់លិទ្ធិប្រជាធិបតេយ្យ បានធ្វើបាតុកម្មដោយចោទប្រកាន់លោកណុបផាដុនប៉ាតាម៉ា រដ្ឋមន្ត្រីការបរទេសថៃថាបានឲ្យទឹកដីតំបន់ប្រាសាទព្រះវិហារមកកម្ពុជាជាថ្នូរទៅនឹងសម្បទានអាជីវកម្ម ដោយបើកផ្លូវឲ្យកម្ពុជាបានបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយគ្មានឧបសគ្គ ៕
មេបញ្ជាការខ្មែរ-ថៃគ្រោងជួបប្រជុំគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង
ស្ថានភាពនៅតំបន់ប្រាសាទព្រះវិហារ ថ្ងៃ៧ វិច្ឆិកា
ស្ថានភាពនៅតំបន់ព្រំដែនខ្មែរ-ថៃ ថ្ងៃ៣១ តុលា
មន្រ្តីខ្មែរប្រតិកម្មតបនឹងព័ត៌មានថាថៃនឹងប្រើច្បាប់អន្តរជាតិក្នុងករណីថាក់ស៊ីន
ស្ថានទូតខ្មែរនៅបាងកកទទួលបានការធានាសុវត្ថិភាពពីរដ្ឋាភិបាលថៃ
រដ្ឋាភិបាល៖ ការទាមទារឲ្យកម្ពុជាដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារគឺខុសច្បាប់
ក្រសួងការបរទេសប្រកាសឲ្យទូតខ្មែរនៅថៃគិតពីបញ្ហាសុវត្ថិភាព
កម្ពុជានឹងមិនលើកយកបញ្ហាព្រំដែនទៅដោះស្រាយក្នុងកិច្ចប្រជុំអាស៊ាន
កម្ពុជានឹងដាក់ការពិភាក្សាពីជម្លោះខ្មែរ-ថៃនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
ថៃប្រតិកម្មនឹងការស្នើដាក់បញ្ហាទំនាស់ព្រំដែនក្នុងកិច្ចប្រជុំអាស៊ាន
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.