កិច្ចព្រមព្រៀងនេះ គឺបានធ្វើរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង និងមហាវិទ្យាល័យកសិកម្មព្រែកលាប ជាមួយមន្ទីរកសិកម្មនៃខេត្តក្វាងស៊ី នៃប្រទេសចិន ដើម្បីបើកផ្លូវឲ្យនិស្សិតកម្ពុជា និងមន្ត្រីកសិកម្មកម្ពុជា រៀនសូត្របទពិសោធន៍ និងបច្ចេកទេសទំនើបៗពីប្រទេសចិន ក្នុងការដាំដុះដំណាំកសិកម្មមានគុណភាពខ្ពស់ និងទទួលបានផលច្រើន ដែលមានការប្រកួតប្រជែងសម្រាប់ទីផ្សារ។
មន្ត្រីកសិកម្មចិន បានដាក់តាំងបង្ហាញនូវផលិតផលកសិកម្មចិន ចំនួន ៦០មុខ ដែលមានគុណភាពខ្ពស់ និងមានអនាម័យល្អ ដូចជាស្ពៃក្ដោប សាឡាត់ ចេក ផ្សិត និងផ្លែក្រូច ជាដើម នៅមុនការចុះហត្ថលេខានោះ។
កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជូននិស្សិតកសិកម្មកម្ពុជា ចំនួន ៧០នាក់ក្នុងមួយឆ្នាំទៅសិក្សាផ្នែកកសិកម្មនៅប្រទេសចិន។ ក្រសួងកសិកម្ម មានផែនការបញ្ជូននិស្សិតច្រើននាក់ទៀតទៅសិក្សាផ្នែកកសិកម្មនៅប្រទេសចិន នោះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានមានប្រសាសន៍នៅឯសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ ថា កិច្ចព្រមព្រៀងនេះនឹងជួយឲ្យកម្ពុជា បង្កើនសមត្ថភាពកែច្នៃ និងរៀនសូត្រអំពីបច្ចេកទេសខ្ពស់នៅប្រទេសចិន ក្នុងវិស័យកសិកម្ម។
លោក ច័ន្ទ សារុន៖ «ដោយឡែកចំពោះសាលាកសិកម្មព្រែកលាប និងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង គឺជាការងារបណ្ដុះបណ្ដាលធនធានមនុស្សបច្ចេកទេសកសិកម្មទាំងអស់ ទាំងជលផល ទាំងស្រូវ ទាំងការចិញ្ចឹមសត្វ ទាំងគ្រឿងយន្តកសិកម្ម ដែលយើងចង់បាននោះ គឺបានជំនាញមកវិញ ជាពិសេសធនធានមនុស្សនេះឯង ព្រោះថារឿងបន្លែ យើងខ្វះការបណ្ដុះបណ្ដាលធនធានមនុស្សនេះ តម្រូវឲ្យយើងនេះដាំបន្លែមិនទាន់មានអនាម័យដូចគេផង។ ទី២ទៅទៀត យើងខ្វះសម្ភារៈគ្រប់គ្រាន់ទាំងអស់ ក៏ដូចជាប្រដាប់វាស់ស្ទង់ជាតិពុលនៅក្នុងបន្លែផង និងសំខាន់នោះ បន្លែរបស់យើងខ្វះសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក»។
ជាមួយគ្នានេះ ប្រធានមន្ទីរកសិកម្មនៃខេត្តក្វាងស៊ី ប្រទេសចិន លោក ចាង ម៉ីងប៉េ (Zhang Ming Pei) បានមានប្រសាសន៍ជាភាសាចិន ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា កម្ពុជា កំពុងតែរីកចម្រើនខាងវិស័យកសិកម្មក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ៖ «ថ្ងៃនេះយើងខ្ញុំពាំនាំផលិតផលកសិកម្មពិសេសរបស់ខេត្តក្វាងស៊ី មានចំនួន ៦០មុខ។ ឈរលើមូលដ្ឋាននេះ យើងធ្វើការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ជំរុញវិស័យកសិកម្មតទៅទៀត»។
គេបានកត់សម្គាល់ថា ការស្វែងរកបច្ចេកទេសទំនើបពីប្រទេសចិន ដើម្បីធ្វើការបង្កើនគុណភាពខ្ពស់នៃដំណាំកសិកម្ម ដូចជាស្រូវជាដើមនោះ គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា គ្រោងនាំចេញអង្ករគុណភាពខ្ពស់ចំនួនជាង ១លានតោន ទៅទីផ្សារអន្តរជាតិនៅឆ្នាំ២០១៥។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កសិករកម្ពុជា ចំនួនប្រមាណ ៨០% ធ្វើកសិកម្ម។ ផលិតផលកសិកម្មបានចូលរួមចំណែកចំនួន ២៨% ក្នុងចំណោមផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ២០១១ កន្លងទៅនេះ។
ជារួម ផលិតផលកសិកម្មបានជួយដល់កំណើនសេដ្ឋកិច្ចរវាង ៤% ទៅ ៥% នៅកម្ពុជា នៅក្នុងចំណោមផលិតផលក្នុងស្រុកសរុប ចាប់តាំងពីឆ្នាំ២០១១ កន្លងមក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយនៅកម្ពុជា នៅគ្រប់កាលៈទេសៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។