មន្ត្រី​ជំនាញ៖ អាកាស​ធាតុ​រដូវ​រងា​នឹង​ធ្លាក់​ចុះ​ដល់ ១៦​អង្សា​សេ

មន្ត្រី​ជំនាញ​អាកាសធាតុ អះអាង​ថា រដូវ​រងា​ខែ​កត្តិក នៅ​ឆ្នាំ​២០១២ យឺត​ជាង​ឆ្នាំ​កន្លង​ទៅ។ ប៉ុន្តែ​អាកាស​ធាតុ​ឆ្នាំ​នេះ នឹង​ត្រជាក់​ខ្លាំង​នៅ​តំបន់​ភ្នំ ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ជាប់​ព្រំដែន​ថៃ ក្នុង​អំឡុង​ពេល​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១២ ចូល​ឆ្នាំ​២០១៣។
ដោយ អ៊ុក សាវបូរី
2012-12-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សីតុណ្ហភាព​ត្រជាក់ នឹង​ធ្លាក់​ចុះ​ចន្លោះ​ពី ១៦ ទៅ ១៩​អង្សា​សេ នៅ​ពេល​យប់ និង​ពេល​ព្រឹក។ បញ្ហា​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ដូច្នេះ ធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រុង​ប្រៀប​ការពារ​សុខភាព​កង​ទាហាន​ខ្មែរ ដែល​កំពុង​ឈរ​ជើង​ការពារ​ទឹកដី​តាម​បណ្ដោយ​ព្រំ​ដែន​ខ្មែរ-ថៃ ឲ្យ​បាន​ទាន់​ពេល​វេលា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១២ បញ្ជា​ឲ្យ​មេ​ទាហាន មេ​ប៉ូលិស យក​អាវ​រងា​ច្រើន​ម៉ឺន​អាវ ចែក​ឲ្យ​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន​កម្ពុជា-ថៃ និង​ព្រំដែន​កោះ​នៃ​ប្រទេស​កម្ពុជា ជា​បន្ទាន់ ដើម្បី​បង្ការ​នូវ​អាកាស​ធាតុ​ត្រជាក់​ខ្លាំង បន្ទាប់​ពី​ក្រសួង​ធនធាន​ទឹក​ប្រកាស​ពី​អាកាស​ធាតុ​ប្រែប្រួល នាំ​ឲ្យ​ត្រជាក់​ខ្លាំង​នៅ​ដំណាច់​ឆ្នាំ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ខាង​មុខ​នេះ។

លោក​បញ្ជា​ដូច្នេះ នៅ​ក្នុង​ពិធី​សម្ពោធ​បើក​រោងចក្រ​ផលិត​ជី​កសិកម្ម អ៊ិន.ប៉េ.កា (NPK) នៅ​ខេត្ត​កណ្ដាល៖ «បញ្ជូន​ទៅ​កាន់​កងទ័ព​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ និង​តាម​តំបន់​កោះ​ជា​បន្ទាន់។ បញ្ជូន​អាវ​រងា អាវ​រងា​បើក​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​គិត​ថា​នឹង​ត្រូវ​បន្ថែម​ជូន​កងទ័ព នគរបាល និង​អាវុធហត្ថ​ដែល​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ក្រោម​កម្រិត បួន​ប្រាំ​ម៉ឺន ឬ​៦ម៉ឺន​អាវ ដែល​ត្រូវ​បញ្ជូន ហើយ​និង​តាម​បណ្ដា​កោះ​ដែល​កំពុង​នៅ​លើ​កោះ ព្រោះ​រដូវ​រងា គ្រាន់​តែ​ចាប់​ផ្ដើម​ធ្លាក់ៗ​គ្រឹប​តែ​ម្តង»

ក្រសួង​ធនធាន​ទឹក​ប្រកាស​ថា អាកាស​ធាតុ​ប្រែប្រួល នាំ​ឲ្យ​សីតុណ្ហភាព​នៅ​ប្រទេស​កម្ពុជា ត្រជាក់​ខ្លាំង​នៅ​តំបន់​ភ្នំ ចាប់​ពី​ថ្ងៃ​ទី២៤ ខែ​ធ្នូ មក ហើយ​នឹង​ឡើង​ក្តៅ​បន្តិច​វិញ នៅ​ក្រោយ​ថ្ងៃ​ទី២៦ ធ្នូ។ ប៉ុន្តែ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ និង​ដើម​ខែ​មករា ឆ្នាំ​២០១៣ អាកាស​ធាតុ​នឹង​ត្រជាក់​វិញ។

អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក អ៊ុំ រីណា ថ្លែង​នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ ថា អាកាស​ធាតុ​ប្រែប្រួល នាំ​ឲ្យ​ខ្យល់​ត្រជាក់​ធ្លាក់​យឺត​ជាង​ឆ្នាំ​២០១១។ ប៉ុន្តែ​វា​នឹង​ត្រជាក់​ខ្លាំង​អំឡុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ធ្វើ​ឲ្យ​តំបន់​ភ្នំ ពិសេស​នៅ​ភ្នំ​ដងរែក អាច​ត្រជាក់​នា​ពេល​ព្រលឹម និង​ពេល​យប់។ ចំណែក​តំបន់​សមុទ្រ មាន​កម្ដៅ​ជាង​នៅ​តំបន់​ភ្នំ គឺ​ចន្លោះ​ពី ២២ ទៅ ៣២​អង្សា​សេ។

លោក អ៊ុំ រីណា៖ «ក្នុង​ហ្នឹង មាន​ខេត្ត​មួយ​ចំនួន​នៅ​ជាប់​នឹង​ជើង​ភ្នំ​ដងរែក តំបន់​ខ្ពង់​រាប​ពី​ខេត្ត​កំពង់ធំ ឡើង​ទៅ​លើ​ស្ថានភាព​ដូច​រៀង​ទាប​ជាង​ដែរ។ ហើយ​ជាពិសេស​នៅ​លើ​ភ្នំ​ដងរែក ខេត្ត​ព្រះវិហារ នោះ វា​អាច​សីតុណ្ហភាព​ទាប​នៅ​ពេល​ព្រឹក និង​ពេល​យប់ វា​អាច​ទាប​បំផុត​វា​អាច​ធ្លាក់​ដល់ ១៦ ទៅ ១៧​អង្សា ជាពិសេស​នៅ​ពេល​ព្រឹក ហើយ​និង​ពេល​យប់។ តែ​ដល់​ពេល​ថ្ងៃ វា​អាច​ឡើង​ដល់ ២៣ ២៤ អា​ហ្នឹង​សម្រាប់​តំបន់​ភ្នំ។ តែ​សម្រាប់​តំបន់​ផ្សេង​ទៀត​ហ្នឹង វា​កម្រិត​ខ្ទង់ ១៨ ពេល​យប់ ហើយ​ដល់​ពេល​ព្រឹក​ទៅ​ដល់​ពេល​រសៀល វា​ខ្ទង់ ២៦ ទៅ ២៧»

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មេ​បញ្ជាការ​ទាំង​អស់ ប្រញាប់​ដឹក​ជញ្ជូន​ភួយ អាវ​រងា ចែក​ជូន​ដល់​កង​ទាហាន​នៅ​តាម​តំបន់​កោះ និង​ព្រំដែន​ឲ្យ​បាន​ឆាប់ មុន​ពេល​ដែល​ធាតុ​អាកាស​ត្រជាក់​ធ្លាក់​មក​ដល់។ លោក​បន្ថែម​ថា ចំពោះ​មនុស្ស​ចាស់ និង​កុមារ ជាពិសេស​មនុស្ស​ចាស់​ដែល​គ្មាន​កូន​ចៅ​ជួយ​ថែ​រក្សា សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ថែ​ទាំ កុំ​ឲ្យ​អាកាស​ធាតុ​រងា អាច​ឲ្យ​ចាស់ៗ​រងា​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល