តុលាការរាជធានីភ្នំពេញនៅថៃ្ងពុធនេះបានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិអាមេរិកកាំងម្នាក់ ឈ្មោះ អាឡិសាន់ឌ័រ ចនសុន អាយុ៥៧ឆ្នាំឲ្យជាប់គុករយៈពេល៣ឆ្នាំ ក្រោមបទចោទថា លោកបានប្រព្រឹត្តអំពើអនាចារលើកុមារីកម្ពុជាចំនួន៧នាក់កាលពីឆ្នាំ២០០៩កន្លងទៅ ហើយលោកប្រឈមមុខនឹងការបណ្តេញចេញពីប្រទេសកម្ពុជាក្រោយពីបានបំពេញទោសហើយ។
ការផ្តន្ទាទោសនោះគឺតុលាការបានផ្អែកតាមមាត្រាទី៤៣ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្សនិងការពារអនីតិជនដែលសាលក្រមនោះបានប្រកាសដោយលោក ឆាយ គង់ ជាចៅក្រមជម្រះក្តី។
លោក ឌុន វិប៊ុល ជាមេធាវីការពារក្តីឲ្យលោក អាឡិសាន់ឌ័រ ចនសុន បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ខាងតុលាការផ្តន្ទាទោសកូនក្តីខ្ញុំដាក់ពន្ធនាគារ៣ឆ្នាំ ប៉ុន្តែអនុវត្តក្នុងពន្ធនាគារ១ឆ្នាំ ហើយព្យួរទោស២ឆ្នាំ។ ការផ្តន្ទាទោសខ្ញុំយល់ថា វាសមរម្យហើយសម្រាប់វ័យចាស់របស់គាត់ ហើយការប្រព្រឹត្តបទល្មើសវាមិនជាធ្ងន់ធ្ងរប៉ុន្មានទេ គ្រាន់តែគេចោទថា គ្រាន់តែប្រើដៃប៉ះពាល់ប្រដាប់ភេទ ខ្លួនប្រាណក្មេងប៉ុណ្ណឹងទេ»។
មេធាវីការពារក្តីឲ្យកុមាររងគ្រោះម្នាក់ក្រោមអាយុ១៨ឆ្នាំនៅក្នុងចំណោមកុមារីរងគ្រោះ៦នាក់ទៀត និងជាមេធាវីមកពីអង្គការសកម្មភាពដើម្បីកុមារ ឬ Action Pour Les Enfants នៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា ការផ្តន្ទាទោសនោះនៅស្រាលនៅទ្បើយ។
អ្នកស្រីមេធាវីរូបនោះតវ៉ាថា ៖ «ព្រោះអីតុលាការផ្តន្ទាទោសអប្បបរមាបានត្រឹមតែ១ឆ្នាំ ប៉ុន្តែយើងស្វាគមន៍ចំពោះវិធានការបណ្តេញចេញរបស់គាត់ បន្ទាប់ពីការអនុវត្តទោសចប់ ជាវិធានការមួយមានប្រសិទ្ធភាព ដើម្បីបង្ការកុំឲ្យជនល្មើសប្រភេទហ្នឹងស្នាក់នៅប្រទេសយើងបាន»។
សុខ សេរី ៖ ជាការផ្ញើសារសំខាន់អ្វីដែរទៅជនបរទេសដ៏ទៃទៀត? មេធាវី ៖ មានន័យថា ជាសារមួយមិនត្រឹមតែគាត់ត្រូវបានផ្តន្ទាទោសទេ តែគាត់ត្រូវបានបណ្តេញចេញពីប្រទេសមួយដែលមានច្បាប់មួយការពារដល់អនីតិជន។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងបាននៅទ្បើយទេដើម្បីសុំសេចក្តីអធិប្បាយពីមន្រ្តីអ្នកនាំពាក្យ លោក ចន ចនសុន (John Johnson) នៃស្ថានទូតអាមេរិកនៅក្នុងប្រទេសកម្ពុជាអំពីការផ្តន្ទាទោសនេះ។
លោក អាឡិសាន់ឌ័រ ចនសុន អាយុ៥៧ឆ្នាំ មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជាគ្រូបង្រៀនភាសាអង់គ្លេសឯកជនមួយនៅក្នុងទីក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរបានតាមដានកាលពីខែឧសភា ឆ្នាំ២០០៩មក។ មេធាវីរបស់លោកមិនទាន់មានគម្រោងប្តឹងទាស់ទៅតុលាការសាលាឧទ្ធរណ៍នៅទ្បើយទេ។
ប្រភពបានឲ្យដឹងថា មានក្មេងស្រីរងគ្រោះមានអាយុ១១ឆ្នាំ ១៣ឆ្នាំ និង១៤ឆ្នាំ ជាដើមហេតុនៃអំពើអនាចារនោះនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ។ លោក អាឡិសាន់ឌ័រ ចនសុន កំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ PJ ក្រុងភ្នំពេញក្រោយពីបានផ្តន្ទាទោសរួចហើយ៕
