ក្រុម​អ្នក​កាសែត​លើក​ឡើង​ពី​បញ្ហា​លំបាក​ក្នុង​ការ​បំពេញ​ការងារ

2009-06-26

ក្រុម​អ្នក​កាសែត​នៅ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ អំពី​ការ​លំបាក​ដែល​កំពុង​ប្រឈម​ចំពោះ​អ្នក​កាសែត​ក្នុង​ការ​បំពេញ​ការងារ​ជា​អ្នក​កាសែត​ស្រង់​ព័ត៌មាន​យក​មក​ផ្សព្វ​ផ្សាយ​ទូទៅ​ឲ្យ​សាធារណជន​បាន​ដឹង។

AFP Photo

បុរស​ជនជាតិ​ខ្មែរ​កំពុង​អាន​កាសែត​នៅ​ឯ​តូប​លក់​កាសែត​មួយ​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ ៧ ឧសភា ២០០៧។

តាម​រយៈ​ការ​ជួប​ជុំ​មួយ​កាល​ពី​ថ្ងៃ​ទី ១៧ មិថុនា អ្នក​កាសែត​ជិត ១០០​នាក់ បាន​លើក​ឡើង​ថា បញ្ហា​ដែល​កំពុង​ប្រឈម​ជាមួយ​អ្នក​កាសែត​មាន​ជា​ច្រើន​រឿង ប៉ុន្តែ​មាន​បញ្ហា​ចំនួន​៥ ដែល​អ្នក​កាសែត​ទាំង​អស់​កំពុង​ប្រឈម​មុខ​ខ្លាំង​ជាង​គេ គឺ​ទី​១ ប្រាក់​ចំណូល​អ្នក​កាសែត​នៅ​មាន​កម្រិត​ទាប ទី​២​អសន្តិសុខ​និង​ការ​មិន​មាន​សុវត្ថិភាព​អ្នក​កាសែត​នៅ​មាន​ច្រើន ទី​៣ ការ​ខ្វះ​ការ​ផ្តល់​ព័ត៌មាន​ពី​ប្រភព​ក្រសួង មន្ទីរ​ស្ថាប័ន​រដ្ឋ​ដើម្បី​ធ្វើ​ឲ្យ​ព័ត៌មាន​មាន​តុល្យភាព ទី​៤ សមត្ថភាព​ចំណេះ​ដឹង​របស់​អ្នក​កាសែត​ខ្មែរ​នៅ​មាន​កម្រិត​មិន​ទាន់​ជ្រៅ​ជ្រះ និង​ទី​៥ ការ​កាត់​ទោស​អ្នក​កាសែត​នៅ​តែ​ប្រើ​ច្បាប់​ផ្សេងៗ ខុស​ពី​ច្បាប់​សារ​ព័ត៌មាន នៅ​តែ​មាន​ប្រើ​ប្រាស់​ជា​ទូទៅ​នៅ​តាម​ស្ថាប័ន​តុលាការ​នានា​នៅ​ឡើយ។

លោក ឱម ច័ន្ទតារា ប្រធាន​ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​កម្ពុជា ដែល​ជា​ស្ថាប័ន​មាន​សមាគម​កាសែត​ចំនួន​១៥ បាន​រួម​គ្នា​បង្កើត​ឡើង បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី ១៧ មិថុនា ថា ការ​ផ្តល់​នូវ​សន្តិសុខ សុវត្ថិភាព​ដល់​អ្នក​កាសែត​ជា​ការ​ការពារ​មួយ​ដែល​ជួយ​ឲ្យ​អ្នក​កាសែត​បំពេញ​ការងារ​បាន​ត្រឹមត្រូវ។

លោក ឱម ច័ន្ទតារា មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ត្រូវ​បង្កើន​ការ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​ដល់​អ្នក​ប្រកប​អាជីព​សារ​ព័ត៌មាន តែ​ក្នុង​នោះ​រួម​មាន​កំណត់​ឲ្យ​និពន្ធ​នាយក​នៃ​សារ​ព័ត៌មាន​នីមួយៗ ត្រូវ​មាន​បទពិសោធន៍ និង​ចំណេះ​ដឹង​យ៉ាង​ហោច​មាន​សញ្ញាបត្រ​ទុតិយភូមិ​ដែរ។ រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ជួយ​បង្កើន​ការ​ធានា​សន្តិសុខ សុវត្ថិភាព ដល់​អ្នក​សារ​ព័ត៌មាន មិន​មែន​ត្រឹម​អ្នក​សារ​ព័ត៌មាន​ទេ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ ដើម្បី​ឲ្យ​គេ​អាច​ចូល​រួម​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​បាន​ល្អ»

លោក ប៉ា ងួនទៀង ប្រធាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា អ្នក​កាសែត​នៅ​តែ​មាន​ការ​គំរាម​កំហែង​ពី​ការ​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន និង​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន ហើយ​រដ្ឋាភិបាល​គួរ​តែ​បញ្ចប់​និទណ្ឌភាព ឬ​ការ​ប្រព្រឹត្ត​កំហុស​ដោយ​មិន​មាន​ទទួល​ទោស មាន​ន័យ​ថា អ្នក​ដែល​បាន​សម្លាប់​អ្នក​កាសែត​កន្លង​មក​ត្រូវ​តែ​ប្រឹង​ស្វែង​រក​យក​មក​កាត់​ទោស​ពួក​គេ​ទៅ​តាម​ផ្លូវ​ច្បាប់​មិន​មាន​ការ​លើក​លែង​ឡើយ។

លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ថា ៖ «កង្វះ​នូវ​យន្តការ​នៃ​ការ​ផ្ដល់​ព័ត៌មាន​សាធារណៈ។ ឧទាហរណ៍​ដូច​ជា​អស់​លោក លោកស្រី បាន​លើក​ឡើង គឺ​ពេល​ដែល​យើង​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តាម​មូលដ្ឋាន នៅ​ខ្វះ​ការ​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​ក៏​យើង​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​នឹង​មន្រ្តី​រដ្ឋាភិបាល​ថ្នាក់​ជាតិ យើង​ខ្វះ​នូវ​ការ​សហការ ការ​ផ្ដល់​ព័ត៌មាន។ គឺ​យើង​មើល​ឃើញ​ថា​ជា​បញ្ហា​ដែរ គឺ​កម្រិត​នៃ​ប្រាក់​ចំណូល​របស់​អ្នក​កាសែត​ខ្មែរ​យើង​នៅ​មាន​កម្រិត​ទាប។ ឧទាហរណ៍​ប្រាក់​ខែ​ទាប កាសែត​លក់​មិន​ដាច់ មិន​មែន​តែ​កាសែត​ទេ វិទ្យុ​ក៏​មាន​ការ​លំបាក​ដែរ ស្ពត (ការ​ផ្សាយ​ពាណិជ្ជកម្ម) ពិបាក​រក ហើយ​តម្លៃ​ថោ»

លោក ណុប វីរៈ  អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ពេល​អ្នក​កាសែត​ខ្មែរ​ជួប​ប្រទះ​បញ្ហា ដូច​ជា​ការ​ប្តឹង​ផ្តល់​ជាដើម គឺ​នៅ​មិន​ទាន់​មាន​ការ​ជួយ​ឲ្យ​ទាន់​ពេល​វេលា​ពី​សមាគម​អ្នក​កាសែត​នានា​នៅ​កម្ពុជា នៅ​ឡើយ។

លោក ណុប វីរៈ មាន​ប្រសាសន៍​ដូច្នេះ ៖ «ដូច្នេះ​ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​កាសែត​យើង​ភាគ​ច្រើន​នៅ​មាន​បញ្ហា​នៅ​ឡើយ​ជាមួយ​នឹង​ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ ហើយ​រហូត​ឈាន​ដល់​ការ​សម្លាប់​អ្នក​កាសែត​ទៀត។ យើង​គួរ​តែ​ទៅ​បង្កើត​ជា​សម្ព័ន្ធ​អ្នក​កាសែត​មួយ ដូច​យើង​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​បាន​អត់? ខ្ញុំ​គិត​ថា បើ​សិន​ជា​យើង​អាច​ធ្វើ​អ៊ីចឹង​បាន​មាន​ន័យ​ថា សមាគម​របស់​យើង​អាច​ជា​ការ​សាមគ្គីភាព​គ្នា​តែ​មួយ ហើយ​ពេល​អ្នក​សារ​ត័ព៌មាន​យើង​មាន​បញ្ហា​អី គឺ​យើង​អាច​ជួយ​គ្នា​បាន​ភ្លាមៗ​ដោយ​មិន​មាន​ការ​បន្លាយ​ពេល​យូរ​ទេ»

ទាក់​ទង​ជាមួយ​ការ​លើក​ឡើង​មួយ​ចំនួន​របស់​អ្នក​កាសែត​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ​ជាដើម លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៏​ថា ៖ «តាម​ពិត​យើង​មិន​បាន​ធ្វើ​សន្និសីទ​ជា​ផ្លូវ​ការ​ជា​រៀង​រាល់​អាទិត្យ ក៏ប៉ុន្តែ​យើង​បាន​ផ្ដល់​ព័ត៌មាន​ជា​រៀង​រាល់​ថ្ងៃ មិន​ថា​ម៉ោង​ប៉ុន្មាន​ទេ នៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្រ្តី​ហ្នឹង តែង​តែ​ផ្ដល់​រៀង​រាល់​ថ្ងៃ។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​សូត្រ​ពី​មិត្ត​អ្នក​សារ​ព័ត៌មាន​យើង គឺ​អ្នក​សារ​ព័ត៌មាន​យើង​មួយ​ចំនួន​ធំ​ខ្ជិល មុន​នឹង​លើក​សំណួរ​មិន​ដែល​ពិចារណា ឬ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ដំណឹង​ទេ យក​តែ​តាម​គេ​ថា​យក​មក​សួរ​ខ្ញុំ ខ្ញុំ​ឆ្លើយ​ម៉េច​ដាក់​ទៅ​វិញ។ ម្ល៉ោះ​ហើយ​ដឹង​ថា​អ្នក​ទាំង​អស់​ហ្នុង​កំពុង​តែ​ប្រាស​ចាក​នូវ​អ្វី​ដែល​ជា​សេចក្ដី​ទទួល​ខុស​ត្រូវ​នៃ​ប្រជាពលរដ្ឋ​យើង គឺ​ថា ការ​បាន​ព័ត៌មាន​ពិត។ យើង​ភ្លេច​អំពី​ការ​គោរព​សិទ្ធិ​យល់​ដឹង​នូវ​សច្ចៈ​ធម៌​របស់​សាធារណជន ហ្នឹង​កំហុស​ធ្ងន់​ណាស់ ពីព្រោះ​ព័ត៌មាន​ជា​ផល​ប្រយោជន៍​សាធារណៈ នៅ​ពេល​ផល​ប្រយោជន៍​សាធារណៈ​ត្រូវ​បាន​រំលោភ នោះ​ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ការពារ»

លោក ថាច់ ផែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ទាក់​ទង​ជាមួយ​ការ​លើក​ឡើង​អំពី​ការ​លំបាក​នានា​របស់​អ្នក​កាសែត​ថា កន្លង​មក​ក្រសួង​បាន​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន និង​បាន​រាយការណ៍​ជូន​ប្រមុខ​រដ្ឋាភិបាល​ផង​ដែរ ដូច​ជា​ការ​ចាត់​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​តាម​ក្រសួង មន្ទីរ ស្ថាប័ន​នានា​របស់​រដ្ឋ ការ​ត្រៀម​ពិនិត្យ​ឡើង​វិញ និង​កែ​ប្រែ​ច្បាប់​សារ​ព័ត៌មាន​របស់​ប្រទេស​កម្ពុជា ដែល​អនុម័ត​តាំង​ពី​ឆ្នាំ ១៩៩៥ ដើម្បី​ឲ្យ​ស្រប​គ្នា​ជាមួយ​ក្រម និង​នីតិ​វិធី​ក្រម​ព្រហ្មទណ្ឌ​ថ្មី នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ។

លោក ថាច់ ផែន មាន​ប្រសាសន៍​ថា ៖ «ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ដោយ​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​របប​សារ​ព័ត៌មាន ការងារ​នេះ​ក្នុង​ផែនការ​សកម្មភាព ៥​ឆ្នាំ ២០០៩-​២០១៣ ក្រសួង​គឺ​មាន​គោល​ដៅ​ធ្វើ​ការ​កសាង​សមត្ថភាព​ស្ថាប័ន កសាង​មូលដ្ឋាន​សម្ភារៈ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​និង​ធនធាន​មនុស្ស ឬ​ក៏​មាន​ការ​កសាង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ដែរ។ ក្នុង​នោះ​ក្រសួង​អាច​នឹង​ពិនិត្យ​ឡើង​វិញ​អំពី​ច្បាប់​ស្ដី​ពី​របប​សារ​ព័ត៌មាន​សព្វថ្ងៃ​នេះ ដើម្បី​ឲ្យ​ស្រប​ទៅ​អ្វី​ដែល​ច្បាប់​ថ្មីៗ​នេះ គឺ​ថា​មាន​នីតិ​វិធី​ព្រហ្មទណ្ឌ នីតិ​វិធី​រដ្ឋប្បវេណី​ហ្នឹង គឺ​ថា​យើង​ដើម្បី​សំណូម​ពរ​ឲ្យ​ផ្នែក​តុលាការ​អនុវត្ត​ច្បាប់​សារ​ព័ត៌មាន ហើយ​ក្នុង​ច្បាប់​សារ​ព័ត៌មាន​អាច​និយាយ​តែ​ពី​នីតិ​វិធី​នៃ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​តែ​មួយ​មុខ​ប៉ុណ្ណោះ ហើយ​ក៏​អាច​មាន​ការ​កែ​ប្រែ​ដែរ»

តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ឆ្នាំ​២០០៩ និង​សមាគម​កាសែត​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​កាសែត​ខ្មែរ​ចំនួន ៩​នាក់ បាន​ស្លាប់​ដោយ​សារ​បំពេញ​ការងារ​ជា​អ្នក​កាសែត ហើយ​គេ​មិន​ដែល​បាន​ទទួល​ដំណឹង​ថា អាជ្ញាធរ​ចាប់​បាន​ឃាតករ​ដែល​បាន​សម្លាប់​អ្នក​ទាំង​នោះ​យក​មក​កាត់​ទោស​ជា​សាធារណៈ​នៅ​ឡើយ​ទេ។ ហើយ​ការ​ប្តឹង​ផ្ដល់​អ្នក​កាសែត ក៏​ដូច​ជា​ការ​បំពារ​បំពាន​លើ​រូប​កាយ​ក៏​មាន​សេចក្តី​រាយ​ការណ៍​ថា​កើត​មាន​ច្រើន​ដែរ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ព្រះ​មហាក្សត្រ​ស្នើសុំ​ឲ្យ​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ដោះលែង ហង្ស ចក្រា

អតីត​អ្នក​កាសែត​ម្នាក់​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

កាសែត​សេរីភាព​ថ្មី​ផ្អាក​ការ​បោះ​ពុម្ព​ផ្សាយ​ព្រោះ​បញ្ហា​ថវិកា

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​អ្នក​កាសែត​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សរសេរ​ព័ត៌មាន

អ្នក​កាសែត​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

ក្រុម​អ្នក​កាសែត​ជួប​ពិភាក្សា​​អំពី​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន

អ្នក​កាសែត​ខ្មែរ​មួយ​រូប​ទទួល​ពាន​រង្វាន់​អន្តរជាតិ

ស៊ូរិយ៉ា ស៊ូប៊េឌី៖ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ

អាជ្ញាធរ​ខែត្រ​ឧត្ដរមានជ័យ​ផ្អាក​កម្មវិធី​វិទ្យុ​នៃ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ

អ្នក​កាសែត​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​សរសេរ​ព័ត៌មាន​ទាក់ទង​នឹង​មន្ត្រី​ជាន់​ខ្ពស់