អាជ្ញាធរ​នគរបាល​កម្ពុជា​បន្ត​ការស្វែងរក​ចាប់​ខ្លួន ជា រដ្ឋា

អាជ្ញាធរ​នគរបាល​កម្ពុជា​កំពុងតែ​បន្ត​ជំរុញ​ឲ្យ​សមត្ថកិច្ច​នគរបាល​អន្តរជាតិ (Interpol) បន្ត​ស្វែងរក​ចាប់​ខ្លួន​លោកស្រី ជា រដ្ឋា អតីត​នាយ​សេនាធិការ​រង​នៃ​កង​រាជ​អាវុធហត្ថ​កម្ពុជា ក្រោម​បទ​ចោទ​ថា​លោកស្រី​មាន​ការពាក់ព័ន្ធ​ក្នុង​អំពើ​ជះ​ទឹក​អាស៊ីត​ប៉ុនប៉ង​ធើ្វ​ឃាត​គិត​ទុក​ជា​មុន មក​លើ​ម្តាយ​មីង​របស់​នាង អ៊ិន សុខលីដា កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ។

0:00 / 0:00

លោក កែវ វណ្ណថន មន្រ្តី​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​នគរបាល​កម្ពុជា និង​ជា​មន្រ្តី​នគរបាល​របស់ Interpol បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មាន​ការសង្ស័យ​ថា​លោកស្រី ជា រដ្ឋា កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ទ្បើយ​ទេ ប៉ុនែ្ត​អាជ្ញាធរ​ថៃ​មិន​ទាន់​ឆ្លើយ​តប​មក​អាជ្ញាធរ​កម្ពុជា​ជុំវិញ​ករណី​លោកស្រី ជា រដ្ឋា នោះ។

លោក កែវ វណ្ណថន បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​បាន​ជូន​ដំណឹង​ទៅ​អស់​ហើយ ជា​ពិសេស​គឺ​នៅ​ប្រទេស​អាស៊ាន ទាំង​អស់​និយាយ​រួម សមាជិក Interpol ទាំងអស់​នៅ​លើ​ពិភពលោក។ យើង​នៅតែ​បន្ត»

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អាជ្ញាធរ​នគរបាល Interpol បាន​ចេញ​និវេត​ក្រហម (Red Notice) ផ្ញើ​ទៅ​ប្រទេស​ចំនួន​១៨០​ប្រទេស​ដែល​ជា​សមាជិក​របស់ Interpol ដើម្បី​សែ្វងរក​ចាប់ខ្លួន​លោកស្រី ជា រដ្ឋា ដោយ​បាន​ប្រាប់​អំពី​ភិនភាគ​និង​រូបថត​របស់​លោកស្រី ជា រដ្ឋា។

ការស្វែងរក​ចាប់​ខ្លួន​លោកស្រី ជា រដ្ឋា ដែល​ជា​អតីត​មេបញ្ជាការ​រង​នៃ​កង​រាជ​អាវុធហត្ថ​កម្ពុជា គឺ​នៅ​ក្រោយ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​ស្វែងរក​ចាប់​ខ្លួន​លោកស្រី ជា រដ្ឋា ក្រោម​បទ​ចោទ​ថា​លោកស្រី​មាន​ការជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​មកលើ លោកស្រី យ៉ា សុខនីម អាយុ​៣៥​ឆ្នាំ ដែល​ជា​ម្តាយ​មីង​របស់​នាង អ៊ិន សុខលីដា ដែល​សេចក្តី​រាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា នាង អ៊ិន សុខលីដា និង​លោកស្រី ជា រដ្ឋា ធ្លាប់​មាន​ទំនាក់​ទំនង​សេ្នហា​ភេទ​ដូច​គ្នា។

នាង អ៊ិន សុខលីដា ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​និង​ជា​អតីត​បវរកញ្ញា​ទេសចរណ៍​របស់​កម្ពុជា។ មិន​អាច​ទាក់ទង​ក្រុម​គ្រួសារ​របស់​នាង អ៊ិន សុខលីដា បាន​ភ្លាមៗ​ទេ​នៅ​ថៃ្ង​អង្គារ​នេះ ជុំវិញ​ស្ថានការណ៍​រស់នៅ​របស់​ក្រុម​គ្រួសារ​របស់​នាង​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក អំ សំអាត ប្រធាន​ផែ្នក​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ដែល​បាន​ស៊ើប​អង្កេត​រឿង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «មាន​ភស្តុតាង​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ ដោយ​សង្ស័យ​ទៅ​លើ​លោកស្រី ជា រដ្ឋា ដែល​ជា​អតីត​អនុ​រង​សេនាធិការ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ហើយ​និង​ក្រុម​កូន​ចៅ​របស់​គាត់​ដែល​ជា​អង្គរក្ស​របស់​គាត់ ២​-​៣​នាក់​ទៀត។ អ៊ីចឹង​ហើយ​យើង​ឃើញ​ថា ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​បច្ចុប្បន្ន​នេះ គឺ​កំពុង​តែ​នៅ​មាន​ការភិតភ័យ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ក្រុម​គ្រួសារ»

លោកស្រី ជា រដ្ឋា ដែល​សមត្ថកិច្ច​នគរបាល Interpol កំពុងតែ​ស្វែងរក​ចាប់​ខ្លួន​នោះ ធ្លាប់​បាន​ឆ្លើយ​បដិសេធ​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​ពេល​កន្លង​ទៅ​នេះ​ថា លោកស្រី​គ្មាន​ការជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​ដូច​ការចោទ​ប្រកាន់​នោះ​ទេ។

សូម​រំឮក​ថា តារា​ចម្រៀង​និង​តារា​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ជា​ស្រី្ត​ភេទ បាន​រង​ការបាញ់​សម្លាប់​និង​រង​របួស​ធ្ងន់​កន្លង​មក មាន​ដូច​ជា​លោកស្រី ពិសិទ្ធ ពិលីកា នាង ទូច ស្រីនិច និង​នាង ពៅ បញ្ញាពេជ្រ ជាដើម ប៉ុនែ្ត​គេ​កត់សម្គាល់​ឃើញ​ថា​អាជ្ញាធរ​នគរបាល​កម្ពុជា​នៅ​មិន​ទាន់​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់​មក​ផ្តន្ទាទោស​នៅ​ឡើយ​ទេ៕