ស្នងការនគរបាលក្រុងភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ មានប្រសាសន៍នៅថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០០៨ ថា ដំណឹងសង្ស័យមានក្រុមភេរវករជនជាតិជប៉ុនអាចចូលមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាបានផ្តល់ដំណឹងពីរសប្តាហ៍មកហើយ។ ដំណឹងនេះប៉ូលិសក្រុងភ្នំពេញកំពុងធ្វើការស៊ើបអង្កេត។
លោកថា រហូតមកទល់ពេលនេះការស្រាវជ្រាវរុករកក្រុមភេរវករនោះនៅបន្តរកតាមអត្តសញ្ញាណដែលផ្តល់ពីនាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាល។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានឲ្យដឹងថា ៖ «ខ្ញុំទទួលបានការងារនេះ ពីរសប្ដាហ៍មកហើយ។ យើងកំពុងតែធ្វើការស្រាវជ្រាវ បើគេផ្ដល់អត្តសញ្ញាណរបស់ជន១៤នាក់ហ្នឹងមកឲ្យយើង យើងនឹងស្រាវជ្រាវទៅតាមអត្តសញ្ញាណ គេផ្ដល់ឲ្យយើង»។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បន្តថា អគ្គស្នងការដ្ឋាននៃនាយកដ្ឋានកណ្តាលសន្តិសុខបានផ្តល់ដំណឹងភ្លាមៗ និងផ្តល់អត្តសញ្ញាណក្រុមភេរវករនោះមកប៉ូលិសក្រុងភ្នំពេញពីរសប្តាហ៍មកហើយ។ ចំណែកស្ថានទូតជប៉ុនក៏បានធ្វើទំនាក់ទំនងជាមួយប៉ូលិសខ្មែរអំពីក្រុមភេរវករនោះដែរ។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថា ៖ «អាហ្នឹងខ្ញុំទទួលបានពីអគ្គស្នងការពីខាងក្រុមប្រឹក្សាសន្តិសុខ ហើយនិងស្ថានទូតជប៉ុនក៏គេឲ្យដំណឹងមកខ្ញុំតាមរយៈទូរស័ព្ទផងដែរ សាកសួរបញ្ហាហ្នឹង។ គេសាកសួរដូចគ្នាហ្នឹង អ៊ីចឹងបានថាពួកខ្ញុំទាល់តែទទួលបានអត្តសញ្ញាណហ្នឹងដើម្បីស្រាវជ្រាវជូន...»។
មន្រ្តីស្ថានទូតជប៉ុន លោក Kazuo Chujo បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យជាភេរវករទាំង១៤នាក់ គឺមាន៧នាក់ជាសមាជិកទាហានក្រហមជប៉ុន និង៧នាក់ទៀតជាក្រុម Yodo-Go។
លោក Kazuo Chujo បន្តថា ទំនងជាមានការយល់ច្រឡំអំពីព័ត៌មានជុំវិញវត្តមានភេរវករជប៉ុននៅកម្ពុជានេះ។
លោកបញ្ជាក់ថា ជាទូទៅប្រទេសជប៉ុនតែងតែផ្ញើបញ្ជីឈ្មោះភេរវករទាំងនេះទៅឲ្យរដ្ឋាភិបាលប្រទេសនានានៅលើសកលលោកដើម្បីបន្តការស៊ើបអង្កេតដោយមិនមែនផ្ញើមកកាន់តែប្រទេសកម្ពុជានោះទេ។ ជាមួយគ្នានេះភ្នាក់ងារជប៉ុនបានផ្តល់ឯកសារពាក់ព័ន្ធជាច្រើនទៅដល់ប៉ូលិសកម្ពុជានិងប៉ូលិសអន្តរជាតិដើម្បីស៊ើបអង្កេតក្រុមភេរវករនេះ។
យោងតាមសេចក្តីរាយការណ៍ពីក្រុមប៉ូលិសខ្មែរបានឲ្យដឹងថា ក្រុមភេរវករជនជាតិជប៉ុនមាន១៤នាក់ជាអតីតទាហានក្រហមជប៉ុននិយមឆ្វេង និងក្រុមYodo-Goនោះធ្លាប់វាយប្រហារព្រលានយន្តហោះ តែល អាវីវ ប្រទេសអ៊ីស្រាអែល កាលពីអំឡុងឆ្នាំ១៩៧២។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃមិនទាន់បានទទួលរបាយការណ៍ពិស្តារពីប៉ូលិសក្រុងភ្នំពេញអំពីព័ត៌មានក្រុមភេរវករជនជាតិជប៉ុនដែលសង្ស័យលួចមកលាក់ខ្លួននៅប្រទេសកម្ពុជានេះបញ្ជូនមកក្រសួងមហាផ្ទៃនៅឡើយទេ៕
