ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃទី២០ វិច្ឆិកា បានធ្វើការឆ្លើយតបជាផ្លូវការចំពោះកំណត់ទូតចំនួនបីរបស់ក្រសួងការបរទេសថៃដែលបានផ្ញើមកកម្ពុជាដោយបានចោទប្រកាន់ថា កម្ពុជាបានរំលោភលើបូរណភាពទឹកដីរបស់ថៃនោះ។
ទាហានខ្មែររៀបចំលើកទង់បេតិកភណ្ឌពិភពលោក នៅឯប្រាសាទព្រះវិហារក្នុងខែត្រព្រះវិហារ កាលពីថ្ងៃទី៧ វិច្ឆិកា ២០០៨។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិបន្ទាប់ពីការជួបជាមួយឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជានៅទីស្តីការក្រសួងថា ប្រទេសថៃហាក់កំពុងបង្កបញ្ហាជាមួយកម្ពុជាបន្ទាប់ពីការរារាំងមិនបានសម្រេចនូវការបញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនាពេលថ្មីៗកន្លងទៅនេះ។
លោក ហោ ណាំហុង បន្តថា រាល់ការចោទប្រកាន់របស់ប្រទេសថៃពុំមានមូលដ្ឋានច្បាស់លាស់ឡើយ ៖ «យើងផ្អែកលើផែនទីមួយហាសិបពាន់ដែលក្រុមបច្ចេកទេសកម្ពុជាថៃបានប្រើប្រាស់ដើម្បីទៅរកបង្គោលព្រំដែនចំនួន៧៣ នៅតាមព្រំដែនកម្ពុជា យើងផ្អែកលើឯកសារទាំងអស់នេះ ហើយប្រាប់ថៃវិញថា តំបន់នោះគឺនៅក្នុងទឹកដីរបស់កម្ពុជា ហើយក៏យើងបានជម្រាបថៃដែរថា តំបន់នេះគឺតាំងតែពី១៩០៧ ដែលពេលចាប់ធ្វើផែនទីនោះមកគឺយើងបានគ្រប់គ្រងតំបន់នេះរហូតមក... តាំងពីថ្ងៃ១៥ កក្កដា ក្រោយពេលប្រាសាទព្រះវិហារបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានថៃលើកបញ្ហាមួយហើយមួយទៀតៗ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ វិច្ឆិកា ក្រសួងការបរទេសថៃបានផ្ញើកំណត់ទូតតវ៉ាមួយមកក្រសួងការបរទេសកម្ពុជាដោយអះអាងថា សំណង់មួយចំនួនដែលសង់នៅប៉ោយប៉ែតក្បែរព្រំដែនកម្ពុជាថៃបានសង់រំលោភចូលទឹកដីថៃ។ ហើយនៅថ្ងៃទី១២ និង ១៣ វិច្ឆិកា ថៃក៏បានផ្ញើកំណត់ទូតចំនួនពីរទៀតតវ៉ាចំពោះការដោតទង់ជាតិកម្ពុជា ទង់សម្គាល់សម្បត្តិបេតិកភណ្ឌពិភពលោក និងទង់យូណេស្កូនៅលើតំបន់ប្រាសាទព្រះវិហារ ព្រមទាំងការដង្ហែអង្គកឋិនទានចូលវត្តកែវសិក្ខាគិរីស្វៈរៈរបស់ពុទ្ធបរិស័ទខ្មែរ។
លោក ហោ ណាំហុង បានព្រមានចំពោះភាគីថៃដែលបានធ្វើការតវ៉ាដោយគ្មានមូលដ្ឋានដោយលោកបានចាត់ទុកទង្វើនេះថាជាសកម្មភាពរំខានបរិយាកាសចរចានាពេលខាងមុខ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «ខ្ញុំសូមជម្រាប ខ្ញុំមិនយល់ដែរ។ ថ្ងៃមិញនេះខ្ញុំបានប្រាប់លោកឯកអគ្គរាជទូតថៃថា ក្រោយៗបើថៃចង់ធ្វើលិខិតមកតវ៉ាអ្វីមួយ សូមថៃមើលឯកសារផ្លូវច្បាប់ មើលផែនទីឲ្យច្បាស់លាស់ កុំឲ្យយើងខាតពេលនឹងឆ្លើយទៅថៃ ហ្នឹងទី១។ ទី២ទៀត ដោយសារយើងប្ដេជ្ញាទាំងសងខាងធ្វើការចរចាដោយសន្តិវិធីដោយមិត្តភាព រកដំណោះស្រាយបញ្ហាមិនបាន យើងទុកឲ្យមានបរិយាកាសស្ងាត់ស្ងៀមស្រួលទៅចរចារកដំណោះស្រាយដោយសន្តិវិធី កុំឲ្យតវ៉ាហើយតវ៉ាទៀតដោយអត់មូលហេតុ មូលដ្ឋានអ្វីទាំងអស់»។
យ៉ាងណាក៏ដោយលោកឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង បានចាត់ទុកជម្រើសប្តឹងទៅអង្គការសហប្រជាជាតិថាជាជម្រើសចុងក្រោយសម្រាប់បញ្ហាជម្លោះព្រំដែនរវាងកម្ពុជាថៃ៕
ពាណិជ្ជករថៃធំៗបារម្ភពីបញ្ហាទំនាស់រវាងរដ្ឋាភិបាលខ្មែរនិងថៃ
ចំនួនពលរដ្ឋខ្មែរដែលថៃចាប់បញ្ជូនមកកម្ពុជាវិញមានការកើនឡើង
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
អាជ្ញាធរថៃគ្រោងដោះលែងខ្មែរ៨នាក់ដែលបានឆ្លងដែនខុសច្បាប់
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.