ក្រុមបញ្ញវ័ន្តខ្មែរមួយចំនួនកាលពីព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា បានស្រែកទាមទារឲ្យកងទាហានថៃទាំងអស់ដែលកំពុងចូលលុកលុយទឹកដីខ្មែរនៅតំបន់ប្រាសាទព្រះវិហារ ត្រូវដកកងទ័ពចេញដើម្បីបញ្ឈប់ការឈ្លានពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដី ។
ទាហានខ្មែរដើរនៅក្នុងបរិវេណប្រាសាទព្រះវិហារ នៅលើភ្នំដងរែក នៃខេត្តព្រះវិហារ នាថ្ងៃ២១ កក្កដា ២០០៨ ។
កាលពីព្រឹកមិញក្រុមបញ្ញវ័ន្តខ្មែរមួយក្រុមមកពីរាជបណ្ឌិតសភាកម្ពុជាដែលមានគ្នាប្រមាណ២០នាក់ បានមកដល់ក្នុងវត្តកែវសិក្ខាគិរីស្វារៈ នៃតំបន់ប្រាសាទព្រះវិហារដែលទាហានឈុតខ្មៅថៃកំពុងកាន់កាប់ ។
ក្រុមបញ្ញវ័ន្តទាំងនោះបានដាក់បដាពាក្យស្លោកជាភាសាអង់គ្លេសមានន័យថា ថៃត្រូវតែដកកងទ័ពចេញពីទឹកដីខ្មែរ ព្រមទាំងបានដាក់តាំងសាលក្រមតុលាការអន្តរជាតិ ខែមិថុនា ឆ្នាំ១៩៦២ ក្នុងបំណងបញ្ជាក់ថា កងទ័ពថៃកំពុងបំពានខុសច្បាប់ចូលលុកលុយទឹកដីខ្មែរផង ។
អនុប្រធានវិទ្យាស្ថានអន្តរជាតិកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បានមានប្រសាសន៍ថា កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើនឆ្នាំមកហើយ មិនចង់ធ្វើសង្រ្គាមទៀតទេ ក៏ប៉ុន្តែកងទាហានថៃត្រូវតែដកចេញពីទឹកដីខ្មែរ ។
លោក សុខ ទូច បានមានប្រសាសន៍ថា ៖ «អ្វីដែលថៃធ្វើពេលនេះ ខ្ញុំជឿជាក់ថា កម្ពុជាអាចតបគ្រប់ពេលវេលា ប៉ុន្តែកម្ពុជាដែលជាប្រទេសមួយដែលមានវប្បធម៌ខ្ពស់ ស្អប់ខ្ពើមសង្រ្គាម ។ ថៃទេមិនដែលធ្វើសង្រ្គាម អ៊ីចឹងសូមឲ្យថៃវិលត្រឡប់ទៅប្រទេសរបស់ខ្លួន ដោយគោរពនូវបូរណភាពទឹកដីរបស់កម្ពុជា» ។
ទោះយ៉ាងណាអនុសេនីយ៍ឯកមេបញ្ជាការទាហានឈុតខ្មៅថៃមួយរូបដែលកំពុងតែគ្រប់គ្រងកងទ័ពជុំវិញបរិវេណវត្តខ្មែរនៃតំបន់ប្រាសាទព្រះវិហារ មិនបានបង្ហាញប្រតិកម្មចំពោះការទាមទារនោះទេ ដោយគ្រាន់តែមានប្រសាសន៍ថាមិនអាចអធិប្បាយបាន ។
សូមរំឭកថាកាលពីព្រឹកថ្ងៃច័ន្ទស្របពេលដែលមន្រ្តីការបរទេសខ្មែរថៃកំពុងជួបចរចាគ្នាពីបញ្ហាវិបត្តិនៅជុំវិញប្រាសាទព្រះវិហារឯខេត្តសៀមរាប នៅឯច្រកព្រំដែនតាថាវ ចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីភ្នំព្រះវិហារ មានសេចក្ដីរាយការណ៍ថាទាហានប៉ារ៉ាថៃប្រមាណ២០នាក់បានចូលលុកលុយក្នុងព្រំដែនខ្មែរថែមទៀត ។
មេបញ្ជាការរងប៉ូលិសព្រំដែនមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា ទាហានប៉ារ៉ាថៃបានចូលមកជីកលេណដ្ឋានចម្ងាយប្រមាណ៥០០ម៉ែត្រក្នុងទឹកដីខ្មែរ ៖ «ទាហានប៉ារ៉ា ទាហានខ្មៅហ្នឹង វាចូលមកដល់ចំណុចច្រកតាថៅ ហួសមកចូលដីខ្មែរប្រហែល៥០០ម៉ែត្រ ម៉ោង ៧ ទៅម៉ោង ៨ យើងដេញវាទៅវិញ វាថាមេវាឲ្យមក» ។
រហូតមកដល់ល្ងាចថ្ងៃអង្គារនេះនៅឯបរិវេណវត្តខ្មែរនៃតំបន់ប្រាសាទព្រះវិហារ កងទាហានឈុតខ្មៅថៃនៅតែមានវត្តមាននៅឡើយ ហើយនៅតាមខ្សែត្រៀមទីមួយនៃព្រំដែនតំបន់នោះទាហានខ្មែរនិងទាហានប៉ារ៉ាថៃនៅតែប្រឈមមុខដាក់គ្នា បើទោះបីជាលទ្ធផលការចរចារវាងមន្រ្តីរដ្ឋាភិបាលខ្មែរថៃបានព្រមព្រៀងលើចំណុចឲ្យមានការដកកងទ័ពចេញពីតំបន់ជម្លោះហើយក៏ដោយ ៕
មេបញ្ជាការខ្មែរ-ថៃគ្រោងជួបប្រជុំគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង
ស្ថានភាពនៅតំបន់ប្រាសាទព្រះវិហារ ថ្ងៃ៧ វិច្ឆិកា
ស្ថានភាពនៅតំបន់ព្រំដែនខ្មែរ-ថៃ ថ្ងៃ៣១ តុលា
មន្រ្តីខ្មែរប្រតិកម្មតបនឹងព័ត៌មានថាថៃនឹងប្រើច្បាប់អន្តរជាតិក្នុងករណីថាក់ស៊ីន
ស្ថានទូតខ្មែរនៅបាងកកទទួលបានការធានាសុវត្ថិភាពពីរដ្ឋាភិបាលថៃ
រដ្ឋាភិបាល៖ ការទាមទារឲ្យកម្ពុជាដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារគឺខុសច្បាប់
ក្រសួងការបរទេសប្រកាសឲ្យទូតខ្មែរនៅថៃគិតពីបញ្ហាសុវត្ថិភាព
កម្ពុជានឹងមិនលើកយកបញ្ហាព្រំដែនទៅដោះស្រាយក្នុងកិច្ចប្រជុំអាស៊ាន
កម្ពុជានឹងដាក់ការពិភាក្សាពីជម្លោះខ្មែរ-ថៃនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
ថៃប្រតិកម្មនឹងការស្នើដាក់បញ្ហាទំនាស់ព្រំដែនក្នុងកិច្ចប្រជុំអាស៊ាន
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.