កម្ពុជា​បង្កើន​កិច្ច​ការពារ​សន្តិសុខ​នៅ​តាម​ទីតាំង​សំខាន់ៗ

មន្រ្តី​ជាន់ខ្ពស់​នគរបាល​ជាតិ​បាន​ថ្លែង​ថា អាជ្ញាធរ​កម្ពុជា​បាន​បង្កើន​កិច្ច​ការពារ​សន្តិសុខ​នៅ​តាម​បណ្តាស្ថានទូត​ក៏​ដូច​ជា​ទីតាំង​ទេសចរណ៍​សំខាន់ បន្ទាប់ពី​មាន​ការវាយ​ប្រហារ​ដោយ​អំពើ​ភេរវកម្ម​នៅ​ប្រទេស​ឥណ្ឌា​និង​អាហ្វហ្កានីស្ថាន​រួច​មក។

លោក​ឧត្តមសេនីយ៍​ឯក សុខ ផល អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​នេះ​ថា ការបង្កើន​កិច្ច​ការពារ​សន្តិសុខ​នោះ​បាន​ធ្វើ​ឡើង​ទាំង​កង​កម្លាំង​សន្តិសុខ​និង​បណ្តាញ​ព័ត៌មាន។

លោក​ឧត្តមសេនីយ៍​ឯក សុខ ផល បាន​មាន​ប្រសាសន៍​ថា ៖ «យក​ចិត្ត​ទុក​ដាក់​បង្កើន​ការបន្ថែម​កម្លាំង​ល្បាត​ត្រួត​ពិនិត្យ​ចំហ ទី​១។ ទី​២ យើង​បង្កើន​ការប្រមូល​ព័ត៌មាន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទៅ​ការការពារ​កន្លែង​សំខាន់ៗ ដូច​ជា​អូតែល​ធំៗ ទូត និវាសដ្ឋាន កន្លែង​សប្បាយ​អី​ផ្សេងៗ ឧទាហរណ៍ អង្គវត្ត សៀមរាប កំពង់សោម អ៊ីចឹង​ទៅ​ណា៎។ យើង​មាន​ការប្រុង​ប្រយ័ត្ន​ដែរ មាន​ការត្រួត​ពិនិត្យ​ព័ត៌មាន ប្រមូល​ព័ត៌មាន ហើយ​បង្កើន​កម្លាំង​ល្បាត»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ឧត្តមសេនីយ៍​ឯក សុខ ផល បាន​បញ្ជាក់​ថា មិន​មាន​សញ្ញា​អាក្រក់​ណា​មួយ​អំពី​បញ្ហា​ភេរវកម្ម​មាន​នៅ​ក្នុង​ប្រទេស​នោះ​ទេ។

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​ពុធ​មក​មាន​មនុស្ស​ជាង​១២០​នាក់​ហើយ​ដែល​បាន​ស្លាប់​និង​ជាង​៣០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយសារ​ការវាយ​ប្រហារ​ពី​ពួក​ភេរវករ​នៅ​ទីក្រុង​មុមបៃ (Mumbai) ប្រទេស​ឥណ្ឌា ដែល​មន្រ្តី​ឥណ្ឌា​និង​អ្នក​ជំនាញ​ពី​ប្រទេស​នានា​បាន​ដាក់​ការសង្ស័យ​ថា ជា​ការបង្ក​ឡើង​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​និយម​នៅ​ប្រទេស​ប៉ាគីស្ថាន។

មន្រ្តី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ លោក John Johnson បាន​សរសេរ​តាមរយៈ​សារ​ទូរសព្ទ័​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​នេះ​ថា តាម​បទបញ្ចា​ផ្ទៃ​ក្នុង លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​សន្តិសុខ​បាន​ទេ៕