សហគមន៍​អន្តរជាតិ​បន្ត​ការ​ថ្កោល​ទោស​ប្រទេស​ថៃ

អង្គការ​សម្ព័ន្ធ​ប្រឆាំង​គ្រាប់​បែក​ចង្កោម បាន​ថ្កោល​ទោស​ចំពោះ​ភាគី​ថៃ ដែល​បាន​បាញ់​គ្រាប់​បែក​ចង្កោម​ចូល​មក​ទឹក​ដី​កម្ពុជា។

0:00 / 0:00

អាជ្ញាធរ​ជាតិ​កម្ចាត់​មីន​កម្ពុជា និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​សាទរ​ចំពោះ​អង្គការ​សម្ព័ន្ធ​ប្រឆាំង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម និង​ប្រទេស​ចំនួន​ពីរ​ផ្សេង​ទៀត ថ្កោល​ទោស​ប្រទេស​ថៃ ដែល​បាន​បាញ់​គ្រាប់​បែក​ចង្កោម​ចូល​ទឹក​ដី​កម្ពុជា នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ កន្លង​ទៅ។

អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​១០ មេសា ថា​ក្រសួង​ការ​បរទេស​ន័រវែស (Norway) ក្រសួង​ការ​បរទេស​លាវ និង​អង្គការ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរ​ជាតិ​ដាក់​គំនាប​ដល់​ប្រទេស​ថៃ ដែល​កង​ទ័ព​ថៃ​បាន​បាញ់​ចូល​មក​ទឹក​ដី​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​៦ មេសា នេះ អង្គការ​សម្ព័ន្ធ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម (Cluster Munition Coalition) បាន​ប្រកាស​ថា គេ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​នូវ​ទីតាំង​ចំនួន​ពីរ​កន្លែង នៅ​ប្រទេស​កម្ពុជា នៅ​តាម​បណ្ដោយ​ប្រាសាទ​ព្រះវិហារ នៅ​ពេល​កង​ទ័ព​ទាំង​ពីរ កម្ពុជា-ថៃ បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​ជា​ទ្រង់​ទ្រាយ​ធំ​កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ​២០១១ គេ​រក​ឃើញ​ថា ថៃ​ពិត​ជា​បាន​បាញ់​គ្រាប់​បែក​ចង្កោម​ចូល​មក​ទឹក​ដី​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​សរសេរ​ថា នេះ​ជា​លើក​ទី​១ ចំពោះ​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​នៅ​លើ​ពិភព​លោក ចាប់​តាំង​អនុសញ្ញា​ស្ដីពី​គ្រាប់​បែក​ចង្កោម​ឆ្នាំ​២០០៨ បាន​ចូល​ជា​ធរមាន និង​បាន​ក្លាយ​ជា​ច្បាប់​អន្តរ​ជាតិ ដែល​គេ​ហាម​ឃាត់​ប្រើ​ប្រាស់​នោះ។

នៅ​ខណៈ​ដែល​កង​ទ័ព​កម្ពុជា-ថៃ បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា កាល​ពី​ខែ​កុម្ភៈ​នោះ បាន​បណ្ដាល​ឲ្យ​ជន​ស៊ីវិល និង​ទាហាន​កម្ពុជា​ស្លាប់​ចំនួន ៧​នាក់ និង​របួស​ប្រមាណ ៣០​នាក់។

លោក ហេង រតនា បាន​ពន្យល់​អំពី​ប្រភេទ​គ្រាប់​បែក​ចង្កោម ដែល​ពិភព​លោក​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ប្រាស់​នោះ​ថា វា​ជា​ប្រភេទ​គ្រាប់​ដែល​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បំផុត។

ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​បាន​បញ្ជាក់​ក្នុង​របាយ​ការណ៍​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​៥ មេសា នៅ​ទីក្រុង​ហ្សឺណែវ ថា​ថៃ​បាន​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ប្រភេទ ១៥៥​មិល្លីម៉ែត្រ​នេះ គឺ​សម្រាប់​ការពារ​ខ្លួន ហើយ​ការ​ប្រើប្រាស់​អាវុធ​ហាម​ឃាត់​នេះ វា​សម​ស្រប​ទៅ​តាម​ក្រម​សីលធម៌​របស់​កង​ទ័ព​ថៃ ដោយ​សារ​កង​ទ័ព​កម្ពុជា​បាន​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​ជន​ស៊ីវិល​ថៃ។

ទោះ​ជា​មាន​ការ​អះ​អាង​ពី​អគ្គ​រដ្ឋ​ទូត​ថៃ​ដូច្នេះ​ក្ដី អង្គការ​សម្ព័ន្ធ​ប្រឆាំង​គ្រាប់​បែក​ចង្កោម​បាន​ព្រមាន​ថា ជន​ស៊ីវិល​កម្ពុជា​រាប់​ពាន់​នាក់ នឹង​ប្រឈម​គ្រោះ​ថ្នាក់​ដល់​ជីវិត និង​រង​របួស​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​អាវុធ​មិន​ទាន់​ផ្ទុះ​អស់​ពី​គ្រាប់​បែក​ចង្កោម​នេះ។

នាយក​អង្គការ​សម្ព័ន្ធ​គ្រាប់​បែក​ចង្កោម លោក​ស្រី ឡូរ៉ា ជេស៊ីមេន (Luara Chesseman) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា វា​ជា​រឿង​ដ៏​រន្ធត់​ដែល​ប្រទេស​ណា​មួយ​បាន​ងាក​ទៅ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម បន្ទាប់​ពី​សហគមន៍​អន្តរ​ជាតិ​បាន​ហាមឃាត់​ការ​ប្រើប្រាស់។ លើស​ពី​នេះ​ទៀត ប្រទេស​ថៃ​ក៏​ជា​ប្រទេស​ដែល​នាំ​មុខ​គេ​ក្នុង​ការ​ដាក់​បម្រាម​លើ​ការ​ប្រើ​ប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ដែរ ផ្ទុយ​ទៅ​វិញ ប្រទេស​ថៃ​គ្មាន​ស្មារតី​ទាល់​តែសោះ ដែល​ខ្លួន​បាន​ប្រើ​អាវុធ​ដែល​គេ​ហាម​ឃាត់​នេះ ដើម្បី​សម្លាប់ និង​ធ្វើ​ឲ្យ​ជន​ស៊ីវិល​រង​របួស។

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ប្រតិកម្ម​ថា ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កង​ទ័ព​កម្ពុជា-ថៃ គឺ​ភាគី​ថៃ​បាន​ប្រើ​អាវុធ​ធន​ធ្ងន់ ដូច​ជា​គ្រាប់​បែក​ចង្កោម​នេះ បាន​ធ្វើ​ឲ្យ​ខួច​ខាត​ប្រាសាទ​ព្រះវិហារ​យ៉ាង​ធំ​ធេង ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ លោក​បាន​ថ្កោល​ទោស​ប្រទេស​ថៃ​ថា ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ឆ្នាំ​១៩៥៤ និង​ឆ្នាំ​១៩៧២ ស្ដីពី​កិច្ច​ការពារ​សម្បត្តិ​វប្បធម៌ និង​បេតិកភណ្ឌ​ពិភពលោក ប៉ុន្តែ​ថៃ​បាន​រំលោភ​ទៅ​លើ​អនុ​សញ្ញា​នេះ​ទៅ​វិញ។

ប្រទេស​កម្ពុជា និង​ថៃ មិន​ទាន់​បាន​ចុះ​ហត្ថ​លេខា​ចូល​ជា​សមាជិក​ជា​មួយ​ប្រទេស​ចំនួន​១០៨ ផ្សេង​ទៀត នៃ​អនុសញ្ញា​ស្ដីពី​ការ​ប្រឆាំង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​នៅ​ឡើយ​ទេ ដែល​អនុ​សញ្ញា​នេះ​បាន​ចូល​ជា​ធរមាន ជា​ច្បាប់​អន្តរ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១០ ក្នុង​ទិសដៅ​ហាម​ឃាត់​ការ​ផលិត ការ​ស្តុក​ទុក ការ​ប្រើប្រាស់ និង​ការ​ផ្ទេរ​គ្រាប់​បែក​ចង្កោម​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។

ទោះ​ជា​កម្ពុជា​មិន​ទាន់​ចូល​ជា​សមាជិក​នៃ​អនុ​សញ្ញា​ស្ដីពី​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​នេះ​ក្ដី លោក ហេង រតនា បាន​បញ្ជាក់​ថា កម្ពុជា​បាន​រាយ​ការណ៍​ទៅ​សហគមន៍​អន្តរ​ជាតិ​អំពី​ជំហរ​កម្ពុជា​រួច​ហើយ​ថា កម្ពុជា​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​នៃ​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​នេះ។

លោក ហេង រតនា បាន​អះអាង​ថា កម្ពុជា​ជា​ប្រទេស​រង​គ្រោះ​ទី​ពីរ​ហើយ ដោយ​សារ​គ្រាប់​បែក​ចង្កោម បន្ទាប់​ពី​ទទួល​រង​គ្រោះ​នៃ​សង្គ្រាម​រវាង​វៀតណាម និង​សហ​រដ្ឋ​អាមេរិក ដែល​សហ​រដ្ឋ​អាមេរិក​បាន​ទម្លាក់​ទៅ​លើ​ប្រទេស​វៀតណាម ហើយ​ចូល​មក​ទឹក​ដី​កម្ពុជា​នៅ​តាម​បណ្ដោយ​ខែត្រ​ជាប់​នឹង​ព្រំដែន​វៀតណាម រួម​មាន​ខែត្រ​ព្រៃវែង កំពង់ចាម និង​ខែត្រ​ក្រចេះ ប៉ុន្តែ​កន្លង​កម្ពុជា​បាន​ធ្វើ​ការ​បោសសម្អាត​គ្រាប់​បែក​ចង្កោម​នេះ​យក​ចេញ​ពី​តំបន់​ទាំង​នោះ​ជា​បន្ត​បន្ទាប់ ទោះ​បី​ជា​កម្ពុជា​មិន​ទាន់​ចុះ​ហត្ថ​លេខា​ក៏​ដោយ។

គេ​សង្កេត​ឃើញ​ថា គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា និង​គណៈប្រតិភូ​ថៃ មិន​បាន​ទទួល​ជោគជ័យ​ទេ នៅ​ក្នុង​ការ​ពិភាក្សា​ចរចា​គ្នា ដើម្បី​រក​ច្រក​ចេញ​អំពី​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​នេះ ដែល​ធ្វើ​ឡើង​នៅ​ប៊ូហ្គូ (Bogor) នៃ​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​៧-៨ មេសា កន្លង​ទៅ ដោយ​សារ​តែ​ភាគី​ថៃ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ។

ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​មិន​បាន​សម្រេច​នេះ ត្រូវ​បាន​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ងាយ​កើត​មាន​ទៀត​ជា​ថ្មី នៅ​ពេល​ខាង​មុខ ដោយសារ​ថា កង​ទ័ព​ទាំង​ពីរ​កំពុង​ត្រៀម​នៅ​ខ្សែ​ប្រយុទ្ធ​រៀង​ៗ​ខ្លួន។

យ៉ាង​នេះ​ក្តី លោក សុខ ទូច បាន​អំពាវនាវ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​នេះ ហើយ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ថៃ ដូច​ទៅ​នឹង​អង្គការ​សហ​ប្រជា​ជាតិ​បាន​ដាក់​គំនាប​ទៅ​លើ​ប្រទេស​នៅ​ប៉ែក​មជ្ឈិម​បូព៌ា​ដូច្នេះ​ដែរ ព្រោះ​ថា​ប្រទេស​ថៃ​ជា​ប្រទេស​ហត្ថ​លេខី​នៃ​សិទ្ធិ​សញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ដែរ​នោះ។

លោក សុខ ទូច ក៏​បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​របស់​ថៃ មក​លើ​ទឹក​ដី​កម្ពុជា​នេះ គឺ​ជា​ចេតនា​របស់​ថៃ ក្នុង​ការ​បំផ្លាញ​កម្ពុជា និង​ជីវិត​ប្រជា​ពល​រដ្ឋ​ស៊ីវិល​របស់​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដាក់​គំនាប​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ថៃ ព្រោះ​ថា​ថៃ​បាន​នាំ​ចូល​ផលិត​ផល​ជា​ច្រើន​មក​លក់​នៅ​ផ្សារ​កម្ពុជា ហើយ​សហគមន៍​អន្តរ​ជាតិ​ក៏​ត្រូវ​ដាក់​គំនាប​ទៅ​លើ​ប្រទេស​ថៃ​ដូច្នោះ​ដែរ។

អាជ្ញាធរ​ជាតិ​កម្ចាត់​មីន​កម្ពុជា មិន​ទាន់​កំណត់​បាន​នៅ​ឡើយ​ទេ ថា​តើ​គ្រាប់​បែក​ចង្កោម​ចំនួន​ប៉ុន្មាន​គ្រាប់​ដែល​ថៃ​បាន​បាញ់​ចូល​មក​ទឹក​ដី​កម្ពុជា នៅ​លើ​ទំហំ​ផ្ទៃ​ដី​ប៉ុន្មាន​គីឡូ​ម៉ែត្រ​នោះ។ ប៉ុន្តែ​គេ​បាន​ឲ្យ​ដឹង​ថា ការ​បាញ់​គ្រាប់​ប្រភេទ ១៥៥​មិល្លីម៉ែត្រ​នោះ វា​ប៉ះ​ពាល់​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ៣​ហិកតារ។

អាជ្ញាធរ​ជាតិ​កម្ចាត់​មីន និង​អង្គការ​សម្ព័ន្ធ​ប្រឆាំង​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម ក៏​បាន​ស្នើ​ឲ្យ​ភាគី​ថៃ ផ្ដល់​ព័ត៌មាន​ផង​ដែរ តើ​នៅ​កន្លែង​ណា​ខ្លះ​ដែល​ទាហាន​ថៃ​បាន​បាញ់​គ្រាប់​បែក​ចង្កោម​នោះ ដើម្បី​ងាយ​ស្រួល​ធ្វើ​ការ​បោស​សំអាត បើ​មិន​ដូច្នោះ​ទេ ប្រជា​ពល​រដ្ឋ​ស៊ីវិល​កម្ពុជា​នឹង​គ្រោះ​ថ្នាក់​ដោយ​សារ​តែ​គ្រាប់​ទាំង​នោះ​កាន់​តែ​ច្រើន។

រហូត​មក​ទល់​ពេល​នេះ ទាំង​លោក ហេង រតនា ទាំង​លោក ផៃ ស៊ីផាន មិន​ទាន់​បញ្ជាក់​បាន​ទេ ថា​តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់​វិធានការ​យ៉ាង​ណា​ទៀត ចំពោះ​ប្រទេស​ថៃ ដែល​បាន​បាញ់​គ្រាប់​បែក​ចង្កោម ចូល​មក​ទឹក​ដី​កម្ពុជា ដែល​ជា​ប្រភេទ​អាវុធ​ដែល​ត្រូវ​បាន​ហាម​ឃាត​ដោយ​ច្បាប់​អន្តរ​ជាតិ​នោះ៕