ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកគឺលោក ចូសេហ្វ មូសូមែលី បានមានប្រសាសន៍យ៉ាងដូច្នេះនៅអំឡុងពេលដែលលោកបានចុះទៅសង្កេតការណ៍បោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅតំបន់អតីតខ្មែរក្រហមភ្នំវល្លិ ភាគខាងត្បូងក្រុងកែបនៃប្រទេសកម្ពុជា ។
លោក ចូសេហ្វ មូសូមែលី បានមានប្រសាសន៍ថា ៖ "ដូចលោកជ្រាបស្រាប់ហើយ ការបោះឆ្នោតគឺជាផ្នែកមួយសំខាន់នៃដំណើរការលទ្ធិប្រជាធិបេតយ្យ ប៉ុន្តែខ្ញុំក៏មិនច្បាស់ថាតើវាពិតជាធាតុដ៏សំខាន់បំផុតនោះឬយ៉ាងណាទេ ? ខ្ញុំគិតថាការធ្វើឲ្យលំហរសេរីភាពសារព័ត៌មានកាន់តែប្រសើរឡើង នោះគឺជារឿងសំខាន់ណាស់ ។ ដូចលោក ថូម៉ាស់ ចេហ្វឺសុន បានលើកឡើងថាប្រសិនបើគាត់ត្រូវតម្រូវឲ្យជ្រើសរើសរវាងរដ្ឋាភិបាលប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាននោះ គាត់និយាយថានោះគាត់នឹងសម្រេចយកសេរីភាពសារព័ត៌មាន ។ ខ្ញុំវិញ គឺយល់ស្របជាមួយនឹង ចេហ្វឺសុន ដែរ" ។
លោក ចូសេហ្វ មូសូមែលី បានបន្តទៀតថា ៖ "ផ្នែកសំខាន់មួយទៀតនោះ គឺត្រូវតែឲ្យមានប្រព័ន្ធតុលាការយុត្តិធម៌ ។ ពីព្រោះថាមិនសូម្បីតែមន្ត្រីរដ្ឋាភិបាល ឬក្នុងសង្គមប្រជាធិបតេយ្យនោះទេ អ្នកណាក៏ដោយឲ្យតែមានអំណាចខ្លាំង អ្នកនោះគឺគ្រោះថ្នាក់បំផុត ។ មនុស្សដែលប្រើអំណាចផ្តាច់ការនេះ គឺមាននៅគ្រប់ទីកន្លែងទាំងនៅប្រទេសកម្ពុជា ឬនៅទូទាំងសកលលោក ។ យ៉ាងនេះហើយបានជាយើងត្រូវការតុលាការឯករាជ្យមួយដែលអាចគាំពារមនុស្សគ្រប់គ្នាតាមផ្លូវច្បាប់" ។
សូមជម្រាបថានាប៉ុន្មានខែចុងក្រោយនេះនៅមុនពេលការបោះឆ្នោត និងអំឡុងពេលការបោះឆ្នោតជាតិនៅកម្ពុជានេះ អ្នកសារព័ត៌មានមួយរូបគឺលោក ដាំ សិទិ្ធ ជានិពន្ធនាយកកាសែតមនសិការខ្មែរ ត្រូវអាជ្ញាធរបានចាប់ឃុំខ្លួន និងអ្នកយកព័ត៌មានឲ្យកាសែតមនសិការខ្មែរមួយរូបទៀត គឺលោក ឃឹម សម្បូរណ៍ រួមទាំងកូនប្រុសរបស់លោកមួយរូបផងដែរ ត្រូវជនប្រដាប់អាវុធបាញ់សម្លាប់នៅកណ្តាលទីក្រុងភ្នំពេញ ។
ជាមួយគ្នានេះស្ថានីយវិទ្យុយ៉ាងហោចចំនួន២ គឺវិទ្យុអង្គររដ្ឋាខេត្តក្រចេះ និងវិទ្យុ FM ៩៣.5 MHz ត្រូវបានអាជ្ញាធរសម្រេចបិទការផ្សាយ ។
ទាក់ទិនករណីបាញ់សម្លាប់អ្នកកាសែត គឺលោក ឃឹម សម្បូរណ៍ បើទោះបីជាទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) តាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជាសុំជួយធ្វើអន្តរាគមន៍ស៊ើបអង្កេតស្រាវជ្រាវក៏ដោយ ក៏អាជ្ញាធរខ្មែរនៅមិនទាន់ឆ្លើយតបយ៉ាងណាចំពោះសំណើខាងលើនេះនៅឡើយដែរ ៕
