រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃច័ន្ទថា កម្ពុជាសង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យកើនចំនួន២ដងក្នុងឆ្នាំ២០០៩ខាងមុខនេះនៅទន្ទឹមដែលស្ថានការណ៍នយោបាយតឹងតែងនៅក្នុងប្រទេសថៃ និងបញ្ហាការថយចុះនៃចំនួនភ្ញៀវទេសចរណ៍ពីបណ្តាប្រទេសខាងលិចដោយសារវិបត្តិហិរញ្ញវត្ថុពិភពលោក។
លោករដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន មានប្រសាសន៍បន្តថា ក្នុងអំឡុងពេល១០ខែក្នុងឆ្នាំ២០០៨នេះទេសចរចិនមកទស្សនាកម្ពុជាស្ថិតក្នុងលំដាប់លេខ៥ បន្ទាប់ពីកូរ៉េ វៀតណាម ជប៉ុន និងសហរដ្ឋអាមេរិក។
សូមជម្រាបជូនថា ក្នុងចំណោមភ្ញៀវទេសចរណ៍២.០១៥.១២៨នាក់ដែលមកទស្សនាកម្ពុជាអំឡុងឆ្នាំ២០០៧មានភ្ញៀវទេសចរណ៍ចិនចំនួន៩៤.៣៧៤នាក់។
ប្រភពដដែលបន្តថា យោងតាមការវាយតម្លៃរបស់អង្គការទេសចរណ៍ពិភពលោក រហូតដល់ឆ្នាំ២០២០នឹងមានភ្ញៀវទេសចរណ៍ចិនធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសប្រមាណជា១០០លាននាក់ ហើយជាមួយគ្នានេះប្រទេសចិនក៏នឹងមានភ្ញៀវទេសចរណ៍បរទេសពីបណ្តាប្រទេសក្នុងតំបន់មកទស្សនាប្រទេសខ្លួនប្រមាណជា១០០លាននាក់ដែរ៕
