កម្ពុជា​បដិសេធ​ការចោទ​របស់​ថៃ​ជុំវិញ​បញ្ហា​ដាក់​គ្រាប់​មីន​ថ្មី

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ចោល​ការចោទ​ប្រកាន់​របស់​ប្រទស​ថៃ​លើ​បញ្ហា​ដែល​ថា កម្ពុជា​បាន​ដាក់​គ្រាប់​មីន​ក្រោម​ដី​ថ្មីៗ​ទៀត​នៅ​តាម​បន្ទាត់​ព្រំដែន​ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​ទាហាន​ថៃ​រង​របួស​ជា​បន្ត​បន្ទាប់​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ។

0:00 / 0:00

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​វិច្ឆិកា ថា កម្ពុជា​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​បង្ហាញ​ថា តំបន់​ជា​ច្រើន​នៃ​ប្រទេស​នៅ​មាន​គ្រាប់​មីន​សេសសល់​ពី​សង្គ្រាម​ជិត​៣០​ឆ្នាំ។

លោក ផៃ ស៊ីផាន បាន​បដិសេធ​ចោល​ការចោទ​ប្រកាន់​ដែល​ថា កម្ពុជា​បាន​ដាក់​មីន​ថ្មីៗ​នោះ​ជា​ការ​ពុំ​ពិត ពីព្រោះ​គោល​នយោបាយ​កម្ពុជា​ពិត​ប្រាកដ​គ្មាន​និន្នាការ​យក​មីន​មក​កប់​សម្រាប់​ធ្វើ​ជា​របង​ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ​នោះ​ទេ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «គោល​នយោបាយ​កម្ពុជា​ពិត​ប្រាកដ​គ្មាន​និន្នាការ​ណា​យក​មីន​ទៅ​ពង្រាយ​សម្រាប់​ជា​នយោបាយ​ធ្វើ​របង​ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ​នោះ​ទេ លើកលែង​តែ​មីន​ដែល​សេសសល់​នៅ​តាម​បណ្ដោយ​ព្រំដែន»

ការបដិសេធ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មន្ត្រី​ការបរទេស​ថៃ​មាន​គម្រោង​នឹង​លើក​យក​បញ្ហា​ផ្ទុះ​មីន​សម្លាប់​ទាហាន​ថៃ​ដែល​ទំនង​ជា​សំដៅ​ទៅ​លើ​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​នឹង​យក​ទៅ​ជជែក​ក្នុង​កិច្ចប្រជុំ​នៃ​អនុសញ្ញា​អូតាវ៉ា​នា​ពេល​ខាង​មុខ។

រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក សំភុង អៈម៉នវីវ៉ាត់ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ថា ការដាក់​មីន​ថ្មីៗ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ​គឺ​ជា​ការរំលោភ​អនុសញ្ញា​អូតាវ៉ា ហើយ​ថា​មជ្ឈមណ្ឌល​ដោះ​មីន​ថៃ និង​អង្គការ​មេគង្គ​ដើម្បី​មនុស្សធម៌ នឹង​លើក​យក​បញ្ហា​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​សមាជិក​អនុសញ្ញា​អូតាវ៉ា នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​ខាង​មុខ។

ទោះ​យ៉ាង​ណា​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា គេ​គ្រោង​នឹង​បញ្ជូន​អ្នក​ជំនាញ​ផ្នែក​មីន​ឲ្យ​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ដោយ​មាន​ទាំង​ឯកសារ​គ្រប់គ្រាន់​ថា កម្ពុជា​ពុំ​មាន​ដាក់​មីន​ថ្មី​នៅ​តាម​ព្រំដែន​ដូច​ការចោទ​ប្រកាន់​នោះ​ទេ។

អគ្គ​នាយក​រង​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា បាន​មាន​ប្រសាសន៍​ថា នៅ​តាម​ជួរ​ព្រំដែន​កម្ពុជា​ថៃ​ជាង​៨០០​គីឡូម៉ែត្រ​គឺ​ជា​តំបន់​ដែល​មាន​មីន​ក្រាស់​ពុំ​ទាន់​បាន​ដោះ​នៅ​ឡើយ ហើយ​នៅ​តាម​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​ទំហំ​ផ្ទៃ​ដី​ប្រមាណ​១៣,៦​គីឡូម៉ែត្រ​ការ៉េ​ទៀត​នៅ​មាន​មីន​ដែល​មាន​ប្រវត្តិសាស្ត្រ​ដាក់​តាំង​តែ​ពី​ឆ្នាំ​១៩៧២ រហូត​ដល់​ឆ្នាំ​១៩៩៨ អំឡុង​ពេល​សង្គ្រាម។

លោក ហេង រតនា បាន​ឲ្យ​ដឹង​ថា ៖ «នៅ​តាម​ជួរ​ព្រំដែន​រហូត​ដល់​៨០០​គីឡូ​ជាង​ហ្នឹង​ជា​តំបន់​ដែល​មាន​មីន​ក្រាស់ យើង​ហៅ​ថា​តំបន់​ចម្ការ​មីន តាម​បណ្ដោយ​ព្រំដែន​ហ្នឹង។ ហើយ​ព្រះវិហារ​គឺ​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ទាំង​៨០០​គីឡូ​ជាង​ហ្នឹង។ វា​អត់​មាន​អី​សង្ស័យ​ទេ តែ​ចូល​មក​ជាន់​ហើយ កន្លែង​អត់​ទាន់​ដោះ»

សូម​រំឭក​ថា ចាប់​តាំង​តែ​ពី​កងទ័ព​ថៃ​បាន​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វៈរៈ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា យ៉ាង​ហោច​ណាស់​មាន​ទាហាន​ថៃ​ចំនួន​៤​នាក់​ហើយ​ដែល​បាន​រង​របួស​ដោយ​ការផ្ទុះ​មីន​នៅ​ជិត​តំបន់​ភ្នំ​ទ្រព្យ​ចម្ងាយ​៣​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ប្រាសាទ​ព្រះវិហារ៕