អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងធនធានទឹក ឲ្យដឹងថាគ្រោះមហន្តរាយធម្មជាតិ បានថយចុះវិញហើយ តាមខេត្តភាគនិរតី បស្ចិម និងពាយ័ព្យ ដែលបានរងនូវសម្ពាធខ្យល់ព្យុះ ភ្លៀងផ្គរ និងរន្ទះ ។
អនុប្រធានទី១ នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា មានប្រសាសន៍ថា គ្រោះមហន្តរាយធម្មជាតិបង្កឡើងដូចរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះគ្រាប់ព្រិលបានធ្លាក់មកជាមួយទឹកភ្លៀង និងខ្យល់ព្យុះ ។
លោក ញឹម វណ្ណដា បានឲ្យដឹងថា ៖ «ព្យុះនេះគេហៅថាព្យុះសង្ឃរា មិនមែនព្យុះធម្មតាទេ ដោយវាមកម្ដងៗ វាធ្វើឲ្យប៉ះពាល់ទ្រព្យសម្បត្តិប្រជាជន បើនិយាយផ្ទះវិញ មួយកន្លែងៗ ដូចនៅសៀមរាបអ៊ីចឹង ជិត២០០ខ្នងអ៊ីចឹងទៅ នៅប៉ោយប៉ែត ៩០ខ្នង នៅកំពង់ស្ពឺហើយនៅតំបន់ផ្សេងៗ ។ បញ្ហាដែលប្លែកត្រង់ថា ព្យុះសង្ឃរាមកនេះវានាំមកនូវព្រិលមកផង» ។
លោក ញឹម វណ្ណដា បន្តថា ៖ «តាមក្រសួងធនធានទឹកប្រកាសពីយប់មិញនេះ ខ្ញុំឯកភាពហើយថា បញ្ហានេះ វាអាកាសធាតុប្រែប្រួល ដោយធាតុអាកាសវាប្រែប្រួលខុសពីធម្មតា ក្នុងតំបន់ក៏មានអ៊ីចឹងដែរមិនមានត្រឹមកម្ពុជាទេ ។ អ៊ីចឹងហើយស្នើថាប្រជាជនរដូវនេះរដូវបង្កបង្កើនផលហើយ ប៉ុន្តែសូមឲ្យមានការប្រុងប្រយ័ត្ន មានការតាមដាន មានការម្ចាស់ការខ្លួនឯង ជាបញ្ហាជោគជ័យមួយជំហានមុន» ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ប៉ុក សាលុយ មានប្រសាសន៍ថា បច្ចុប្បន្នខ្យល់ខ្លាំងនៅបន្តបោកកួចនាំឲ្យមានការខូចខាតតិចតួច ។ លោកថា គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចុះជួយសង្រ្គោះប្រជាជនបានមួយចំនួន នៅសល់មួយចំនួនទៀតកំពុងស្រង់យកតួលេខខូចខាត ។
លោក ប៉ុក សាលុយ បានមានប្រសាសន៍ថា ៖ «ប្រមាណថ្ងៃនេះវាគ្រាន់តែប៉ះដោយកន្លែងៗ ប៉ុន្តែទ្រង់ទ្រាយធំ ធ្វើឲ្យបាក់ ២០-៣០ខ្នងមិនទាន់មានទេ ប៉ះមួយជ្រុងបន្តិចៗ មិនមានអាធំដូចថ្ងៃមុនទេ ។ ប៉ោយប៉ែតពេលខ្ញុំចែកហើយ ភ្លៀងធំព្យុះទៀត ប៉ុន្តែវាប៉ះតូចតាច ។ ខ្ញុំកំពុងតែឲ្យបងប្អូនសិក្សាមើល តើចំណុចតូចតាចប៉ុន្មានគ្រួសារ» ។
ពាកព័ន្ធនឹងបញ្ហានេះ អាជ្ញាធរនិងក្រសួងធនធានទឹក បានចេញប្រកាសកាលពីសប្តាហ៍នេះ ឲ្យសាធារណជនប្រុងប្រយ័ត្ន ចំពោះអាកាសធាតុដែលមានខ្យល់ព្យុះ ភ្លៀងផ្គរ និងរន្ទះបាញ់ បង្កឲ្យមានមហន្តរាយ ។
នៅថ្ងៃអាទិត្យ ទី២៧ ខែមេសា ប្រធាននាយកដ្ឋានឧត្តុនិយម នៃក្រសួងធនធានទឹក លោក ឡុង សារ៉ាវុធ មានប្រសាសន៍ថា ៖ «អាហ្នឹងវាថយហើយ ព្រោះបើយើងសង្កេតទៅថ្ងៃហ្នឹងយើងទទួលទៅ ខេត្តដែលយើងប្រចាំយើងបានទទួលទឹកភ្លៀងគ្រាប់ខេត្តភ្លៀងមក ហើយមានខ្យល់ខ្លាំង ប៉ុន្តែមិនធ្វើឲ្យខូចខាតធ្ងន់ធ្ងរអីទេ ។ បានន័យថាឥឡូវហ្នឹងតាមយើងសិក្សាស្រាវជ្រាវទៅ រដូវវស្សានឹងចាប់ផ្ដើមពេលឆាប់ៗនេះហើយ ព្រោះប្រព័ន្ធសម្ពាធទាបនៅភាគខាងត្បូងប្រទេសកម្ពុជាយើងកើតឡើងរហូតចាប់ពីម៉ាឡេស៊ី រហូតទៅដល់ ឥណ្ឌូណេស៊ី ដូច្នេះចាប់ពីថ្ងៃហ្នឹងទៅ គឺអាចមានភ្លៀងផ្គរជាប់រហូតហើយ» ។
មន្រ្តីអាជ្ញាធរទាំងអស់បានអះអាងថា គ្រោះមហន្តរាយធម្មជាតិឆ្នាំនេះ មិននាំឲ្យមានភាពហិនហោច ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សច្រើនទេ ៕
