កម្ពុជានឹងយកបញ្ហាជម្លោះព្រំដែនដាក់ជូនអ.ស.ប.បើថៃនៅតែបន្តឈ្លានពាន
2008.08.04
លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ៖ «យើងគ្រាន់តែកំណត់ថាបើសិនជានៅបញ្ហាអ៊ីចឹង ប្រាកដជាចៀសមិនរួចទេបញ្ហាអន្តរជាតិនោះ ពីព្រោះបញ្ហាព្រំដែនមានតែ ២គត់ បើគាត់មិនពិភាក្សាផ្អែកលើការអង្គុយតុជាមួយគ្នាទេ យើងអាចលើកបញ្ហាទៅតុលាការអន្តរជាតិ ។ តុលាការអន្តរជាតិវាត្រូវការទាមទារពេលវេលាយូរបន្តិចហើយ ប៉ុន្តែបើទៅ UN វាអាចធ្វើបាន ប៉ុន្តែយើងចង់ដោះស្រាយឲ្យអស់បញ្ហាហ្នឹងសិន» ។
សេចក្តីព្រមានបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍យោធាមកថា ទាហានថៃនៅតែបន្តការបញ្ជូនកម្លាំងទាហានចូលមកកាន់កាប់ក្នុងតំបន់តាមព្រំប្រទល់ខ្មែរ បើទោះបីជាមានការចរចារវាងរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំង២ នាពេលថ្មីៗកន្លងមកនេះក៏ដោយ ។
សេចក្តីព្រមាននេះដែរគឺនៅបន្ទាប់ពីមានសេចក្តីរាយការណ៍ចុងក្រោយមួយដែលនិយាយថា មានកម្លាំងទាហានថៃប្រមាណ៧០នាក់បានប៉ុនប៉ងចូលមកកាន់កាប់ប្រាសាទខ្មែរបូរាណមួយឈ្មោះ ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងនៅថ្ងៃច័ន្ទនេះថា ថៃត្រូវតែគោរពអធិបតេយ្យភាពជាតិខ្មែរនិងត្រូវដោះស្រាយតាមមធ្យោបាយអហិង្សាការទូត ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «យើងសង្ឃឹមថាថៃនឹងចេះដោះស្រាយបញ្ហាក្នុងលក្ខណៈជាប្រទេសមួយដែលមានភាពចាស់ទុំផ្នែកនយោបាយ ការបញ្ជូនកម្លាំងទ័ពមិនមែនជាបញ្ហាដែលយើងថាជាប្រទេសដែលមានអរិយធម៌មួយកើតទេ ចៀសវាងការភាន់ច្រឡំរវាងអំពីទំនាស់ព្រំដែន និងដំណោះស្រាយនៃទំនាស់ព្រំដែន ។ យើងមានគណៈកម្មការពីរ មួយទំនាស់នៅតាមព្រំដែន រឿងកំប៉ិកកំប៉ុក រឿងអីហ្នឹង គឺគណៈកម្មការទទួលបន្ទុកព្រំដែនទូទៅ ប៉ុន្តែមួយទៀត យើងមានគណៈកម្មការព្រំដែនចម្រុះនោះ បើថៃចង់ជជែកអំពីបញ្ហាព្រំដែន ដីនៅខាងណាៗគេត្រូវជជែកនៅតុកៅអីជាមួយនឹងគណៈកម្មការជំនាញ មិនមែនកងទ័ពធ្វើទេ» ។
ពីក្រុងបាងកកឯណោះវិញមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថារិទ្ធ ចារុងវ៉ាត់ បានថ្លែងថាពិតជាមានទាហានថៃបានរាយកម្លាំងជុំវិញប្រាសាទតាមាន់ធំនោះមែន ប៉ុន្តែក្នុងបរិវេណចម្ងាយ៨០ម៉ែត្រពីប្រាសាទនោះតែប៉ុណ្ណោះ ដើម្បីរារាំងមិនឲ្យទាហានខ្មែរចូលទៅកាន់កាប់នៅឯតំបន់នោះ ។
កម្ពុជានិងថៃចាប់ផ្តើមដាក់ពង្រាយទ័ពប្រឈមមុខរឿងជម្លោះតំបន់ប្រាសាទព្រះវិហារ តាំងពីថ្ងៃទី១៥ កក្កដា បន្ទាប់ពីស្ថានភាពដែលរាជរដ្ឋាភិបាលខ្មែរបានដាក់ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោក ។
មន្ត្រីខ្មែរបានឲ្យដឹងថាថៃកំពុងតែយកផែនទីដែលប្រទេសថៃគូសជាឯកតោភាគី មកសំអាងថាថៃបានបាត់បង់ទឹកដីទំហំ ៤,៦គីឡូម៉ែត្រក្រឡា ដោយសារតែការដាក់ប្រាសាទបូរាណព្រះវិហារខ្មែរចូលជាសម្បត្តិពិភពលោក ៕