លោក ហោ ណាំហុង បានមានប្រសាសន៍ថា ការសន្យាផ្ដល់ប្រាក់កម្ចីនេះបានធ្វើឡើងក្នុងខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីចិន លោក វិន ជាប៉ាវ នៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ទី២៤ តុលា។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ប្រទេសចិនបានយល់ព្រមផ្ដល់ប្រាក់កម្ចីឥណទានចំនួន២០០លានដុល្លារចំពោះការស្នើសុំរបស់ភាគីខ្មែរដែលបានសុំ២៣០លានដុល្លារ ដើម្បីធ្វើការសាងសង់ទំនប់ធារាសាស្ត្រទឹកហត់ក្នុងខេត្តបាត់ដំបង ប្រព័ន្ធការពារទឹកលិចនៅកំពង់ត្រាច ខេត្តកំពត បណ្ដាញអគ្គិសនីនៅទីក្រុងភ្នំពេញ ព្រមទាំងផ្លូវមួយចំនួនទៀត រួមមានផ្លូវជាតិលេខ៦២ ដែលមានប្រវែង១២៩គីឡូម៉ែត្រពីស្រុកត្បែងមានជ័យ ទៅប្រាសាទព្រះវិហារ។
លោកបានបន្តថា ប្រទេសចិនច្បាស់ជានឹងយល់ព្រមផ្ដល់ប្រាក់កម្ចីចំនួន៨០លានដុល្លារផ្សេងទៀតដែលភាគីខ្មែរបានស្នើសុំដើម្បីកសាងផ្លូវពីអូរពងមាន់ ខេត្តស្ទឹងត្រែង ទៅកាន់ស្រុកបានលុង ខេត្តរតនគិរី ប៉ុន្តែថា ប្រទេសចិនកំពុងសិក្សាលើបញ្ហាបច្ចេកទេសចំពោះប្រាក់កម្ចីនោះ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «អ៊ីចឹងទៅម្ដងនេះ ក៏បានដូចជាដំណើរទស្សនកិច្ចឬក៏បេសកកម្មរបស់សម្ដេចតេជោទៅបរទេសម្ដងៗ ទៅកន្លែងណាក៏ដោយ គឺតែងតែនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិយើងលើគ្រប់វិស័យទាំងអស់»។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសចិននឹងធ្វើការសិក្សាជុំវិញគម្រោងសាងសង់ផ្លូវដែកពីទីក្រុងភ្នំពេញទៅព្រំដែនវៀតណាម ត្រង់ខេត្តឡុងនិញ។
លោក ហោ ណាំហុង បានបញ្ជាក់ថា ៖ «ប្រហែលជាមិនមានប្រទេសណាក្រៅពីប្រទេសចិនទេដែលអាចជួយឬក៏ចូលរួមចំណែកកសាងផ្លូវដែកនេះទៀត នេះជាជោគជ័យមួយទៀតក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសយើង ទាំងផ្លូវដែក និងផ្លូវ Highway ទាំងអីទាំងអស់»។
គួរជម្រាបថា ប្រទេសចិនគឺជាប្រទេសម្ចាស់ជំនួយនិងជាប្រទេសវិនិយោគធំជាងគេបង្អស់សម្រាប់កម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៥មក ប្រទេសចិនបានផ្ដល់ជំនួយដល់ប្រទេសកម្ពុជាជាទឹកប្រាក់ប្រមាណ៦០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។
បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បានឲ្យដឹងថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០០៨នេះ ទឹកប្រាក់វិនិយោគពីប្រទេសចិននៅកម្ពុជាមានចំនួនប្រមាណ១០០០លានដុល្លារសហរដ្ឋអាមេរិក។
ក្រៅពីវិនិយោគលើវិស័យវាយនភ័ណ្ឌ ប្រទេសចិនក៏បានវិនិយោគលើវិស័យវារីអគ្គិសនីនិងដីសម្បទានសេដ្ឋកិច្ចផងដែរ៕
