កម្ពុជា​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​ទីផ្សារ​ពិភពលោក

មន្ត្រី​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​១៣ សីហា ថា ប្រទេស​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្នុង​ទីផ្សារ​ពិភពលោក បន្ទាប់ពី​សហរដ្ឋ​អាមេរិក​នឹង​ដក​របាំង​នាំ​ចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​ចិន នៅ​ខែ​ធ្នូ ឆ្នាំ​២០០៨​ខាង​មុខ​នេះ ។

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ថា​គោល​នយោបាយ​ដែល​ផ្សាភ្ជាប់​ពាណិជ្ជកម្ម​ទៅ​នឹង​លក្ខខណ្ឌ​ការងារ​និង​ការគោរព​សិទ្ធិ​កម្មករ បាន​ធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​ក្នុង​ប្រទេស​កម្ពុជា​នៅតែ​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដូច​ជា​ចិន វៀតណាម ប៉ាគីស្ថាន និង​ឥណ្ឌា ជាដើម ។

លោក ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​បាន​ត្រៀម​តាំងពី ៥​-​៦​ឆ្នាំ​មុន​ទៅ​ហើយ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​អាច​យើង​នៅ​ប្រកួត​បាន​នៅ​ពេល​ដែល​អស់​របាំង​ហ្នឹង ។ អ៊ីចឹង​អ្វី​ដែល​យើង​ធ្វើ​គឺ​ជា​គោល​នយោបាយ​ផ្សាភ្ជាប់​ពាណិជ្ជកម្ម​ទៅ​នឹង​លក្ខខណ្ឌ​ការងារ ។ យើង​ចង់​ឲ្យ​រោងចក្រ​ទាំងឡាយ​ដែល​ផលិត​នៅ​ក្នុង​កម្ពុជា​នេះ​គឺ​គោរព​សិទ្ធិ​កម្មករ»

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា​បាន​បន្ត​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​បន្ធូរ​បន្ថយ​ពន្ធ​ចំពោះ​ទំនិញ​របស់​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ធំៗ ដូច​ជា ចិន និង​វៀតណាម ។

លោក ចម ប្រសិទ្ធ បាន​ឲ្យ​ដឹង​ទៀត​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ ទំនិញ​កម្ពុជា​ចំនួន​ជាង​៦​ពាន់​មុខ​បាន​រួច​ពន្ធ​នាំ​ចូល​ក្នុង​ទីផ្សារ​សហរដ្ឋ​អាមេរិក ហើយ​នៅ​ជាង​៦​ពាន់​មុខ​ទៀត​ដែល​មិន​ទាន់​បាន​រួច​ពន្ធ ។

លោក ចម ប្រសិទ្ធ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​វិស័យ​កាត់ដេរ​នឹង​មាន​ការកើនឡើង​ក្រោយ​ពេល​ការបោះ​ឆ្នោត ហើយ​បាន​បដិសេធ​ចំពោះ​ការលើក​ឡើង​ថា រោងចក្រ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បិទទ្វារ បើសិន​ណា​ជា​តម្លៃ​ប្រេង​នៅតែ​ថ្លៃ ដែល​ការលើក​ឡើង​នេះ​បាន​បង្ក​ឲ្យ​មាន​ការព្រួយ​បារម្ភ​ចំពោះ​កម្មករ កម្មការិនី​ខ្មែរ ។

តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) កាលពី​ខែ​សីហា ឆ្នាំ ២០០៨ បាន​ឲ្យ​ដឹង​ថា​សហរដ្ឋ​អាមេរិក​គឺ​ជា​ទីផ្សារ​សម្លៀក​បំពាក់​ធំ​បំផុត​សម្រាប់​កម្ពុជា ។ កាលពី​ឆ្នាំ ២០០៧ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​ជាង​៧០​% ទៅ​សហរដ្ឋ​អាមេរិក ហើយ ២២% ទៅ​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប ។

លោក ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ថា​ល្បឿន​នៃ​ការនាំ​ចេញ​សម្លៀក​បំពាក់ នឹង​នៅតែ​កើន​ឡើង​ដដែល ៖ «ប្រហែល​ជា​ល្បឿន​នៃ​ការនាំ​ចេញ​របស់​យើង​ទៅ​សហរដ្ឋ​អាមេរិក​មិន​ធ្លាក់​ពេក​ទេ ។ រាល់​ឆ្នាំ​យើង​កើន​ពី ១៥ ទៅ ២០% ប៉ុន្តែ​ឆ្នាំ ២០០៨ នេះ ខ្ញុំ​សង្ឃឹម​ថា​យ៉ាង​ច្រើន​ណាស់ ខ្ទង់ ៧ ទៅ ៨% មាន​ន័យ​ថា​យើង​នៅតែ​កើន នាំ​ចេញ​ថែម​បាន​កាន់តែ​ច្រើន ប៉ុន្តែ​គ្រាន់តែ​យើង​មិន​កើន​បាន​២០% ដូច​មុន​ទេ»

លោក ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ថា​ចាប់ពី​ខែ​មករា​ដល់​ខែ​កក្កដា ឆ្នាំ ២០០៨ ការនាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​កម្ពុជា​ទៅ​បរទេស គិត​ជា​ទឹក​ប្រាក់​ចំនួន ២,៤​ពាន់​លាន​ដុល្លារ ហើយ​ថា​កាលពី​ឆ្នាំ ២០០៧ ការនាំ​ចេញ​គិត​ជា​ទឹកប្រាក់​គឺ ៤​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ។ លោក​បាន​បន្ត​ថា ២​ភាគ​៣ នៃ​ផលិតផល​សម្លៀក​បំពាក់​ទាំងអស់​នោះ​គឺ​នាំ​ចេញ​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក ។

បើ​តាម​របាយការណ៍​របស់​អង្គការ ILO បាន​ឲ្យ​ដឹង​ថា​សព្វថ្ងៃ​កម្មករ​រោងចក្រ​កាត់ដេរ​មាន​ចំនួន​ប្រមាណ ៣​សែន​៥​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​មាន​ការកើនឡើង​ប្រមាណ ១៨% បើ​ប្រៀបធៀប​ទៅ​នឹង​ពីរ​ឆ្នាំ​កន្លង​ទៅ ៕