ទាហាន​ថៃ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ក្នុង​ប្រាសាទ​តាមាន់ធំ

ថៃ​បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាន់​ទី​បរិវេណ​ខាង​ក្នុង​នៃ​ប្រាសាទ​តាមាន់​ធំ នៅ​លើ​ខ្នង​ភ្នំ​ដងរែក បើ​ទោះបី​ជា​មាន​ការស្នើសុំ​ពី​មេ​បញ្ជាការ​កងទ័ព​កម្ពុជា​ក៏ដោយ ។

0:00 / 0:00

លោក​វរសេនីយ៍​ឯក នាក់ ពង់ មេ​បញ្ជាការ​កងពល​៤២​ដែល​បាន​ដាក់​ទ័ព​ពង្រាយ​ការពារ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​បាន​ថ្លែង​ថា ភាគី​ទ័ព​ឈុត​ខ្មៅ​ថៃ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់់​ធំ​នោះ​ឡើយ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​៨ ឆ្នាំ​២០០៨​នេះ ។

លោក​បន្ត​ថា​ភាគី​ថៃ​បាន​សំអាង​ថា នៅ​ថ្ងៃ​នេះ​មេ​បញ្ជាការ​កង​ទាហាន​ឈុត​ខ្មៅ​នោះ​មិន​នៅ ដូច្នេះ​ហើយ​ក្រុម​កូន​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​បាន​បដិសេធ​មិន​ឲ្យ​ចូល​នោះ​ទេ ។

លោក​វរសេនីយ៍​ឯក នាក់ ពង់ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​បាន​សុំ​គេ​ហើយ យើង​បាន​ជម្រាប​គេ​មុន​ហើយ ក៏ប៉ុន្តែ​គេ​ឆ្លើយ​ថា​រង់ចាំ​បទបញ្ជា​ថ្នាក់​លើ​គេ​ពីរ​សប្ដាហ៍»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​វរសេនីយ៍​ឯក នាក់ ពង់ បាន​ឲ្យ​ដឹង​ថា​ថៃ​បាន​ប្រកាស​ឲ្យ​រង់ចាំ​ពីរ​សប្ដាហ៍​ទៀត​ទើប​អាច​អនុញ្ញាត​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​ចូល​បាន ។

មនុស្ស​ជាង​៣០​នាក់​ដែល​ជា​ជនជាតិ​ខ្មែរ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ឡើង​តាម​ជើង​ភ្នំ​ដងរែក នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០០៨​នេះ ដើម្បី​ប្រារព្ធ​ពិធី​បួងសួង​តាម​បែប​ព្រហ្មញ្ញ​សាសនា អន្ទង​មហិទ្ធិឫទ្ធិ​និង​បារមី​បុព្វបុរស​ដូន​តា​អតីត​ព្រះ​មហាក្សត្រ​នៅ​ទី​នោះ ឲ្យ​បណ្ដេញ​កងទ័ព​ឈ្លានពាន​របស់​ថៃ​ចេញ​ពី​ទឹក​ដី​ប្រាសាទ​តាមាន់​ធំ ។

ការហាមឃាត់​និង​ការឈ្លានពាន​របស់​ថៃ​បាន​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​មាន​ការខកចិត្ត​និង​ខឹងសម្បា ។

លោកស្រី ព្រាប ស៊ីនរ៉ា បាន​ថ្លែង​ថា​លោកស្រី​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​ជនជាតិ​ខ្មែរ​មិន​អាច​ចូល​ទៅ​ជាន់​ឬ​ប៉ះ​ប្រាសាទ​របស់​ខ្មែរ​បាន ៖ «បង​សប្បាយ​រីករាយ​ដែល​បាន​មក​ឃើញ​ប្រាសាទ​របស់​ខ្មែរ តែ​បង​មាន​ការទោមនស្ស​យ៉ាង​ខ្លាំង​ដែល​ឃើញ​ប្រាសាទ​ខ្មែរ​ហើយ​ខ្មែរ​មិន​អាច​ចូល​បាន ។ សៀម​អត់​គោរព​នូវ​សិទ្ធិ​របស់​ខ្មែរ អត់​គោរព​ច្បាប់ អត់​គោរព​អន្តរជាតិ ព្រោះ​យើង​ស្ថិត​នៅ​ក្នុង​អាស៊ាន​ទាំងអស់​គ្នា គួរណាស់​តែ​សៀម​ហ្នឹង​គោរព​នូវ​ច្បាប់​របស់​អាស៊ាន​ផង»

ទាហាន​ឈុត​ខ្មៅ​ថៃ​ជាង​១០​នាក់​បាន​ចេញ​មក​ពី​បន្ទាយ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ដើម្បី​រារាំង​ខណៈ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ជាង​៣០​នាក់​កំពុង​ដុត​ធូប​ដុត​ទៀន​នៅ​ខាង​ក្រៅ​របង​ដែល​ហ៊ុមព័ទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ពួក​ថៃ ។

លោក​អនុសេនីយ៍ឯក ស៊ុម ឃួន មេ​បញ្ជាការ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឬ​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​នោះ​ទេ ។

យោង​តាម​ក្រុម​ទាហាន​ដែល​ឈរ​ការពារ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​នោះ​បាន​ឲ្យ​ដឹង​ថា ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​មិនមែន​ទើបតែ​ចូល​កាន់កាប់​ហួស​ប្រាសាទ​តាមាន់​ធំ​ប្រវែង​៣០០​ម៉ែត្រ ទើបតែ​ថ្ងៃ​ទី​៣ សីហា ប៉ុណ្ណោះ​ទេ តាម​ពិត​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បើក​យុទ្ធសាស្ត្រ​ដាក់​ខ្សែ​ត្រៀម​ចាប់តាំង​ពី​ថ្ងៃ​ទី​២៦ មុន​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះ​ឆ្នោត​មក​ម៉្លេះ ៕