ពលរដ្ឋ​នៅ​ឃុំ​ដាច់​ស្រយាល​ថា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មិន​បាន​អនុវត្ត​វិស័យ​អាទិភាព

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល = Comfrel) នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ ធ្វើ​សិក្ខាសាលា​ស្ដីពី "ពង្រឹង​សំឡេង​ម្ចាស់​ឆ្នោត​ក្នុង​ឃុំ​ដាច់​ស្រយាល និង​ឃុំ​ជន​ជាតិ​ដើម​ភាគ​តិច" ដើម្បី​កំណត់​តម្រូវ​ការ​ជា​អាទិភាព និង​ទាម​ទារ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​តំណាង​រាស្ត្រ​អាណត្ត​ក្រោយៗ យក​ចិត្ត​ទុក​ដាក់​អនុវត្តន៍​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​បាន​ដោយ​ជោគជ័យ។
ដោយ ទេព សុរ៉ាវី
2012-12-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សំឡេង​ម្ចាស់​ឆ្នោត ៣០៥
ប្រជាពលរដ្ឋ តំណាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​គណបក្ស​នយោបាយ​ចូល​រួម​ក្នុង​សិក្ខាសាលា​ស្ដីពី "ពង្រឹង​សំឡេង​ម្ចាស់​ឆ្នោត​ក្នុង​ឃុំ​ដាច់​ស្រយាល​និង​ឃុំ​ជន​ជាតិ​ដើម​ភាគ​តិច" នៅ​សណ្ឋាការ​អ៊ីមផឺរៀល (Imperial Hotel) កាល​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Tep Soravy

ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នៅ​ឃុំ​ដាច់​ស្រយាល និង​ឃុំ​ជន​ជាតិ​ដើម​ភាគ​តិច វាយ​តម្លៃ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន​ថា​មិន​បាន​អនុវត្ត ឬ​អនុវត្ត​មិន​បាន​ពេញលេញ​នូវ​វិស័យ​អាទិភាព​របស់​ឃុំ-សង្កាត់។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ថ្លែង​នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១២ ថា​ជា​លទ្ធផល​នៃ​គម្រោង​ពង្រឹង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​ឃុំ​ដាច់​ស្រយាល និង​ឃុំ​ជន​ជាតិ​ដើម​ភាគ​តិច រក​ឃើញ​វិស័យ​អាទិភាព​ចំនួន​២១ ដែល​អ្នក​ភូមិ​ជា​ម្ចាស់​ឆ្នោត​បាន​លើក​ឡើង​តាម​ការ​ដាក់​ពិន្ទុ​វាយ​តម្លៃ​លើ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​ពួក​គេ​នៅ​តាម​មូលដ្ឋាន។

វិស័យ​អាទិភាព​ទាំង​នោះ​រួម​មាន ទី១ មណ្ឌល​សុខភាព ប៉ុស្តិ៍​សុខភាព អណ្ដូង​ទឹក ឥណទាន​ជនបទ ពេទ្យ​ឆ្មប រថយន្ត​សង្គ្រោះ ម៉ូតូ​កង់​បី គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ។ ទី២ ការ​សាងសង់​ផ្លូវ ជួស​ជុល​ផ្លូវ ដាក់​លូ និង​ស្ពាន។ ទី៣ ការ​ស្នើសុំ​ម៉ាស៊ីន​គោយន្ត វគ្គ​បណ្ដុះ​បណ្ដាល​កសិកម្ម ពូជ​ស្រូវ ឧបករណ៍​កសិកម្ម។ ទី៤ ការ​សាង​សង់​សាលា​រៀន និង​គ្រូ​បង្រៀន សាលា​ប្រជុំ​ភូមិ សាង​សង់​ព្រះវិហារ និង​សាលា​ឆាន់។ល។

ទោះ​ជា​យ៉ាង​ណា វិស័យ​អាទិភាព​ទាំង​នោះ​មាន​ពលរដ្ឋ​ប្រមាណ ៦០% បាន​វាយ​តម្លៃ​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន​មិន​បាន​អនុវត្តន៍ ឬ​អនុវត្តន៍​មិន​ពេញ​លេញ។ ក្រៅ​ពី​នេះ មាន​ប្រមាណ ៣០% វាយ​តម្លៃ​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បាន​អនុវត្តន៍​ខ្លះៗ។

លោក គល់ បញ្ញា បញ្ជាក់​ថា ចំពោះ​សេវា​សំខាន់ៗ​មួយ​ចំនួន រួម​មាន​សេវា​សុខភាព សេវា​ផ្តល់​អត្តសញ្ញាណប័ណ្ណ ការ​ដោះស្រាយ​ទំនាស់​ដីធ្លី ប្រជាពលរដ្ឋ​ផ្តល់​ពិន្ទុ​តិច​តួច​ចំពោះ​ការ​អនុវត្ត​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​ទាម​ទារ​ឲ្យ​ថ្នាក់​ជាតិ ឬ​តំណាង​រាស្ត្រ ជួយ​ដោះស្រាយ។

លោក គល់ បញ្ញា៖ «ការ​ដោះស្រាយ​នៅ​ថ្នាក់​មូលដ្ឋាន ប្រហែល​វា​មិន​អាច​ដោះស្រាយ​បាន​ទេ ដោយ​សារ​តែ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ប៉ុន្តែ​ប្រហែល​ជា​ត្រូវ​ការ​ឆ្លើយ​តប​ពី​ខាង​គណបក្ស​នយោបាយ​ដែរ ជាពិសេស​ពី​រដ្ឋាភិបាល​ថ្នាក់​ជាតិ ហើយ​នៅ​ក្នុង​សិក្ខាសាលា​នេះ យើង​ក៏​ចង់​ឲ្យ​តំណាង​គណបក្ស​នយោបាយ​អ្នក​ដែល​ចូល​រួម​ការ​ប្រកួត​ប្រជែង​កា​របោះ​ឆ្នោត​នៅ​ថ្នាក់​ជាតិ​ខាង​មុខ​នេះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​គេ​បាន​លើក​ឡើង»

អង្គការ​ខុមហ្វ្រែល បាន​ជ្រើសរើស ១០០​ឃុំ ក្នុង​ចំណោម​ជាង ១ពាន់​ឃុំ-សង្កាត់ សម្រាប់​អនុវត្ត​គម្រោង​ពង្រឹង​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នៅ​តំបន់​ដាច់​ស្រយាល និង​ជន​ជាតិ​ដើម​ភាគ​តិច។

លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) សន្និដ្ឋាន​ថា លទ្ធផល​វាយ​តម្លៃ​ដែល​អង្គការ​ខុមហ្វ្រែល រក​ឃើញ មាន​ភាព​សុក្រឹត​ខ្ពស់​អាច​ទទួល​យក​បាន។ លោក​បន្ត​ថា តាម​ការ​វាយ​តម្លៃ​នោះ​បង្ហាញ​ថា ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​បាន​ពេញ​ចិត្ត​ពេញ​ថ្លើម​ចំពោះ​គោល​នយោបាយ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ។ ប៉ុន្តែ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​ជាប់​ឆ្នោត​រួច បាន​ឆ្លើយ​តប​តិច​តួច​តាម​គោល​នយោបាយ​របស់​ខ្លួន ដែល​នេះ​បង្ហាញ​ពី​ការ​បរាជ័យ​យ៉ាង​ធ្ងន់​សម្រាប់​អ្នក​នយោបាយ៖ «ការ​រក​ឃើញ​របស់​អង្គការ​ខុមហ្វ្រែល ជា​ឧបករណ៍​មួយ​ការ​ពិត​សម្រាប់​អ្នក​នយោបាយ​នៅ​ក្នុង​ឱកាស​នេះ ពេល​ដែល​ខ្លួន​បាន​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​ខ្លួន ក្នុង​ការ​អនុវត្ត និង​ផែនការ​យន្តសាស្ត្រ​សម្រាប់​អូស​ទាញ​សន្លឹក​ឆ្នោត​នៅ​ឆ្នាំ​២០១៣»

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល បញ្ជាក់​ថា លទ្ធផល​វាយ​តម្លៃ​ពី​កង្វះ​ខាត​ដែល​គណបក្ស​នយោបាយ​មិន​អាច​អនុវត្ត​បាន​នៅ​ថ្នាក់​មូលដ្ឋាន អាច​ក្លាយ​ជា​សន្ទស្សន៍​មួយ​វាស់វែង​សម្រាប់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត និង​អនុវត្ត​តាម​ការ​សន្យា។

ទោះ​ជា​យ៉ាង​ណា គណបក្ស​នយោបាយ​អាច​យក​តម្រូវ​ការ​ជា​អាទិភាព​ដែល​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​គ្មាន​លទ្ធភាព​ដោះស្រាយ ដូច​ជា​សេវា​ផ្តល់​អត្តសញ្ញាណប័ណ្ណ ឬ​ទំនាស់​ដីធ្លី​ធ្វើ​ជា​កម្មវិធី​គោល​នយោបាយ​សម្រាប់​ឃោសនា​ការ​បោះ​ឆ្នោត ឬ​ប្រកួត​ប្រជែង​សន្យា​ថ្មី សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

bath Angkor

They have paper they don't have budget from goverment.if no money they can't do nothing to people.Please !!!!!!!! waite until some top goverment they will be passed away soon.Ok

Dec 26, 2012 02:16 AM