លោក ស៊ុយ សែម៖ កម្ពុជា​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​ភូមិ​នៅ​ឆ្នាំ​២០២០

បច្ចុប្បន្ន បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​នៅ​តែ​ចោទ​ឡើង​នៅ​ឡើយ​នៅ​ទីប្រជុំជន​មួយ​ចំនួន ក្នុង​ប្រទេស​កម្ពុជា។ ទន្ទឹម​គ្នា​នេះ តម្លៃ​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន នៅ​តែ​មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​នានា​ក្នុង​តំបន់​នៅ​ឡើយ។

0:00 / 0:00

ប៉ុន្តែ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល អះអាង​ថា ប្រទេស​កម្ពុជា នឹង​មាន​បណ្ដាញ​ចែក​ចាយ​ចរន្ត​អគ្គិសនី​ដល់​បណ្ដា​ភូមិ​ក្នុង​ទូទាំង​ប្រទេស មុន​ឆ្នាំ​២០៣០ និង​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​ភូមិ​នៅ​ឆ្នាំ​២០២០។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​អះអាង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ពី​ថ្ងៃ​ទី២៣ ធ្នូ ថា ប្រទេស​កម្ពុជា នឹង​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​ភូមិ​ទាំង​អស់​ក្នុង​ទូទាំង​ប្រទេស យ៉ាង​យូរ​បំផុត​នៅ​ឆ្នាំ​២០២០ ខាង​មុខ​នេះ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​ជួប​ជុំ​ផ្ដល់​បទ​ពិសោធន៍​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​កណ្ដៀង ដោយ​លោក​បាន​បញ្ជាក់​បន្ថែម​ថា ថាមពល​អគ្គិសនី​នេះ គឺ​បាន​មក​ពី​ប្រភព​ជាច្រើន មាន​ដូច​ជា ប្រភព​វារីអគ្គិសនី ប្រភព​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម ប្រភព​ថាមពល​ជីវម៉ាស និង​ប្រភព​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ជាដើម។

ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក៏​បាន​អះអាង​ដែរ​ថា លោក​នឹង​ត​ខ្សែ​បណ្ដាញ​ចរន្ត​ឲ្យ​ប្រជាពលរដ្ឋ ៧០% ក្នុង​ទូទាំង​ប្រទេស​បាន​ប្រើប្រាស់​មុន​ដំណាច់​ឆ្នាំ​២០៣០៖ «ដល់​ឆ្នាំ​២០៣០ បណ្ដាញ​របស់​ជាតិ បណ្ដាញ​ចែក​ចាយ​តាម​ខ្សែ អា​ហ្នឹង​យើង​លែង​និយាយ​រឿង​អាគុយ​អី​ហើយ ៧០% នៃ​គ្រួសារ​ប្រជាជន​ទូទាំង​ប្រទេស​មាន​អគ្គិសនី​ដែល​ត​ពី​បណ្ដាញ​ចែក​ចាយ​ដែល​មាន​គុណភាព ស្ថិរភាព​មាន​សុវត្ថិភាព​ត្រឹមត្រូវ។ ហ្នឹង​ផែនការ​យើង គឺ​ប៉ុណ្ណឹង។ ប៉ុន្តែ ស្អី​ជា​មហិច្ឆតា​របស់​យើង​នោះ គឺ​ផែនការ​យើង​ដាក់​ឲ្យ​វែង ប៉ុន្តែ​យើង​ខិតខំ​បង្រួម​ឲ្យ​ខ្លី​ជាង​ហ្នឹង នេះ​ជា​មហិច្ឆតា​របស់​យើង»

យ៉ាង​នេះ​ក្ដី សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ការ​អះអាង​នេះ អាច​ក្លាយ​ជា​ការ​ពិត​បាន។ ប៉ុន្តែ​លោក​ថា នេះ​មិន​មែន​ជា​មោទនភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ត្រូវ​ប្រើប្រាស់​ថាមពល​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​មិន​សមស្រប និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ឡើយ។ ព្រឹទ្ធសមាជិក​រូប​នេះ​បន្ត​ថា ការ​អះអាង​ខ្លះ គឺ​ធ្វើ​ឡើង​ដើម្បី​ចំណេញ​នយោបាយ​ប៉ុណ្ណោះ។

លោក អេង ឆៃអ៊ាង៖ «បើ​យើង​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​ខាង​យើង​នោះ គឺ​យើង​ដើរ​យឺត​ជាង​គេ​ឆ្ងាយ​ណាស់។ នៅ​វៀតណាម ថៃ អគ្គិសនី​គេ​ទៅ​ដល់​ភូមិ​តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ ហើយ​តម្លៃ​ថោក​ទៀត​ផង។ អ្វី​ដែល​ជា​មោទនភាព​នោះ គឺ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​អគ្គិសនី​ដល់​ភូមិ ហើយ​មាន​តម្លៃ​ថោក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​បាន​តាម​តម្រូវ​ការ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ផង ទើប​ប្រសើរ»

ប្រហាក់​ប្រហែល​នេះ​ដែរ អ្នក​វិភាគ​បញ្ហា​សង្គម គឺ​លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​អះអាង​នេះ​អាច​ក្លាយ​ជា​ការ​ពិត ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​អ្នក​ដឹកនាំ​ប្រទេស៖ «ប្រសិន​បើ​យើង​ខ្ចី​លុយ​គេ ហើយ​គេ​ឲ្យ​ខ្ចី​គ្រប់គ្រាន់​នោះ គឺ​អាច​ធ្វើ​បាន។ ក៏ប៉ុន្តែ​យើង​ត្រូវ​គិត​អំពី​ផល​វិបាក​របស់​វា ព្រោះ​ជួន​កាល​យើង​មិន​ទាន់​បាន​ប្រើប្រាស់​អគ្គិសនី​នេះ​ផង ស្រាប់​តែ​កើត​មាន​វិបត្តិ​បំណុល​ក៏​ថា​បាន»

លោក កែម ឡី បន្ត​ថា មាន​ការ​អះអាង​នានា​ដែល​កន្លង​ទៅ​ក៏​មិន​អាច​សម្រេច​បាន​ដែរ ដូច​ជា​ការ​អះអាង​ពី​ការ​នាំ​ស្រូវ​ចេញ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ការ​អះអាង​ពី​ការ​បូម​យក​ប្រេង​កាត​ឆៅ​ពី​ក្នុង​បាត​សមុទ្រ​ឲ្យ​បាន​នៅ​ថ្ងៃ​ទី១២ ខែ​១២ ឆ្នាំ​២០១២ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។